“ភាពជាអ្នកដឹកនាំ" ត្រូវបានគេដាក់និយមន័យផ្សេងៗគ្នា ទៅតាមបុព្វបទខុសៗគ្នា។ អ្នកខ្លះសំដៅទៅលើប្រមុខរដ្ឋ អ្នកនយោបាយ ប្រធានក្រុមហ៊ុន ។ល។ អ្នកជំនាញលើភាពជាអ្នកដឹកនាំលោក James McGregor Burns បានណែនាំផ្នត់គំនិតស្តីពីភាពជាអ្នកដឹកនាំសម័យថ្មីក្នុងសៀវភៅរបស់លោកនាឆ្នាំ ១៩៧៨ ចំណងជើងថា "ភាពជាអ្នកដឹកនាំ" ដោយឲ្យអត្ថន័យថា ជាដំណើរការដែលអ្នកដឹកនាំ និងអ្នកដើរតាមក្រមសីលធម៌ និងការលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យបានប្រសើរជាងមុន។ ភាពជាអ្នកដឹកនាំល្អគួរមាន ៤ ចំណុចខាងក្រោម៖
១៖ បង្កើតចក្ខុវិស័យដ៏មានន័យនៃអនាគត
ក្នុងវិស័យជំនួញ ចក្ខុវិស័យគឺមានភាពពិតប្រាកដ អាចជឿទុកចិត្ត និងអាចកំណត់កន្លែងដែលអ្នកចង់ទៅដល់នៅអនាគត។ ចក្ខុវិស័យផ្តល់ជាទិសដៅ កំណត់អាទិភាព និងការវាស់ស្ទង់ ដូច្នេះអ្នកអាចដឹងបានថា អ្នកបានសម្រេចអ្វីដែលអ្នកចង់សម្រេចឬអត់។
ដើម្បីបង្កើតចក្ខុវិស័យបាន អ្នកដឹកនាំផ្តោតសំខាន់ទៅលើភាពខ្លាំងរបស់ស្ថាប័នខ្លួនដោយប្រើប្រាស់វិធីនានាដើម្បីវិភាគទៅលើស្ថានភាពបច្ចុប្បន្ន។ អ្នកដឹកនាំត្រូវប្រមើលថា តើវិស័យដែលខ្លួនកំពុងដើរនឹងលេចចេញជារូបរាងបែបណានៅអនាគត ហើយតើដៃគូប្រកួតប្រជែងនឹងធ្វើអ្វី។
បន្ថែមពីនេះ អ្នកដឹកនាំក៏គិតដល់ថា តើពួកគេគួរច្នៃបង្កើតបែបណាទើបអាចជោគជ័យ និងអាចសម្រួចមុខជំនួញ និងយុទ្ធសាស្ត្រឲ្យសមស្របនឹងទីផ្សារអនាគត។
ពួកគេច្រើនធ្វើតេស្តចក្ខុវិស័យរបស់ខ្លួនឯង តាមរយៈការស្រាវជ្រាវទីផ្សារមួយដ៏សមស្រប និងវាយតម្លៃហានិភ័យចម្បងដោយប្រើយុទ្ធសាស្ត្រការវិភាគស៊ីណារីយ៉ូជាដើម។ ដូច្នេះភាពជាអ្នកដឹកនាំនៅចំណុចដំបូងនេះគឺ ការរិះរកដំណោះស្រាយ ការប្រមើលមើលមុនដោយគិតថា អ្វីដែលខ្លួនមានគឺមិនទាន់ល្អគ្រប់គ្រាន់នៅឡើយ។ តែចក្ខុវិស័យត្រូវបង្កើតឡើងដោយមានតម្លៃឲ្យអ្នកដើរតាមយល់ថា ត្រឹមត្រូវ និងពោរពេញដោយថាមពលចង់អនុវត្តដែរ។
២៖ ជំរុញ និងលើកទឹកចិត្ត
ចក្ខុវិស័យច្បាស់លាស់ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃភាពជាអ្នកដឹកនាំ។ តែមេដឹកនាំត្រូវមានសមត្ថភាពជំរុញ និងលើកទឹកចិត្តក្រុមឲ្យសម្រេចចក្ខុវិស័យនោះ។ ជាធម្មតានៅដំណាក់កាលដំបូងមនុស្សគ្រប់គ្នាហាក់រីករាយនឹងធ្វើការងាររបស់ខ្លួនជាខ្លាំង តែក្រោយធ្វើបានមួយរយៈមនុស្សម្នាក់ៗហាក់បែកគំនិតគិតថា គួរធ្វើបែបនេះ គួរធ្វើបែបនោះទើបល្អតាមគំនិតរៀងៗខ្លួន។ អ្នកដឹកនាំត្រូវស្គាល់ចំណុចនេះ ហើយប្រឹងប្រែងធ្វើយ៉ាងណាដើម្បីទាញពួកគេចូលមកវិញ និងផ្សារភ្ជាប់ចក្ខុវិស័យរបស់ខ្លួនជាមួយនឹងតម្រូវការ គោលដៅ និងការជំរុញចិត្តរបស់បុគ្គលិកម្នាក់ៗ។
ចំណុចគន្លឹះមួយក្នុងការធ្វើរឿងនេះគឺ តាមរយៈទ្រឹស្ដីរំពឹងទុក។ អ្នកដឹកនាំខ្លាំង ភ្ជាប់ការរំពឹងទុកពីរបញ្ចូលគ្នា៖ ១៖ ការរំពឹងទុកថា ការខិតខំប្រឹងប្រែងនឹងនាំទៅរកលទ្ធផលល្អ និង ២៖ ការរំពឹងទុកថា លទ្ធផលល្អនឹងនាំទៅរកការផ្ដល់រង្វាន់ និងការលើកទឹកចិត្តនានា។
កូនក្រុមធ្វើការចង់បានជោគជ័យ ព្រោះពួកគេរំពឹងបានមកវិញនូវរង្វាន់ និងការលើកទឹកចិត្តទាំងផ្នែកខាងក្នុង និងខាងក្រៅ។ ត្រង់ចំណុចការជំរុញលើកទឹកចិត្តនេះ អ្នកដឹកនាំដែលមានថាមពលជំនាញក៏នឹងធ្វើឲ្យក្រុមដើរតាមខ្លួនដែរ។
កូនក្រុមតែងសរសើរ និងជឿជាក់លើមេដឹកនាំប្រភេទនេះ ព្រោះពួកគេខ្លាំង និងមានជំនាញច្បាស់លាស់លើរឿងដែលខ្លួនធ្វើ។ អ្នកដឹកនាំប្រភេទនេះមានការជឿទុកចិត្ត ហើយទទួលបានការគោរពពេលនិយាយឲ្យនរណាម្នាក់ស្ដាប់ ឬប្រតិបត្តិតាម ហើយជាធម្មតាពួកគេមានភាពងាយស្រួលក្នុងការជំរុញ និងលើកទឹកចិត្តមនុស្សដែលដើរតាម។
អ្នកដឹកនាំត្រូវចេះជំរុញលើកទឹកចិត្ត និងធ្វើឲ្យមនុស្សក្រោមបង្គាប់ដើរតាមខ្លួនដោយស្រឡាញ់ដោយធ្វើឲ្យពួកគេជឿថា ការធ្វើការងារបានល្អនឹងផ្ដល់ឲ្យពួកគេវិញនូវរង្វាន់លើកទឹកចិត្តនានា។ តែអ្នកដឹកនាំដែលល្អ មិនចាំបាច់មានចំណុចនេះក៏អាចធ្វើឲ្យមនុស្សជុំវិញដើរតាមខ្លួនបានដែរ។
៣៖ ធានាការសម្រេចបាននៃចក្ខុវិស័យ
ផ្នែកមួយនៃភាពជាអ្នកដឹកនាំត្រង់នេះគឺពាក់ព័ន្ធនឹងការគ្រប់គ្រង។ អ្នកដឹកនាំត្រូវធ្វើឲ្យប្រាកដថា ការងារដែលត្រូវធ្វើដើម្បីសម្រេចចក្ខុវិស័យបានគឺ ត្រូវបានគ្រប់គ្រងដោយត្រឹមត្រូវ មិនថា ដោយខ្លួនឯងផ្ទាល់ ប្រធានផ្នែកក្រោមបង្គាប់ ឬអ្នកដឹកនាំក្រុមណាដែលអ្នកបានចែករំលែកទំនួលខុសត្រូវឲ្យទេ។ អ្នកដឹកនាំត្រូវអង្កេតមើលថា តើចក្ខុវិស័យរបស់ខ្លួនត្រូវបានសម្រេចដោយជោគជ័យឬអត់។
ដើម្បីសម្រេចវាបាន សមាជិកក្រុមម្នាក់ៗត្រូវមានគោលដៅលទ្ធផលការងារជាក់លាក់ដែលអាចភ្ជាប់គ្នាដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យរួមបាន។ ជារឿយៗនៅតាមក្រុមហ៊ុន ឬស្ថាប័ននានាច្រើនប្រើទម្រង់វាយតម្លៃសមត្ថភាពការងារ (KPI) ដើម្បីប្រមើលមើលពីការសម្រេចបាននៃចក្ខុវិស័យរបស់ខ្លួន។ យុទ្ធសាស្ត្រនេះគឺដើម្បីធានាឲ្យច្បាស់ថា អ្វីដែលគួរមាននៅពេលខាងមុខ អ្វីដែលកំពុងកើតមានក្នុងពេលឥលូវ ហើយបើខុសពីចក្ខុវិស័យគួរធ្វើការផ្លាស់ប្ដូរបែបណា។
៤៖ បង្រៀន និងបង្កើតក្រុមដើម្បីសម្រេចចក្ខុវិស័យ
ការអភិវឌ្ឍបុគ្គល និងក្រុមគឺជាសកម្មភាពភាពដ៏សំខាន់ដែលអ្នកដឹកនាំសម័យថ្មីត្រូវធ្វើ។ ដើម្បីបង្កើតក្រុមដ៏ល្អមួយ អ្នកដឹកនាំដំបូងត្រូវដឹងពីភាពជាធ្លុងមួយនៃក្រុម (Team Dynamics)។ ជាមេដឹកនាំម្នាក់ត្រូវ ឲ្យធ្វើឲ្យប្រាកដថា សមាជិកក្រុមម្នាក់ៗមានជំនាញ និងសមត្ថភាពចាំបាច់ដែលគួរមានដើម្បីសម្រេចការងារ និងចក្ខុវិស័យរួមបាន។ អ្នកដឹកនាំត្រូវធ្វើការផ្ដល់យោបល់ ការរិះគន់ស្ថាបនាជាប្រចាំដោយបង្រៀន និងផ្ដល់វគ្គបណ្ដុះបណ្ដាលដែលអាចបង្កើនសមត្ថភាពបុគ្គល និងក្រុមទាំងមូល។
ក្រៅពីនេះ ភាពជាអ្នកដឹកនាំគឺ រាប់បញ្ចូលទាំងការសម្លឹងមើលសក្ដានុពលភាពជាអ្នកដឹកនាំរបស់កូនក្រុម។ ការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំក្នុងក្រុមរបស់អ្នកជួយឲ្យអ្នកបង្កើតនូវបរិយាកាសការងារមួយដែលអាចធានាជោគជ័យរយៈពេលវែង។ នេះជាចំណុចវាស់វែងដ៏ពិតប្រាកដនៃ ភាពជាអ្នកដឹកនាំល្អ៕
ប្រភព៖ mindtools

0 comments:
Post a Comment