Filled Under:

គុណសម្បត្តិ​៤​ដែល​ធ្វើ​ឱ្យ​សហគ្រិន​ខុស​ពី​និយោជិត

ប្រសិន​បើលោកអ្នកមិន​អាចអត់ធ្មត់ចំពោះ​ហានីភ័យដែល​នឹងកើត​ឡើងមុនពេលឈា​នទៅដល់ចំណុច​ជោគជ័យ មានន័យថា​លោកអ្នកមិនទាន់​បានត្រៀមខ្លួនរួចរាល់​ដើម្បីចាប់​ផ្តើមអាជីវកម្មផ្ទាល់​ខ្លួននៅ​ឡើយទេ។ ជាការ​ពិតដែលមនុស្ស​យើងភាគច្រើនចង់ក្លាយ​ខ្លួនជាសហគ្រិន ប៉ុន្តែនៅ​តែមានភាពស្ទាក់ស្ទើរ​ស្តាយសុវត្ថិភាព​នៃប្រាក់ខែ​ដែលបានធ្វើការ​ឱ្យគេ។ ខាងក្រោម​នេះជាសញ្ញាទាំង​៤ដែលបញ្ជាក់ថា​លោកអ្នកនៅតែ​ជានិយោជិត ហើយ​មិនទាន់ត្រៀមខ្លួន​ដើម្បីក្លាយ​ជាសហគ្រិន​នៅឡើយ៖
១/ ត្រូវការទិសដៅច្រើនជាការសម្រេចចិត្ត

និយោជិត​ទទួលការផ្តល់​ទិសដៅ​ពីថ្នាក់​លើ។ ពេល​ទទួលបាន​ការងារ​ថ្មី​ និយោជិត​ក៏ទទួលបាន​បរិយាយការងារ​ដែលប្រាប់​គេអំពីម៉ោង​ពេល និងរបៀប​ធ្វើការ។
ផ្ទុយទៅវិញ​សហគ្រិន​រៀបចំពេលវេលា​ធ្វើការដោយ​ខ្លួនឯង និង​សម្រេចដោយ​ខ្លួនឯង​ថាត្រូវធ្វើការ​របៀបណា។ គេបង្ហាញ​វត្តមាន​ចំពោះការងារ​គ្រប់ពេល ហើយ​គេមិនត្រឹមតែ​ប្តេជ្ញាចិត្តចំពោះ​កិច្ចការខ្លួនឯង​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏គិត​ផ្តល់របៀបធ្វើកា​រដល់មនុស្សដទៃ​ទៀតក្នុង​ក្រុមហ៊ុនដែរ​។

២/  ត្រូវការរង្វាន់ជាជាងហានីភ័យ
និយោជិតចង់​បានការផ្តល់រង្វាន់​លើកទឹកចិត្ត​។ គេចង់​ធ្វើកិច្ចការ​និងទទួលបានប្រាក់​លើកទឹកចិត្ត​ដោយមិនខ្វល់​ពីអ្វីទាំងអស់​។
ចំណែកសហគ្រិន​វិញហ៊ានប្រថុយ​ប្រថានចំពោះ​ការមិនបាន​ទទួលប្រាក់​លើកទឹកចិត្តអ្វី​ទាំងអស់ដើម្បី​ធ្វើយ៉ាងណា​ឱ្យបុគ្គលិក​ក្នុងក្រុមហ៊ុន​ទទួលបាន​ប្រាក់កម្រៃសម​តាមកិច្ចប្រឹងប្រែង​របស់ពួកគេ​។

៣/ គិតដល់សុវត្ថិភាពជាជាងការផ្លាស់ប្តូរ
និយោជិតធ្វើការ​ដែលផ្តល់ប្រយោជន៍​និងប្រាក់ខែល្មមគ្រប់គ្រាន់​ដើម្បីទូទាត់ថ្លៃរស់នៅ​។ គេក៏ចង់បានប្រាក់​ខែក្នុងពេលសុំច្បាប់​សម្រាកមួយរយៈ​ដែរ។ ហើយជាទូទៅ​គេចង់ធ្វើការ​ឱ្យក្រុមហ៊ុនណា​ដែលមាន​និរន្តរភាព។
ចំណែកហសគ្រិនវិញ​ដឹងថាភាពនៅ​នឹងមួយកន្លែង​មិនអាចនៅ​ថេររហូតបានទេ​។ គេយល់ថា​ការផ្លាស់ប្តូរក្នុងទីផ្សារ​និងសេដ្ឋកិច្ចអា​ចនឹងត្រូវការ​ឆ្លើយតបភ្លាមៗ ហើយសហគ្រិន​ជាច្រើនរីកចម្រើន​នៅពេលមាន​ការផ្លាស់ប្តូរ​ដែលមើលមិនឃើញ​បែបនេះព្រោះ​តែគេដឹងខ្លួនគ្រប់ពេល​នៃដំណើរវិវឌ្ឍ​សេដ្ឋកិច្ច។

៤/ ឆ្លើយតបច្រើនជាងទំនួលខុសត្រូវ
និយោជិតត្រូវតែ​ឆ្លើយតបទៅ​នឹងបន្ទុកការងារ​។ ប្រសិន​បើមានអ្វី​ខុសឆ្គង គេប្រញាប់​ចង្អុលកំហុស​ដាក់ផ្នែកផ្សេងៗ​។ ប្រតិកម្មជា​បឋមគឺពន្យល់​បកស្រាយមូលហេតុ​ដែលនាំទៅ​ដល់លទ្ធផល​អវិជ្ជមាន​បែបនេះ។
ចំណែកសហគ្រិនវិញ​ទទួលយកទំនួល​ខុសត្រូវនិងការ​ស្តីបន្ទោស​ទាំងអស់ពេលមាន​បញ្ហាកើត​ឡើង។ វាមិនមែន​ជារឿងងាយ​ស្រួលទេ ហើយ​ក៏ជាពេលដែល​អាម៉ាសណាស់​ដែរ។ ប៉ុន្តែវាជាការ​ពិតដែលថាសហគ្រិន​ជាមនុស្សទទួលខុសត្រូវដោយសារ​គេជាអ្នកតម្រង់​ទិសដៅនាវា​ក្រុមហ៊ុន។

ប្រភព ៖ Entrepreneur

0 comments:

Post a Comment