មនុស្សដែលចង់ក្លាយខ្លួនជាសហគ្រិន និងអ្នកដឹកនាំខាងមុខជំនួញគួរតែរៀនពីរបៀបដែលគ្រូបង្រៀនម្នាក់ប្រែក្លាយទស្សនវិស័យមួយឱ្យទៅជាក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ីនថឺណិតដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក។ ខាងក្រោមនេះជាចំណុចមេរៀនដែលគួរពិចារណា៖
១/ ចាប់ផ្តើមនៅទីនេះ រួចពង្រីកទៅគ្រប់កន្លែង
ដោយដឹងនូវសារៈសំខាន់នៃភាសាអង់គ្លេស កាលនៅពីក្មេង លោក Ma បានប្រឹងប្រែងទៅធ្វើជាមគ្គុទេសក៍ទេសចរបរទេសដើម្បីបានរៀននិងហាត់និយាយភាសាអង់គ្លេស។
២/ មានទស្សនវិស័យ និងមានជំនួយ
លោក Ma បានមើលឃើញសក្តានុពលរបស់អ៊ីនថឺណិតក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មនៅទូទាំងប្រទេសចិនតាំងពីដំបូងៗ។ ដូច្នេះ រូបលោកនិងប្រពន្ធរបស់លោកបានបញ្ចុះបញ្ចូលមិត្តភក្តិ១៧នាក់ទៀតឱ្យចូលលុយបង្កើតក្រុមហ៊ុន។
៣/ ត្រូវតែធ្វើឱ្យធំ
ក្រោយពីមានដៃគូហើយ ក្រុមហ៊ុនមួយបានព្យាយាមពង្រីកខ្លួនកាន់តែធំឡើងដោយបានទទួលប្រាក់កម្ទីពីធនាគារ និងប្រភពធំៗតាំងពី៥លានដុល្លារ រហូតដល់២០លានដុល្លារ ឡើងដល់មួយពាន់លានដុល្លារ និង១.៦ពាន់លានដុល្លារក្នុងឆ្នាំ២០១១។
៤/ បញ្ហាធំនាំទៅរកឱកាសធំ
កង្វះខាតហេដ្ឋារចនាសម្ព័ន្ធតូចៗរបស់ប្រទេសចិនតែងតែរាំងស្ទះដល់ក្រុមអ្នកជំនួញធុនតូចៗយ៉ាងច្រើនរបស់ប្រទេសដ៏ធំមួយនេះ។ ប៉ុន្តែក្រុមហ៊ុន Alibaba អាចដោះស្រាយបញ្ហាទាំងនេះបាន ហើយក៏ទទួលបានចំណែក៨០ភាគរយនៃពាណិជ្ជកម្មតាមអ៊ីនថឺណិតរបស់ប្រទេសចិន។
៥/ ភាពច្នៃប្រឌិតកើតចេញពីបុគ្គលដែលគិតនិងធ្វើខុសគេ
មនុស្សគ្រប់គ្នានិយាយរឿងផ្លាស់ប្តូរពិភពលោក ប៉ុន្តែមនុស្សដែលផ្លាស់ប្តូរពិភពលោកពិតប្រាកដគឺជាអ្នកដែលធ្វើសកម្មភាពជាក់ស្តែងដោយប្រើប្រាស់គំនិតថ្មីៗ ទស្សនវិស័យខុសគេ និងមានមហិច្ឆតាធ្វើកិច្ចការធំ។
៦/ រៀនពីកំហុសអ្នកដទៃ
Alibaba ជាក្រុមហ៊ុនពាណិជ្ជកម្មតាមអ៊ីនថឺណិតដូចក្រុមហ៊ុន Amazon និង eBay ដែរ ប៉ុន្តែ Alibaba មិនរក្សាទុកទំនិញ ឬលក់ទំនិញទេ។ វាជាឈ្មួញកណ្តាលដែលប្រមូលកម្រៃប្រចាំឆ្នាំពីឈ្មួញធំៗ និងកម្រៃផ្សាយពាណិជ្ជកម្មពីឈ្មួញតូចៗ។ លទ្ធផលគឺ Alibaba ជាគំរូពាណិជ្ជកម្មដែលទទួលប្រាក់ចំណូលខ្ពស់បំផុតលើផែនដីសព្វថ្ងៃនេះ៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment