Filled Under:

ក្រោយបិទទ្វារក្រុមហ៊ុន CEO ម្នាក់ថា បើដឹងពីកំហុសទាំង៦នេះ ក្រុមហ៊ុនមិនត្រូវបិទទ្វារឡើយ

លោក Jesse Kramerបានបង្កើតភោជនីយដ្ឋានមួយឈ្មោះថា Brooklyn Taco Co. អស់រយៈពេល ៥ឆ្នាំ ក្រោយមកភោជនីយដ្ឋានត្រូវបិទទ្វារនៅខែកុម្ភៈ ២០១៥។ ក្រោយបរាជ័យក្នុងជំនួញ ម្ចាស់ហាងរូបនេះបានរៀនមេរៀនចំនួន ៦ ដែលបើបានដឹងមុន ម៉្លេះលោកមិនឈានដល់ការបិទដំណើរការអាជីវកម្មទេ។
១៖ កុំអំនួត

ពេលបើកដំបូងលោកមានមោទនភាពដែលមានភាគហ៊ុនទាំងអស់ជារបស់ខ្លួនឯង។ សម្រាប់លោកការលក់ភាគហ៊ុនច្រើនទៅដល់អ្នកវិនិយោគខាងក្រៅ ប្រៀបដូចជាការលក់ការខិតខំប្រឹងប្រែងរបស់ខ្លួនឲ្យអ្នកដទៃទទួលផល។
តែឥលូវបើមានអ្នកចង់ទិញហ៊ុនច្រើន ក្នុងតម្លៃល្អណាមួយលោកនឹងលក់ ព្រោះនៅបរាជ័យមានន័យថា អ្នកផ្សេងក៏មានចំណែកខាតដូចគ្នា បើទោះជាមិនអាចទទួលផលចំណេញ ១០០% នៅពេលដំណើរការល្អក៏ដោយ។
២ ចាប់ផ្តើមតូចពេកមិនមែនជារឿងល្អ
មនុស្សភាគច្រើនគិតថា ចាប់ផ្តើមពីតូចមានហានីភ័យទាប បើទោះជាដួលរលំក៏មិនសូវខាតបង់ច្រើន។ តែការបង្កើតតូចពេក អាចចំណេញតែដំបូង ពេលក្រោយពេលចង់ពង្រីកកន្លែងក៏តូច ចំណូលក៏ទាប ដូច្នេះត្រូវប្រើពេលយូរដើម្បីសន្សំយកទៅ update ឲ្យប្រសើរឡើង។
៣ ជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្ន
ការជ្រើសរើសទីតាំងច្បាស់ណាស់ថា ត្រូវរកកន្លែងប្រជុំជន ងាយស្រួលផ្សព្វផ្សាយ សម្បូរទេសចរ តែត្រូវចាំថា អ្នកក៏នឹងត្រូវចំណាយច្រើន និងមានការប្រកួតប្រជែងខ្ពស់។
ទីក្រុងញូវយ៉កជាកន្លែងដែលគេគិតថា ល្អព្រោះឱកាសជំនួញខ្ពស់ តែទន្ទឹមគ្នាថ្លែឈ្នួលក៏មិនថោកដែរ ហើយការចំណាយផ្សេងៗក៏ខ្ពស់។ ដូច្នេះគិតថា ចំណូលមិនសូវខ្ពស់ អ្នកគួររកទីតាំងនៅតាមទីប្រជុំជនផ្សេង មិនសូវធំតែអាចមានឱកាសជំនួញគ្រាន់បើ និងថ្លៃឈ្នួលតិចជំនួ្សវិញ។
៤ រកវិធីសាស្ត្រថ្មីដើម្បីជំរុញខ្សែសង្វាក់ផលិតកម្ម
នៅពេលបើកដំបូង Brooklyn Taco ផ្តោតតែលើអាហារ និងភេសជ្ជៈធម្មតាប៉ុណ្ណោះ ព្រោះក្នុងគម្រោងអាជីវកម្មគឺមិនមានបញ្ចូល ស្រាបៀរ និងជាតិស្រវឹងក្នុងនោះទេ។ តែក្រោយមក ភោជនីយដ្ឋានក៏បានទិញអាជ្ញាប័ណ្ណជាតិស្រវឹងបន្ថែមទៅលើសេវាកម្មរបស់ខ្លួន។
មិនត្រឹមតែអាចបំពេញចិត្តភ្ញៀវដែលជាអ្នកវិនិយោគប៉ុណ្ណោះទេ តែវាក៏ផ្តល់ផលចំណេញច្រើនជាងអាហារទៀតផង។ ក្រៅពីនេះ ខាងភោជនីយដ្ឋានក៏បានធ្វើការពិភាក្សាជាមួយក្រុមអ្នកជំនាញម្ហូបអាហារដើម្បីស្វែងរកទីតាំងល្អបើកសាខាបន្តទៀតដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនស្វែងរក។
៥ បង្កើតប្រព័ន្ធអាជីវកម្មដែលត្រូវការអ្នកដើម្បីភាពរីកចម្រើន
ក្រុមហ៊ុន​ត្រូវ​អាចដំណើរការដោយគ្មានអ្នក ពេលចាប់ផ្តើមដំបូង អ្នកគួរគិតគួរឲ្យហើយពីការដំណើរការជាប្រព័ន្ធដ៏រលូនមួយ បើទោះជាគ្មានវត្តមានប្រធានគ្រប់គ្រងក៏អាចដំណើរការបាន។
ធ្វើដូច្នេះ អ្នកនឹងមានពេលវេលាយកទៅគិតរិះរកយុទ្ធសាស្ត្រថ្មីៗ ប្រមើលមើលចំណុចខ្វះខាតដើម្បីកែតម្រូវពង្រីកឲ្យកាន់តែធំ។ បើអ្នកមិនបានគិតទុកជាមុន នៅពេលដែលជំនួញរបស់អ្នករីកធំ ហើយភ្លាមៗស្រាប់តែអ្នកមានបញ្ហាមិនអាចធ្វើការបាន នោះគ្រប់សង្វាក់ការងារនឹងត្រូវរាំងស្ទះ ហើយបើអ្នករៀបចំឡើងវិញនឹងត្រូវចំណាយពេល និងថវិកាច្រើនដូចពេលដំណើរការដំបូងដែរ។
៦ ព្យាយាមកុំចាប់ផ្តើមជាមួយមនុស្សជិតស្និតនឹងខ្លួនពេក
មនុស្សជាច្រើនគិតថា ការបង្កើតជាមួយមិត្តភក្តិជិតដិត ឬបងប្អូនជារឿងល្អ ព្រោះស្គាល់ចិត្តគ្នាស្រាប់ និងមិនបែកទ្រព្យផង។ តែពេលលុយចូលមកដល់មុខ បញ្ហាមួយចំនួនអាចកើតមាន ដូចជាការបែងចែកផលចំណេញ និងមើលបំណាំគ្នាលើការបំពេញការងារ។ ដូច្នេះបើអាចគួររកអ្នកដទៃដែលមាន ចក្ខុវិស័យ ការប្តេជ្ញាចិត្ត និងការស្រឡាញ់ដូចអ្នកល្អជាង៕

ប្រភព៖ entrepreneur

0 comments:

Post a Comment