សព្វថ្ងៃនេះស្រ្តីកំពុងតែប្រលូកក្នុងជីវិតសហគ្រិនកាន់តែច្រើនឡើងៗ ប៉ុន្តែបើគេពិនិត្យមើលឱ្យកាន់តែច្បាស់ គេនឹងឃើញថានៅមានកិច្ចការច្រើនទៀតដែលស្រ្តីត្រូវធ្វើក្នុងវិស័យនេះ។ ជាក់ស្តែងសហគ្រិនជាស្រ្តីហាក់ផ្តោតលើការចាប់ផ្តើមមុខជំនួញដោយខ្លួនឯងជាជាងទិញក្រុមហ៊ុនដែលមានស្រាប់។
ខាងក្រោមនេះជាមូលហេតុ៥យ៉ាងដែលអ្នកជំនាញលើកឡើងសម្រាប់ស្រ្តីជាសហគ្រិនពិចារណាដើម្បីទិញក្រុមហ៊ុនស្រាប់៖
១/ កុំធ្វើឱ្យអត្តសញ្ញាណកប់បាត់ក្នុងមុខជំនួញ
ប្រសិនបើកចង់ជោគជ័យក្នុងជីវិតសហគ្រិន គេត្រូវតែរៀនសម្រេចចិត្តផ្អែកលើលទ្ធផលដែលគេចង់បាន។ ការសម្រេចិត្តនេះមិនគួរមានការលាយឡំជាមួយនឹងមនោសញ្ចេតនាទេ។ មនោសញ្ចេតនាអាចមានចំណែកខ្លះដែរក្នុងការសម្រេចចិត្តធំៗ ប៉ុន្តែនៅទីបំផុតដើម្បីបោះជំហានទៅមុខក្នុងជីវិតសហគ្រិន គេគួរតែទុកមនោសញ្ចេតនាមួយកន្លែង ហើយសួរខ្លួនឯងថាតើអ្វីជាការពិត ហើយអ្វីជាលទ្ធផលរំពឹងទុក?
២/ ផ្តាច់ខ្លួនចេញពីក្រុមសហគ្រិនស្រ្តី
ក្រុមសហគ្រិនអាចជាធនធានល្អសម្រាប់បណ្តាញទំនាក់ទំនង ដំបូន្មាន និងការគាំទ្រ ប៉ុន្តែក្រុមសហគ្រិនជាស្រ្តីទាំងនេះច្រើនតែធ្វើកិច្ចការដែលមិនផ្អែកលើលទ្ធផលទេ។ ដូច្នេះ ជំនួសឱ្យការទៅសាកសួរ និងពិភាក្សាពីក្រុម គេគួរតែស្វែងរកស្រ្តីសហគ្រិនម្នាក់ដែលបានទិញក្រុមហ៊ុនកន្លងមក ហើយសួរដំបូន្មានជាក់ស្តែងវិញទើបល្អជាង។
៣/ ផ្តោតលើការវិភាគវែកញែក
មនុស្សប្រុសនិងមនុស្សស្រីមានសមត្ថភាពក្នុងការវិភាគក្នុងការគិតដូចគ្នា។ ប៉ុន្តែជាធម្មជាតិ ខួរក្បាលស្រ្តីប្រព័ន្ធវិភាគនិងអព្ភន្តរញាណច្រើនជាងមនុស្សប្រុស។ អព្ភន្តរញាណជាកម្លាំងដ៏មានឥទ្ធិពលនៅពេលស្វែងរកបញ្ហាក្នុងការទិញមុខជំនួញ។ ជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តទិញមុខជំនួញគួរតែផ្តោតឱ្យបានច្រើនលើកម្រិតនៃការវិភាគ។
៤/ កុំបណ្តោយឱ្យការភ័យខ្លាចពន្យារពេលក្តីស្រមៃ
ស្ថាប័នសិក្សាចិត្តវិទ្យាកត់សម្គាល់ថាស្រ្តីមានទំនោបញ្ចេញប្រតិកម្មអវិជ្ជមានច្រើនទៅលើបទពិសោធន៍មិនសប្បាយចិត្ត ហើយក៏ជួបភាពរីករាយតិចជាងមនុស្សប្រុសដែរពេលមិនសប្បាយចិត្ត។ បញ្ហានេះអាចនឹកនាំទៅរកការស្ទាក់ស្ទើរច្រើននៅពេលគិតចង់សម្រេចគោលដៅក្នុងពាណិជ្ជកម្ម។
៥/ ទាញប្រយោជន៍ពីអព្ភន្តរញាណ
ទោះបីជាការទិញដូរមុខជំនួញគួរតែផ្តោតលើទិន្នន័យជាក់ស្តែងក៏ដោយ ក៏ការប្រើប្រាស់អព្ភន្តរញាណអាចជាអត្ថប្រយោជន៍ដែរសម្រាប់ស្រ្តី។ ការទិញមុខជំនួញមួយពាក់ព័ន្ធនឹងហេតុផលជាក់ស្តែងនិងហេតុផលផ្ទាល់ខ្លួនជាច្រើន ហើយស្រ្តីមានអារម្មណ៍គិតដល់សញ្ញាគ្រោះថ្នាក់ច្រើនជាងបុរស៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment