ពីមួយថ្ងៃទៅមួយថ្ងៃចំណាប់អារម្មណ៍របស់មនុស្សមានកាន់តែខ្លីទៅៗ ហើយការទាក់ទាញអតិថិជនឱ្យងាកមករកផលិតផល ឬសេវាកម្មរបស់លោកអ្នកក៏កាន់តែពិបាកដែរព្រោះមានការប្រកួតប្រជែងច្រើន។ ដើម្បីបង្ហាញវត្តមានលេចធ្លោក្នុងចំណោមគូប្រជែង ក្រុមហ៊ុននីមួយៗត្រូវតែបង្កើតអត្តសញ្ញាណ និងធ្វើយ៉ាងណាឱ្យមានភាពច្បាស់លាស់ និងងាយស្រួលចំណាំ។ ខាងក្រោមនេះជាក្បួនមួយចំនួនដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន៖
១/ យល់ថាគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ
ទោះបីជាមានការប្រឹងប្រែងយ៉ាងណា គ្រប់មុខជំនួញទាំងអស់មានការភ្លាំងភ្លាត់ម្តងម្កាលជានិច្ច។ ដូច្នេះ យើងត្រូវចេះទទួលយកកំហុស និងរៀនពីកំហុសនោះវិញ។
២/ ធ្វើអ្វីៗឱ្យអតិថិជនងាយស្រួលទាក់ទង
បទពិសោធអតិថិជនដែលមានភក្តីភាពកើតឡើងនៅពេលមានទំនាក់ទំនងបើកចំហរ។ ហេតុដូច្នេះហើយ ប្រសិនបើចាំបាច់ ត្រូវរៀបចំគេហទំព័រក្រុមហ៊ុនលោកអ្នកឡើងវិញដើម្បីលើកទឹកចិត្តឱ្យមនុស្សអាចសួរសំណួរ ឬសម្តែងក្តីបារម្ភរបស់គេដោយផ្ទាល់មកក្រុមហ៊ុនលោកអ្នកបាន។
៣/ តាំងបង្ហាញសាវតាការងារចម្រុះ
បើអតិថិជនមិនដឹងច្បាស់អំពីក្រុមហ៊ុនរបស់លោកអ្នក វាមិនមែនជាកំហុសរបស់គេទេ។ តាមពិតវាជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនដែលត្រូវចែករំលែកព័ត៌មានលម្អិតទាំងអស់អំពីប្រតិបត្តិការរបស់ក្រុមហ៊ុននៅគ្រប់មធ្យោបាយទាំងអស់។
៤/ លើកទឹកចិត្តឱ្យមានការនិយាយតៗគ្នា
ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ជាមធ្យោបាយល្អបំផុតដើម្បីទាក់ទាញអតិថិជនថ្មីៗ។ មានក្រុមហ៊ុនជោគជ័យខ្លះជំរុញឱ្យអតិថិជនចាស់ធ្វើជាអ្នកណែនាំអតិថិជនថ្មី ហើយគេតែងតែចែករំលែករាល់សកម្មភាពទិញដូរ និងថ្លែងអំណរគុណក្នុងឱកាសពិសេសៗផ្សេងៗ។
៥/ រក្សាទំនាក់ទំនងកុំឱ្យដាច់
សព្វថ្ងៃនេះ មនុសុ្សប្រើប្រាស់មធ្យោបាយសាធារណៈ និងបណ្តាញសង្គមដើម្បីបង្ហាញអារម្មណ៍របស់គេនៅពេលជួបប្រទះសេវាបម្រើអតិថិជនមិនល្អ។ ហេតុដូច្នេះហើយ ជារឿងចាំបាច់ក្នុងការរក្សាទំនាក់ទំនងកុំឱ្យដាច់រហូតដល់បញ្ហារបស់អតិថិជនត្រូវដោះស្រាយបានរួចរាល់។
៦/ មិនត្រូវស្កប់ស្កល់នឹងភាពល្អឥតខ្ចោះទេ
មិនខ្វល់ថាក្រុមហ៊ុនរបស់លោកអ្នកល្អប៉ុនណាទេ ចំណុចដែលត្រូវស្ថាបនាតែងតែមានជានិច្ច។ បទពិសោធន៍វិជ្ជមានរាប់ឆ្នាំអាចនឹងត្រូវរលាយបាត់អស់នៅពេលមានបញ្ហាត្រឹមតែមួយដែលដោះស្រាយមិនបាន៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment