ធ្វើការទាំងយប់ទាំងថ្ងៃមិនប្រាកដថាជាមធ្យោបាយទៅរកជោគជ័យទេ។ គេអាចដឹងបានថាសហគ្រិនមួយរូបជិតបរាជ័យតាមរយៈសភាពនឿយហត់ និងភ្នែកស្លក់រូងជ្រៅដោយសារទទួលទានដំណេកមិនគ្រប់គ្រាន់និងធ្វើការច្រើនជ្រុល។
មានសហគ្រិនថ្មោងថ្មីមិនតិចនាក់ទេដែលមិនអាចជោគជ័យបានដោយសារការខិតខំធ្វើការហួសកម្លាំង។ ស្ថាបនិកក្រុមហ៊ុនខ្លះអួតអាងប្រាប់គេឯងថាខ្លួនគេធ្វើការពី៦០ទៅ៨០ម៉ោងក្នុងមួយសប្តាហ៍។ គេបានប្តេជ្ញាដើម្បីការងារដោយមិនខ្វល់ពីសុខភាព គ្រួសារ និងសហគមន៍ឡើយ។ អ្វីដែលគេយល់ច្រឡំថាជាដំណើរទៅរកជីវិតជោគជ័យនោះ តាមពិតជាមហាបរាជ័យទៅវិញទេ។
ការសិក្សាជាច្រើនបង្ហាញថាមនុស្សយើងម្នាក់ៗអាចធ្វើការយ៉ាងមានប្រសិទ្ធភាពបានប្រហែល១០ម៉ោងក្នុងមួយថ្ងៃ ប្រសិនបើយើងទទួលទានដំណេកបានលក់ល្អ ទទួលទានអាហារគ្រប់គ្រាន់ និងហាត់ប្រាណបានទៀងទាត់។
មនុស្សភាគច្រើនត្រូវការពេលទទួលទានដំណេក៨ម៉ោងដើម្បីរាងកាយសម្រាកបានស្រួល។ ដូច្នេះគេមានពេល១៦ម៉ោងទៀតដើម្បីធ្វើការផ្សេងៗក្នុងមួយថ្ងៃ។ ក្នុងរយៈ១៦ម៉ោងនេះ គេត្រូវបែងចែកពេលសមរម្យសម្រាប់ទទួលទានអាហារ ងូតទឹកសម្អាតកាយ បំពេញកាតព្វកិច្ចគ្រួសារដូចជាជូនកូនទៅសាលា ធ្វើដំណើរទៅការិយាល័យជាដើមដែលសរុបទៅស៊ីពេលអស់ប្រហែល៦ម៉ោង។ ពេលធ្វើការងារជាក់ស្តែងអាចមានប្រហែលត្រឹម១០ម៉ោងប៉ុណ្ណោះ។
មធ្យោបាយដែលគេអាចធ្វើការបានច្រើនជាងនេះគឺធ្វើការ៧ថ្ងៃក្នុងមួយសប្តាហ៍ ឬរំលងមិនបំពេញកាតព្វកិច្ចគ្រួសារនិងសង្គមដែលជារសជាតិជីវិតទាំងអស់ចេញ។ ជាក់ស្តែងគេត្រូវព្រងើយកន្តើយចំពោះដៃគូជីវិត មិនចូលរួមសកម្មភាពកម្សាន្តជាមួយកូន មិនខ្វល់ខ្វាយនឹងកិច្ចការសង្គម ជៀសវាងកន្លែងហាត់ប្រាណ និងទទួលទានតែអាហារបែបប្រញាប់ប្រញាល់។
ហេតុអ្វីសហគ្រិនធ្វើការច្រើនជ្រុល ?
ភាពមិនចេះអត់ធ្មត់គឺជាគុណវិបត្តិទូទៅមួយរបស់សហគ្រិន។ គេមានទស្សនវិស័យ ហើយចង់សម្រេចគោលដៅយ៉ាងឆាប់បំផុត។ ជាងនេះទៅទៀត គេច្រើនមានទំនោទៅរកសមិទ្ធផលល្អឥតខ្ចោះ និងយកចិត្តទុកដាក់ខ្លាំងលើភាពល្អិតល្អន់នៃមុខជំនួញរបស់គេ។ ដោយសារចង់ឃើញលទ្ធផលឆាប់ និងល្អឥតខ្ចោះ គេច្រើនតែជ្រើសរើសធ្វើការងារទាំងអស់ដោយខ្លួនឯង។
ដើម្បីទទួលបានផ្លែផ្កាច្រើនពីការងារ និងតុល្យភាពក្នុងជីវិតសហគ្រិនជោគជ័យ អ្នកជំនាញបានផ្តល់គន្លឹះ២ ៖
១. កំណត់អាទិភាព មិនមែនការងារទាំងអស់សុទ្ធតែសំខាន់ដូចគ្នានោះទេ ហើយក៏មិនត្រូវយកការងារបន្ទាន់មកធ្វើមុនការងារសំខាន់នោះដែរ។
២. ចែកទំនួលខុសត្រូវ មិនគួរបារម្ភថាអ្នកផ្សេងធ្វើការមិនបានល្អដូចខ្លួនឯងចង់បាននោះទេ។ ក្តីបារម្ភបែបនេះជាមូលហេតុដែលសហគ្រិនម្នាក់សុខចិត្តរ៉ែកពុនទូលលីធ្វើការទាំងអស់ដោយខ្លួនឯង៕

0 comments:
Post a Comment