ចាស់ៗមួយចំនួនទូន្មានកូនចៅឱ្យប្រុងប្រយ័ត្នចំពោះបំណុលព្រោះការប្រាក់មិនចេះដេកទេ ហើយក៏គ្មានថ្ងៃឈប់សម្រាកដូចកូនបំណុលដែរ។ ប៉ុន្តែសព្វថ្ងៃនេះគេអាចប្រើវិធីនេះដើម្បីរកលុយបានដូចគ្នា។ តើលុយលោកអ្នកបង្កើតកូនចៅទេនៅពេលលោកអ្នកកំពុងគេងលក់? សាកពិចារណាវិធីទាំង៧ខាងក្រោមនេះដើម្បីរកលុយនៅពេលលោកអ្នកកំពុងតែគេង ៖
១/ ចាប់ផ្តើមបង្កើតគេហទំព័រផ្ទាល់ខ្លួន
របៀបមួយក្នុងចំណោមមធ្យោបាយរកប្រាក់ចំណូលដែលហូរចូលមិនដាច់គឺការបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយ។ ក្រោយពីបង្កើតបានហើយ លោកអ្នកគ្រាន់តែដាក់បញ្ចូលពត៌មាន ឬទិន្នន័យគួរឱ្យចាប់អារម្មណ៍ដើម្បីអ្នកផ្សេងចូលចិត្តមើល និងចែករំលែក។ ពេលមានមនុស្សស្គាល់កាន់តែច្រើន លោកអ្នកអាចរកលុយបានតាមរយៈកម្រៃជើងសារ ផ្សាយពាណិជ្ជកម្ម និងស្វែងរកអ្នកឧបត្ថម្ភជាដើម។
២/ លក់ផលិតផលព័ត៌មានផ្ទាល់ខ្លួន
ប្រសិនបើលោកអ្នកមានចំណេះដឹងច្បាស់លាស់ក្នុងជំនាញណាមួយ លោកអ្នកអាចចាប់ផ្តើមបង្កើតផលិតបានហើយដូចជា សៀវភៅអេឡិចត្រូនិក ឬវីដេអូជាដើម។
៣/ រកលុយតាមរយៈការលក់កម្មសិទ្ធិ
ប្រសិនបើលោកអ្នកជាអ្នកមានទេពកោសល្យខាងភ្លេង សម្តែង ឬតែងនិពន្ធ លោកអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការលក់កម្មសិទ្ធិបញ្ញាពីស្នាដៃលោកអ្នក។ បើនិយាយមួយបែបទៀតមានន័យថា មនុស្សដែលប្រើប្រាស់ស្នាដៃលោកអ្នកនឹងបង់ប្រាក់ជូនលោកអ្នក។
៤/ បង្កើតសមាជិកសហគមន៍
ប្រសិនបើលោកអ្នកពិតជាមានទេពកោសល្យច្បាស់លាស់មែន លោកអ្នកអាចបង្កើតសហគមន៍មួយដែលត្រូវឱ្យមានមនុស្សចុះឈ្មោះចូលជាសមាជិក។ ពេលនោះលោកអ្នកនឹងមានប្រាក់ចំណូលប្រចាំខែនៅពេលចែករំលែកព័ត៌មាន ឬស្នាដៃល្អៗទៅកាន់សមាជិក។
៥/ បង្កើតប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិ
គំរូពាណិជ្ជកម្មតាមអ៊ីនថឺណិតមួយបែបទៀតគឺការប្រើប្រាស់ប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិដើម្បីលក់សេវាកម្ម ផលិតផល ឬសមាជិកភាព។ តាមរយៈមធ្យោបាយនេះ មនុស្សដែលផ្តល់ទំនាក់ទំនងនៅលើគេហទំព័រលោកអ្នកនឹងទទួលបានសារឆ្លើយតបស្វ័យប្រវត្តិដែលមានភ្ជាប់ព័ត៌មានត្រូវផ្តល់ឱ្យជាស្រេច។
៦/ ទិញលក់គេហទំព័រ
ប្រសិនបើលោកអ្នកបានចំណាយពេល និងប្រឹងប្រែងបង្កើតបានគេហទំព័រមួយ រួចមានមនុស្សស្គាល់ច្រើន ពេលនោះលោកអ្នកក៏អាចលក់វាទៅឱ្យបុគ្គល ឬក្រុមហ៊ុនណាដែលចាប់អារម្មណ៍បានដែរ។
៧/ លក់ផលិតផល
ដូចគ្នានឹងការបង្កើតគេហទំព័រផ្ទាល់ខ្លួនដែរ នៅមានមធ្យោបាយជាច្រើនទៀតដើម្បីរកប្រាក់ចំណូលតាមរយៈការលក់ផលិតផល។ ឧទាហរណ៍ដ៏ពេញនិយមមួយគឺលោកអ្នកអាចលក់វត្ថុលែងត្រូវការនៅតាមអ៊ីនថឺណិតដូចជា eBay ឬ Amazon៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment