Filled Under:

បើ​អ្នក​ចង់​ជោគជ័យ​ត្រូវ​តែ​គេច​ចេញ​ឲ្យ​ផុត​ពី​ការរំខាន​ទាំង​៥​នេះ

កម្រមាន​មុខជំនួញណា​ដែលទទួលបាន​ជោគជ័យ​ដោយងាយៗ​ណាស់។​ មិនមែន​ជារឿង​ទុទិដ្ឋិនិយម​អ្វីទេ​ ប៉ុន្តែ​សហគ្រិនភាគ​ច្រើនសុទ្ធតែ​ឆ្លង​កាត់​ឧបសគ្គរាប់​មិនអស់នៅ​ក្នុងដំណើរ​ទៅរកជោគជ័យ។​ នេះ​ជាមាគ៌ាតែមួយគត់។​ ដើម្បី​ជម្នះ​រាល់ឧបសគ្គ​ និងបន្តដំណើរឆ្ពោះ​ទៅមុខ​រហូតដល់គោលដៅ​ លោក​អ្នកត្រូវ​មានសមត្ថភាព​អាចកំណត់​បញ្ហារំខាន​ជាទូទៅ​ឱ្យបានឆាប់​ និង​លុប​បំបាត់ចោល​មុនពេល​វារីកធំឡើង។​ ខាង​ក្រោម​នេះជាចំណុច​មួយចំនួន​ដែល​គួរពិចារណា​៖
១/ ស្តាប់មនុស្សច្រើនពេក

ពេលខ្លះ​សហគ្រិន​ដែល​វៃឆ្លាត​ និង​មានមហិច្ឆតា​ធំ​ មាន​គំនិត​រាប់មិន​អស់​បែរជា​ត្រូវ​រាំងស្ទះ​ទស្សនវិស័យ​អស់​ដោយសារ​ការស្តាប់​យោបល់​អ្នកផ្សេង​។ ​ការស្តាប់​គេច្រើន​ជ្រុល​អាចធ្វើ​ឱ្យខ្លួនឯង​កើតជំងឺ​សង្ស័យ​លើទំនុកចិត្ត​ និងសមត្ថភាព​។​ នៅពេលមាន​សំឡេង​ច្រើនប្រាប់​លោកអ្នក​ថា រឿងនេះ​ត្រូវរឿង​នោះខុស​ ខួរក្បាល​លោកអ្នក​នឹងបាត់បង់​ពន្លឺក្នុង​ការពិចារណា​រក​ការពិត​។

២/ យល់ច្រឡំភាពរវល់ថាជាផលិតភាព
ផលិតភាព​ និង​ភាពរវល់​ជារឿង​ពីរខុសស្រឡះ​ពីគ្នា។​ ប៉ុន្តែ​មនុស្ស​យើង​ច្រើនតែ​យល់ច្រឡំ​ថា ដរាបណា​យើង​មមាញឹក​ មានន័យថា​យើង​មាន​ផលិតភាពច្រើន។​ ការសិក្សា​បង្ហាញថា​ ជំនឿ​ដែលថា​ភាពរវល់ជា​សញ្ញា​នៃជោគជ័យ​ ធ្វើឱ្យ​មនុស្សភ័យ​ខ្លាចរឿង​អសកម្ម។​ ប៉ុន្តែ​ពេលខ្លះ​ដោយសារ​តែគិតបែប​នេះ​ទើបមនុស្ស​មួយចំនួន​មិនខ្វល់ថា គេអាចសម្រេច​ផលអ្វីបាន​នោះទេ​ គ្រាន់​តែ​ធ្វើខ្លួន​ឯង​ឱ្យរវល់​ទៅគ្រប់គ្រាន់​ហើយ។

៣/ អូសបន្លាយពេលធ្វើកិច្ចការសំខាន់
ពាក្យ​មួយឃ្លា​ដែលគេនិយាយ​ថា​ ខ្ញុំ​នឹងពន្យារ​ពេល​ថ្ងៃស្អែក​ គឺជាភាសា​កំប្លែងដែល​ក្តោបខ្លឹមសារ​នៃការអូសបន្លាយ​មិនព្រមធ្វើកិច្ចកា​រសំខាន់​ ដោយសារ​តែយល់​ថា វាដូចជា​មិនសូវបន្ទាន់​ក្នុងពេលនេះ។​ ប៉ុន្តែ​ ការ​អូសបន្លាយ​ពេលវេលា​ច្រើនតែ​បង្កើត​ទៅជាទម្លាប់​នៃការមិនព្រម​ទាំង​កិច្ចការ​ដែលគួរ​តែ​ធ្វើ​នៅពេលនេះ។​ បើមិន​ចេះពិនិត្យ និងតាមដាន​បញ្ហានេះ​ទេ លោកអ្នក​ប្រហែលកំពុង​តែបង្កើត​ទម្លាប់​ខ្ជិល ហើយ​ទម្លាប់​នេះអាច​ទាញ​ទម្លាក់​ជោគជ័យ​ទាំងអស់បាន​។

៤/ អនុញ្ញាត​ឱ្យនយោបាយ​គ្របដណ្តប់​ការ​សម្រេចចិត្ត
ការបណ្តែតបណ្តោយ​ឱ្យ​នយោបាយ​នៅ​កន្លែងធ្វើការចេះ​តែរយីករយៀក​មិនព្រម​ពិនិត្យ​កែតម្រូវជា​កត្តាកំណត់​ដល់ផលប៉ះពាល់​អវិជ្ជមាន​លើជោគជ័យក្នុ​ងមុខ​ជំនួញ។​ ការរំខានបែបនេះ​ច្រើនតែកើតឡើង​ដោយសារមាន​សមាជិកក្នុង​ក្រុមការងារ​ដណ្តើម​ប្រជែ​ងអំណាចគ្នា​ ឬ​អំណួត​របស់​មនុស្សម្នាក់​គ្រប​ដណ្តប់​លើ​អំណួតរបស់អ្នកផ្សេ​ងទៀ​ត​ ជាជាង​រួមគ្នា​ធ្វើកិច្ចការ​ដើម្បីរីក​ចម្រើន​។

៥/ និយាយពាក្យថា ”បាន” ចំពោះអ្វីៗទាំងអស់
ការ​និយាយ​ពាក្យថា​ “បាន” ​ចំពោះ​រាល់សំណើរ​ទាំងអស់ ​ឬគំនិតឆ្កួតៗ​នឹងទាញ​លោកអ្នកឱ្យធ្លាក់​ចូល​ក្នុងបញ្ហា។​ ការពិតមួយ​ក្នុងមុខជំនួញ​គឺ​លោក​អ្នកមិន​អាច​តម្រូវ​ចិត្តមនុស្ស​គ្រប់​គ្នាបានទេ។​ ការ​បង្កើត​ទម្លាប់​ផ្គាប់​ចិត្ត​មនុស្សច្រើន​ពេក​អាចក្លាយ​ជាការ​រំខាន​ដ៏ធំមួយ​ ហើយ​អាចទាញ​ទម្លាក់​ជោគជ័យទាំង​អស់​ដែលលោក​អ្នកបាន​បង្កើតកន្លង​មក។​ សូម​ចងចាំ​ថា លោកអ្នក​មានពេល​វេលា​​ និងធនធាន​ល្មមត្រឹមតែ​ផ្តោតលើគម្រោង ឬទំនាក់ទំនងណា​ដែលនាំ​លទ្ធផល​ជាក់ស្តែង និងសំខាន់​ចំពោះលោក​អ្នកតែ​ប៉ុណ្ណោះ៕

ប្រភព ៖ Entrepreneur

0 comments:

Post a Comment