ការអត់ទ្រាំមិនគេង និងមិនពិនិត្យសុខភាពទៀងទាត់អាចនឹងធ្វើឱ្យលោកអ្នកចំណេញពេលច្រើនដើម្បីធ្វើការរយៈពេលខ្លី ប៉ុន្តែទាំងនេះជាទង្វើបំផ្លាញសុខភាពខ្លួនឯង និងនាំទៅរកការខាតបង់ធំក្នុងរយៈពេលវែង។ ធ្វើជាសហគ្រិនមានការងារច្រើនណាស់ ហើយក៏មានសម្ពាធច្រើនណាស់ដែរទាំងផ្លូវកាយនិងផ្លូវចិត្ត។ យូរៗទៅការប្រឹងប្រែងហួសកម្លាំងក៏ក្លាយជាទម្លាប់អាក្រក់ ហើយធ្វើឱ្យបាត់បង់តុល្យភាពរវាងការងារនឹងសុខភាព។ សហគ្រិនដែលចង់មានសុខភាពល្អដើម្បីធ្វើការបានយូរអង្វែងគួរតែបង្កើតទម្លាប់រស់នៅល្អដូចខាងក្រោម៖
១/ ត្រូវដឹងស្ថានភាពសុខភាពខ្លួនឯងជានិច្ច
ប្រសិនបើលោកអ្នកយល់ថាលោកអ្នកតែងតែអស់កម្លាំងល្ហិតល្ហៃ សូមកុំច្រឡំថាវាគ្រាន់តែជាអារម្មណ៍តានតឹង។ ត្រូវប្រញាប់រៀបចំពេលវេលាទៅពិនិត្យសុខភាពដើម្បីឱ្យដឹងច្បាស់។ ភាពល្ហិតល្ហៃជាប្រចាំអាចជារោគសញ្ញានៃជំងឺជាច្រើនប្រភេទទាំងផ្នែករាងកាយ និងផ្នែកផ្លូវចិត្ត ហើយការប្រងើយកន្តើយចំពោះសុខភាពគឺជារឿងល្ងង់បំផុតរបស់មនុស្ស។
២/ លុបបំបាត់ទម្លាប់មិនល្អ
សម្ពាធការងារច្រើនតែរុញច្រានឱ្យសហគ្រិនចាប់យកវិធានការជ្រុលនិយមដូចជាជក់បារី ផឹកស្រា ផឹកថ្នាំមិនឱ្យងុយគេង។ល។ ទម្លាប់ជក់បារីអាចបណ្តាលឱ្យមានជំងឺទឹកនោមផ្អែម ធាត់ជ្រុល និងមហារីកច្រើនប្រភេទ។ ចំណែកការទទួលទានជាតិស្រវឹងច្រើនជ្រុលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បេះដូង ខួរក្បាល និងថ្លើម។ លុបបំបាត់ទម្លាប់អាក្រក់ទាំងនេះជាគន្លឹះទៅរកសុខភាពល្អ អារម្មណ៍ស្វាហាប់ និងការយកចិត្តទុកដាក់បានល្អក្នុងមុខជំនួញ។
៣/ កាត់បន្ថយការបរិភោគអាហារមិនល្អ
លោកអ្នកមិនចាំបាច់តមអាហារ ឬជៀសវាងមិនបរិភោគអាហារទាំងអស់នោះទេ។ គ្រាន់តែទទួលទានអាហារល្អសម្រាប់សុខភាពឱ្យបានច្រើន ដូចជាអាហារធម្មជាតិដែលមិនឆ្លងកាត់ការចម្រាញ់ពីរោងចក្រ ឬអាហារកំប៉ុង។ បើធ្វើបែបនេះបាន លោកអ្នកនឹងទទួលបានថាមពលគ្រប់គ្រាន់ដើម្បីធ្វើការហើយមិនសូវមានជំងឺរំខានទៀត។
៤/ ហាត់ប្រាណឱ្យបានទៀងទាត់
រាងកាយដែលមានសុខភាពល្អនឹងជួយដល់សុខភាពផ្លូវចិត្តឱ្យគិតបានរហ័ស និងប្រាជ្ញាភ្លឺស្វាង។ ប៉ុន្តែមានមនុស្សច្រើនណាស់ ដែលមិនហាត់ប្រាណទៀងទាត់។ សម្រាប់សហគ្រិន ការគេចវេសមិនហាត់ប្រាណមិនមែនជារឿងល្អទេ។ ដើម្បីបង្កើនសកម្មភាពហាត់ប្រាណនៅក្នុងពេលការងារលោកអ្នកគួរសាកល្បងដើរចុះឡើងពេលនិយាយទូរសព្ទ ឬសន្ទនាគ្នាជាជាងអង្គុយរាប់ម៉ោង។
៥/ ចេះថ្លឹងថ្លែងរវាងការងារនឹងគ្រួសារ
ជាធម្មតាទេដែលសហគ្រិនត្រូវតែប្រឹងប្រែងដើម្បីសម្រេចផែនការតាមការគ្រោងទុក តាមការកំណត់របស់អតិថិជន និងតាមបរិស្ថានពាណិជ្ជកម្មប្រកួតប្រជែង។ ប៉ុន្តែគួរចងចាំថាលោកអ្នកក៏មានជីវិតត្រូវរស់នៅដែរ ដែលមានន័យថាលោកអ្នកអាចជាឪពុក ឬម្តាយមានគ្រួសារត្រូវផ្តល់ភាពកក់ក្តៅ។ សហគ្រិនល្អគឺជាមនុស្សដែលចេះរៀបចំនិងបែងចែកពេលវេលាសម្រាប់ការងារនិងគ្រួសារច្បាស់លាស់៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment