យើងមិនអាចជោគជ័យបានទេបើមិនដឹងគ្រោះថ្នាក់ដែលចាំតែស្ទាក់ផ្លូវនាំទៅរកជោគជ័យនោះ។ ជោគជ័យនិងបរាជ័យមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា។ ពេលយើងចង់បានជោគជ័យ មានន័យថាយើងកំពុងតែគេចពីបរាជ័យ ហើយពេលណាដែលយើងបរាជ័យ មានន័យថាយើងបាត់បង់ជោគជ័យ។ ទំនាក់ទំនងនេះសំខាន់ណាស់ ហើយយើងមិនគួរព្រងើយកន្តើយទេ។
ខាងក្រោមនេះជាទម្លាប់ ឬមូលហេតុ៦យ៉ាងធ្វើឲ្យមុខជំនួញជួបបរាជ័យ និងរបៀបដែលយើងអាចគេចចេញពីបរាជ័យ៖
១/ មានទស្សនវិស័យ តែគ្មានផែនការយុទ្ធសាស្រ្ត
សហគ្រិនជាច្រើនមានក្តីស្រមៃ និងទស្សនវិស័យចង់បង្កើតអ្វីមួយឱ្យបាន ប៉ុន្តែគេមិនបានគិតដល់យុទ្ធសាស្រ្តសំខាន់ៗនិងផែនការសកម្មភាពដើម្បីសម្រេចកិច្ចការនោះទេ។ ដើម្បីជោគជ័យក្នុងមុខជំនួញ សហគ្រិនត្រូវតែដឹងថាតើអ្វីទៅដែលអាចបង្កើតជោគជ័យនោះបាន។ ជារឿងងាយទេ ព្រោះមេរៀននេះយើងអាចរៀនបានតាមរយៈការសង្កេតមើលអ្វីដែលនាំឱ្យគូប្រជែងរបស់យើងជោគជ័យ និងបរាជ័យ។
២/ ជួលមនុស្សខុស
ការជួលមនុស្សព្រោះតែភាពចាំបាច់ គឺជាកំហុសដ៏ធំក្នុងមុខជំនួញ។ នៅពេលស្ថាប័នការងារមួយរងសម្ពាធពីការងារច្រើនពេកដោយតែខ្វះខាតមនុស្សធ្វើការ វានឹងធ្វើឱ្យបុគ្គលិកទាំងអស់ធុញថប់ ហើយទំនាក់ទំនងក្នុងកន្លែងការងារនោះក៏ចាប់ផ្តើមធ្លាក់ចុះ ជាលទ្ធផលការងារធ្វើមិនសូវមានប្រសិទ្ធភាព។ នេះជាពេលដែលអ្នកគ្រប់គ្រងភាគច្រើនចាប់ផ្តើមជ្រើសរើសបុគ្គលិកថ្មី។ ប៉ុន្តែបុគ្គលិកដែលរើសបាននៅពេលគេត្រូវការខ្លាំងបែបនេះ ច្រើនតែមិនមែនបុគ្គលិកដែលល្អប៉ុន្មានទេ។
៣/ បណ្តែតបណ្តោយឱ្យនយោបាយគ្របដណ្តប់លើមុខជំនួញ
មិត្តភាពក្នុងកន្លែងធ្វើជាដាវមុខពីរ។ មនុស្សយើងទាំងអស់ចង់មានអារម្មណ៍រីករាយជាមួយមនុស្សដែលយើងធ្វើការជាមួយ។ ប៉ុន្តែការធ្វើឱ្យមិត្តភាពបិទបាំងវិជ្ជាជីវៈគឺជារឿងមិនល្អទេចំពោះស្ថាប័នការងារ។ និយាយឱ្យខ្លី នយោបាយនៅកន្លែងការងារគឺជាលទ្ធផលនៃការបណ្តែតបណ្តោយឱ្យមិត្តភាពគ្របដណ្តប់លើច្បាប់ទម្លាប់ការងារ។ មធ្យោបាយមានប្រសិទ្ធភាពបំផុតដើម្បីគេចចេញពីបញ្ហានេះគឺត្រូវបណ្តុះបណ្តាលបុគ្គលិកទាំងអស់ឱ្យស្គាល់តួនាទីរៀងៗខ្លួន។
៤/ មិនទុកចិត្តក្រុមការងារ
មេរោគមិនទុកចិត្តដែលឆ្លងរីករាលនៅកន្លែងការងារនឹងធ្វើឱ្យប្រព័ន្ធទាំងមូលចុះខ្សោយ។ បញ្ហានេះច្រើនតែបណ្តាលមកពីកត្តាទាំងបីខាងលើគឺមិនមានផែនការ ជួលមនុស្សខុស និងនយោបាយគ្របដណ្តប់លើទម្លាប់ការងារ។ ហេតុដូច្នេះហើយ បើមេដឹកនាំក្រុមការងារមិនទុកចិត្តមនុស្សជាទូទៅហើយ មានន័យថាស្ថាប័នការងារនេះកំពុងតែដើរទៅរកផ្លូវខុស។ ដើម្បីងាកចេញពីផ្លូវខុស គេត្រូវពិនិត្យចំណុចទាំងបីខាងលើឡើងវិញនិងដោះស្រាយឱ្យជ្រះស្រឡះ។
៥/ ដោះស្រាយទំនាស់ខុស
ការខ្វែងគំនិតគ្នាមានមូលដ្ឋានលើវិធីសាស្រ្តខុសគ្នាក្នុងការដោះស្រាយបញ្ហាដូចគ្នា ឬដើម្បីទទួលបានគោលដៅដូចគ្នា។ ប៉ុន្តែក៏មានការខ្វែងគំនិតគ្នាមួយបែបទៀតកើតចេញពីមនុស្សដែលព្យាយាមលាក់បាំងចំណុចខ្សោយរបស់ខ្លួន។ ដើម្បីបញ្ជៀសការយល់ខុសគ្នាគេត្រូវមានវគ្គបណ្តុះបណ្តាលតម្រង់ទិសវិជ្ជាជីវៈ និងការជជែកដេញដោលបំផុសគំនិតរួមគ្នាដើម្បីរៀនសូត្រ និងផ្លាស់ប្តូរយោបល់និងបទពិសោធន៍គ្នាក្នុងរបៀបស្មោះត្រង់។
៦/ បណ្តែតបណ្តោយឱ្យវិប្បដិសារៈលាយឡំក្នុងការសម្រេចចិត្ត
នៅពេលស្ថាប័នការងារមួយធ្លាក់ចូលទៅក្នុងបញ្ហាទាំង៥ខាងលើនេះ ក្រុមថ្នាក់ដឹកនាំគឺជាផ្នែកដ៏សំខាន់មួយនៃបញ្ហា។ ក្នុងកាលៈទេសៈបែបនេះ ការសម្រេចចិត្តតែងតែបង្កើតឱ្យមានអារម្មណ៍ខុសឆ្គង ឬវិប្បដិសារៈ។ ដូច្នេះហើយ ដើម្បីសន្សំនូវអ្វីដែលនៅអាចសន្សំបាន ការសម្រេចចិត្តជម្រុះ ឬលើកទឹកចិត្តបុគ្គលិកជាវិធីសាស្រ្តតែមួយគត់ដើម្បីបញ្ចប់បញ្ហារ៉ាំរ៉ៃ៕

0 comments:
Post a Comment