គ្មានអ្វីអាថ៌កំបាំងទេដែលថាពេលនេះអ៊ីនថឺណិតបានគ្របដណ្តប់លើពិភពលោកទៅហើយ។ មនុស្សភាគច្រើនហាក់ដូចជាពិបាករស់នៅដោយគ្មានអ៊ីនថឺណិតណាស់។ មុខជំនួញជាច្រើនបានប្រើប្រាស់អ៊ីនថឺណិតដើម្បីពង្រីកទីផ្សារនិងប្រជាប្រិយភាពព្រមទាំងជោគជ័យកាន់តែរហ័ស។ គន្លឹះទាំង៥យ៉ាងខាងក្រោមនេះអាចនឹងជួយឱ្យក្រុមហ៊ុនលោកអ្នករក្សាការប្រកួតប្រជែងបាន៖
១/ គេហទំព័រ
បើក្រុមហ៊ុនលោកអ្នកមិនមានគេហទំព័រទេ មានន័យថាលោកអ្នកដើរមិនទាន់សម័យកាលទេ។ វាជាកន្លែងដែលមនុស្សពីទីជិតទីឆ្ងាយអាចទាក់ទងមកលោកអ្នកបាន ដោយផ្តល់ឱកាសឱ្យលោកអ្នកទទួលបានអតិថិជនថ្មីៗបន្ថែមទៀត។ ជាងនេះទៅទៀត គេហទំព័រជាកន្លែងដែលជួយឱ្យអតិថិជនចាស់ក្នុងដៃលោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមទៀតដោយខ្លួនគេបាន។ ប្រសិនបើក្រុមហ៊ុនលោកអ្នកមិនមានគេហទំព័រទេ អតិថិជនមិនសូវជឿជាក់លើមុខជំនួញលោកអ្នកប៉ុន្មានទេ។
២/ វត្តមាននៅលើបណ្តាញសង្គម
ការបង្ហាញវត្តមាននៅលើបណ្តាញសង្គមក៏មានសារៈសំខាន់ណាស់ដែរ។ មិនមែនមានន័យថាលោកអ្នកត្រូវតែបង្ហោះដំណឹងឬការវិវត្តថ្មីៗរាល់ថ្ងៃនោះទេ ប៉ុន្តែយ៉ាងហោចណាស់លោកអ្នកគួរបង្ហាញពួត៌មានសំខាន់ៗមួយចំនួនដើម្បីឱ្យមនុស្សរាប់លាននាក់ដែលប្រើប្រាស់បណ្តាញសង្គមរាល់ថ្ងៃដូចជា Facebook, Twitter និង Instagram ជាដើមបានស្គាល់ឈ្មោះក្រុមហ៊ុនលោកអ្នក។
៣/ ពង្រីកវត្តមានគ្រប់រូបភាព
ក្រៅពីគេហទំព័រនិងបណ្តាញសង្គម លោកអ្នកក៏មិនគួរព្រងើយកន្តើយនឹងការខ្ចីដៃអ្នកផ្សេងដើម្បីពង្រីកវត្តមានឈ្មោះក្រុមហ៊ុនលោកអ្នកដែរ ដូចជាYellow Page ឬបញ្ជីឈ្មោះពាណិជ្ជកម្មក្នុងតំបន់ជាដើម។
៤/ ធ្វើបច្ចុប្បន្នភាពឱ្យបានញឹកញាប់
ការបង្ហាញវត្តមានតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ លោកអ្នកក៏ត្រូវព្យាយាមផ្តល់ពត៌មានថ្មីៗទាក់ទងនឹងដំណើរវិវត្តចុងក្រោយ ផលិតផលឬសេវាថ្មីៗរបស់ក្រុមហ៊ុនលោកអ្នកដែឬ។ រឿងសាមញ្ញៗមួយចំនួនដូចជាការប្តូរទីតាំងការិយាល័យ ការពង្រីកសាខា ការកែប្រែម៉ោងធ្វើការ ការលើកទឹកចិត្តបុគ្គលិកជាដើម សុទ្ធតែជាដំណឹងដែលលោកអ្នកគួរចែករំលែងជាមួយអតិថិជនរបស់លោកអ្នកឱ្យបានឆាប់។
៥/ ជម្រើសទាក់ទងងាយៗ
មូលហេតុភាគច្រើននៃវត្តមានក្រុមហ៊ុនលោកអ្នកនៅលើបណ្តាញអ៊ីនថឺណិតគឺដើម្បីផ្តល់មធ្យោបាយងាយៗឱ្យអតិថិជនអាចទាក់ទងមកលោកអ្នកបានគ្រប់ពេល។ និយាយជារួម ត្រូវផ្តល់គ្រប់មធ្យោបាយទាក់ទងឱ្យបានច្រើនដូចជាលេខទូរសព្ទ សារអេឡិចត្រូនិក បណ្តាញសង្គម ហើយត្រូវតែឆ្លើយតបឱ្យបានឆាប់នៅពេលមានសំណួរឬចម្ងល់ណាមួយពីអតិថិជន៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment