Filled Under:

គន្លឹះ​សំខាន់​៥​សម្រាប់​និស្សិតស្វែង​រក​ការងារ​ក្នុង​ក្តី​សុបិន

ការ​ទទួល​បានការងារ​ល្អសព្វថ្ងៃ​នេះជារឿង​ដែលពិបាក​ និង​មាន​លក្ខណៈប្រកួត​ប្រជែង​ខ្លាំង​។ ដូច្នេះ​ការ​ស្វែង​​រក​ការងារ​ក្នុងក្តី​សុបិន​កាន់តែ​ពិបា​កខ្លាំងណាស់​ទៅទៀត។​ ភាគច្រើន​នៃនិស្សិត​ទើប​បញ្ចប់ការសិក្សាថ្មីៗដែលទទួលបានការងារក្នុងក្តីសុបិនគឺជាមនុស្សដែលមានទំនាក់ទំនងល្អ​ឬអ្នក​ដែល​រៀនពូកែ​ជាងគេ​។​ ខាង​ក្រោម​នេះជា​គន្លឹះ​៥យ៉ាង​ដែល​នឹងជួយ​បង្កើន​ឱកាស​លោកអ្នក​ឱ្យឆាប់​ទទួល​បាន​ការងារ​ក្នុង​ក្តីសុបិន​៖
១/ បង្កើតប្រវត្តិរូបលម្អិតនៅលើបណ្តាញ LinkedIn

ការ​បង្ហាញ​វត្តមាន​វិជ្ជាជីវៈ​នៅ​លើអ៊ីន​ថឺណិត​គឺជាជំហាន​សំខាន់​មួយ​ដើម្បីឈាន​ទៅ​រកការងារ​ក្នុងក្តី​សុបិន​។ សព្វ​ថ្ងៃ​នេះ​ បណ្តាញ​សង្គម​វិជ្ជា​ជីវៈ​ដែលពេញ​និយម​បំផុតគឺ LinkedIn ។ តាម​ស្ថិតិ​បញ្ជាក់​ថា អ្នក​ជ្រើស​រើស​បុគ្គលិកនិង​និយោជិត​ប្រើប្រាស់ ​LinkedIn​ ច្រើន​ជាង​បណ្តាញ​សង្គម​ផ្សេងៗ​។ សូម​ចាំថា​លោកអ្នកត្រូវ​រៀបរាប់​ជំនាញ​ទាំងអស់​ដែលបាន​រៀន​សូត្រ និង​បទពិសោធន៍​ដែលធ្លាប់​ឆ្លង​កាត់ព្រម​ទាំង​ទំនួល​ខុសត្រូវ​ទាំងអស់​ដែល​ធ្លាប់​មាន។

២/ បង្កើតបណ្តាញទំនាក់ទំនង
ក្រោយ​​ពី​បង្កើត​​វត្ត​មាន​​វិជ្ជាជីវៈ​​នៅ​​លើ​អ៊ីនថឺណិត​​រួច​​ហើយ​ នៅ​​មាន​​ជំហាន​​ចាំ​បាច់​មួយ​​ទៀត​ក្នុងការ​​បង្កើត​​ទំនាក់ទំនង​​ជាមួយ​​អ្នក​​ដទៃ​។ ក្រៅ​​ពី​​បណ្តាញ​សង្គម​​​​ទូទៅ​​ដូចជា​​ Facebook​ ​និង ​Twitter​​ ជម្រើស​​បន្ថែម​​ផ្សេង​​ទៀត​​ក៏​​មានប្រសិទ្ធភាព​​ដែរ​​ដូច​​ជា​​ការិយាល័យ​​រក​ការងារ​​របស់​​មហា​វិទ្យាល័យ​ និង​ការិយាល័យ​​រក​​ការងារ​សាធារណៈ​​ជាដើម​​ដែល​សុទ្ធ​តែ​ជាកន្លែង​ជួប​គ្នារ​វាងអ្នក​រកបុគ្គលិក​នឹងអ្នករក​ការងារ​ធ្វើ។

៣/ ធ្វើកម្មសិក្សាឱ្យបានឆាប់
អាថ៌កំបាំង​មួយទៀតដើម្បីទទួល​បាន​ការងារ​ក្នុងក្តី​សុបិន​គឺ​សមត្ថភាព​របស់លោក​អ្នក​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​។ ហើយ​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​សម្តែង​ការ​ប្តេជ្ញាចិត្ត​គឺ​កម្មសិក្សា​នៅ​តាម​ស្ថាប័ន​ការងារ​ដែល​លោក​អ្នកពេញ​ចិត្ត​។​ ក្រុមហ៊ុន​ធំៗ​ភាគ​ច្រើន​មិនជួល​មនុស្ស​ទើប​បញ្ចប់ការ​សិក្សា​ភ្លាមៗ​ទេ​ ប៉ុន្តែ​គេ​នឹងពិចារណា​ផ្តល់​ឱកាស​ឱ្យលោក​អ្នក​ធ្វើ​កម្មសិក្សា។

៤/  ស្វែងរកអ្នកណែនាំល្អ ឬធ្វើខ្លួនជាអ្នករៀនសូត្រធ្វើការល្អ
ការ​ទទួល​បា​ន​អ្នក​ណែនាំ​ការងារ​ល្អ​ជួយ​បាន​ច្រើន​ណាស់​។ ម្តាយ​ឪពុក​ បង​ប្អូន​ គ្រូ​ និង​មនុស្ស​ផ្សេង​ទៀត​អាច​ជា​អ្នកណែនាំ​ការងារ​របស់​លោក​អ្នក​។ ​ប៉ុន្តែដើម្បី​ឈាន​ទៅដល់​គោលដៅ​ឱ្យបាន​ឆាប់​ លោក​អ្នកគួរ​តែស្វែង​រក​អ្នក​ណែនាំការងារ​វិជ្ជាជីវៈ​ក្នុង​វិស័យ​ដែល​លោក​អ្នកចូល​ចិត្ត។​ បន្ថែម​ពីលើ​នេះ​ ត្រូវ​ព្យាយាម​អាន​សៀវភៅ​ជំនាញ​ក្នុង​វិស័យ​ដែល​លោក​អ្នកពេញ​ចិត្ត​ឱ្យ​បាន​ច្រើន​។

៥/ រៀនជំនាញក្នុងវិស័យដែលលោកអ្នកចង់ធ្វើការ
និស្សិត​ជាច្រើន​គិត​ថា​មេរៀន​ក្នុង​មហាវិទ្យាល័យ​តែ​ម្យ៉ាង​អាច​ជួយ​គេឱ្យ​ទទួលបាន​ការងារ​ក្នុង​ក្តី​សុបិន​។ ប៉ុន្តែ​សង្គម​ការងារ​ជាក់​ស្តែង​តម្រូវឱ្យ​មាន​ចំណេះនិង​ជំនាញ​លើស​ពីអ្វីដែល​រៀន​នៅ​មហាវិទ្យាល័យ។ ដើម្បី​បញ្ជៀស​ចំណុច​ខ្វះខាត​ពេលប្រលូក​ក្នុង​ពិភពការងារ​ជាក់ស្តែង​ លោក​អ្នក​គួរ​ស្វែង​រក​រៀន​វគ្គជំនាញ​ឱ្យ​បាន​ច្រើន​ដែល​ផ្តោត​ចំៗ​និង​លម្អិត​ជាង​មេរៀន​ទូទៅ​នៅ​មហាវិទ្យាល័យ៕

ប្រភព ៖ Entrepreneur

0 comments:

Post a Comment