១៖ ទេពកោសល្យពីកំណើតអាចជួយឱ្យជោគជ័យក្នុងអាជីព
តើគេអាចបង្កើតក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ល្បីមួយដែលធ្វើឱ្យមហាជនទទួលស្គាល់ និងគាំទ្រយ៉ាងឆាប់រហ័សបានដោយរបៀបណាបើម្ចាស់អាជីពនោះមានវ័យក្មេង និងថវិកាតែបន្តិចបន្តួច?
នេះជាដំណើរចាប់ផ្តើមរបស់ក្រុមហ៊ុនច្នៃម៉ូតសម្លៀកបំពាក់ ToVch ដែលបង្កើត ឡើងក្នុងឆ្នាំ២០១០ នៅក្នុងប្រទេសអាហ្វ្រិចខាងត្បូង។ ស្ថាបនិកក្រុមហ៊ុននេះគឺជាយុវជនមួយរូបឈ្មោះ Thabo Khumalo ដែលមិន បានទៅ រៀនច្នៃម៉ូតពីសាលាជំនាញណាមួយទេ ក្រៅពីជួយការងារកាត់ដេររបស់ម្តាយតាំងពីអាយុ៨ឆ្នាំ ដែលប្រកបរបរចិញ្ចឹមគ្រួសារ។ លោក Thabo Khumalo រំលឹកថា ខ្ញុំរៀន ច្នៃម៉ូតនិងដេរនៅពេលជួយការងារម្តាយខ្ញុំ។ គឺពេលនោះហើយដែលខ្ញុំដឹងថាខ្ញុំមានទេពកោសល្យខាងច្នៃប្រឌិត។ ប៉ុន្តែខ្ញុំមិនដែលដឹងថាខ្ញុំជាសហគ្រិនមួយរូបទេ។
បញ្ហាដ៏ធំបំផុតមួយដែលប្រឈមក្នុងការបង្កើតមុខជំនួញថ្មីគឺការណែនាំឱ្យអតិថិជនស្គាល់ម៉ាកបង្កើតថ្មីនៅពេលដែលយើងមានដើម
ទុនបន្តិចបន្តួច។ ដើម្បីទម្លុះទម្លាយបញ្ហានេះ លោក Khumalo បានប្រើប្រាស់បណ្តាញសង្គម និង ផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ។ ដូច្នេះលោក Khumalo បានប្រើប្រាស់ ការគាំទ្រ យ៉ាងខ្លាំងក្លាពីបណ្តាញទាក់ទងតាមអ៊ីនថឺណិតជាយុទ្ធសាស្រ្តធ្វើទីផ្សារ និងអះអាងថា វាជាវេទិកាមួយដ៏មានឥទ្ធិពល ហើយមិនបាច់ចំណាយលុយសោះ។ ទំនាក់ទំនងតាមបណ្តាញសង្គមតម្រូវឱ្យមានការឆ្លើយឆ្លងជាប្រចាំទៅនឹងសំណួររបស់មនុស្សក្នុងបណ្តាញដែលអាចក្លាយជាអតិថិជនរបស់យើង។
ដោយផ្អែកលើចំណង់ចំណូលចិត្តប្រើប្រាស់បណ្តាញសង្គម លោក Thabo Khumalo បានបង្កើតទំនាក់ទំនងតាមអ៊ីនថឺណិតយ៉ាងរឹងមាំមួយធ្វើជាគ្រឹះនៃយុទ្ធសាស្រ្តផ្សព្វផ្សាយសម្លៀកបំពាក់ម៉ាក ToVch ដែលលោកច្នៃឡើងក្នុងលក្ខណៈស្លៀកពាក់បានទាំងប្រុសទាំងស្រី និងស័ក្តិសម្យសម្រាប់ចូលរួមក្នុងពិធីទាំងផ្លូវការនិងមិនផ្លូវការ។
ពេលឈរជើងនឹងក្នុងទីផ្សារហើយ អ្វីដែលត្រូវធ្វើបន្ទាប់សម្រាប់សហគ្រិនថ្មោងថ្មីគឺមិនចាំបាច់ឆាប់ពង្រីកខ្លួនពេកទេ ប៉ុន្តែត្រូវបង្កើនឥទ្ធិពល។ សម្រាប់មុខជំនួញរបស់សហគ្រិនជោគជ័យវ័យក្មេងរូបនេះ គេប្រកាន់ជំហរថាម៉ាកសម្លៀកបំពាក់នេះមានទីផ្សារគោលដៅជាក់លាក់ ហើយវត្តមាននៅលើបណ្តាញសង្គមក៏ បានអនុញ្ញាតឲ្យខ្ញុំអាចតាមដាន នូវស្ថានភាព ពិភពម៉ូតសម្លៀកបំពាក់និងអាចបត់បែនទៅតាមបរិស្ថានជុំវិញដូចជាបច្ចេកវិទ្យាថ្មីៗ របត់នយោបាយ ច្បាប់ សេដ្ឋកិច្ច និងសង្គម៕


0 comments:
Post a Comment