សកម្មភាពដែលមនុស្សយើងធ្វើនៅថ្ងៃនេះមានឥទ្ធិពលលើជីវិតរបស់យើង។ តាមពិតទម្លាប់ប្រចាំថ្ងៃរបស់មនុស្សអាចជាកត្តាកំណត់ភាពមានបានរបស់យើង។ អ្នកនិពន្ធសៀវភៅ "Rich Habits: The Daily Success Habits Of Wealthy Individuals" លោក Thomas Corley បានប្រើពេល៥ឆ្នាំសិក្សា ជីវិតអ្នកមាននិង អ្នកក្រ ហើយសង្កេតឃើញថាអ្នកមាន មានទម្លាប់ដូចខាងក្រោម ៖
១/ អ្នកមានតែងតែផ្តោតលើគោលដៅរបស់គេមិនដែលភ្លេច
គឺគេសរសេរនិងរក្សាទុកក្នុងកន្លែងដែលគេអាចមើលឃើញជាប្រចាំ។ គេកំណត់គោលដៅប្រចាំខែផង និងគោលដៅប្រចាំឆ្នាំផង។
២/ គេដឹងថាគេត្រូវធ្វើអ្វីនៅថ្ងៃនេះ
អ្នកមានមិនត្រឹមតែរក្សាបញ្ជីការងារដែលត្រូវធ្វើប្រចាំថ្ងៃប៉ុណ្ណោះទេ តែគេព្យាយាមបង្ហើយការងារដែលកំណត់ប្រចាំថ្ងៃនោះថែមទៀត។
៣/ អ្នកមានមិនមើលទូរទស្សន៍ទេ
អ្នកមានរវល់នឹងការងារប្រចាំថ្ងៃច្រើនហើយគេមានវិន័យផ្ទាល់ខ្លួនដែលបង្កើតជាទម្លាប់រាល់ថ្ងៃក្នុងការអានសៀវភៅ។
៤/ អ្នកមានមិនអានសៀវភៅដើម្បីកម្សាន្តទេ
អ្នកមានស្រឡាញ់ការអាន ប៉ុន្តែគេចូលចិត្តអានស្នាដៃនិពន្ធទាក់ទងនិងការអភិវឌ្ឍខ្លួនច្រើនជាងប្រលោមលោក។
៥/ បន្ថែមពីលើការអានសៀវភៅដោយខ្លួនឯង
អ្នកមានក៏ចូលចិត្តស្តាប់សៀវភៅដែលគេអានថតទុកជាសម្លេងដែរព្រោះគេត្រូវធ្វើដំណើរតាមរថយន្តជាប្រចាំ។
៦/ អ្នកមានបង្កើតទម្លាប់ធ្វើការច្រើនម៉ោងនិងនៅក្នុងការិយាល័យយូរជាងអ្នកផ្សេងទៀត
ទោះជាធ្វើការច្រើនម៉ោងជាប្រចាំ តែគេមិនបង្ខំខ្លួនឯងឱ្យធ្វើការងារទេ គឺគេរីករាយនឹងការងារនោះ។
៧/ អ្នកមានគិតគូរពីសុខភាពណាស់
គេប្រើពេលហាត់ប្រាណជាប្រចាំនិងប្រុងប្រយ័ត្នជានិច្ចចំពោះអ្វីដែលគេទទួលទានរាល់ថ្ងៃ។
ប្រភព៖ Business Insider

0 comments:
Post a Comment