កំពូលមហាសេដ្ឋីលេខ ១ របស់ចិន Jack Ma ដែលជាប្រធានក្រុមហ៊ុន Alibaba បានក្លាយជាប្រធានបទដ៏ពេញនិយមនៅក្នុងបណ្ដាញសារព័ត៌មានក្រោយក្រុមហ៊ុននេះបានហក់ចូលទីផ្សារហ៊ុនជាសាធារណៈ ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
ឃើញអ្នកជំនួញដ៏មានសក្ដានុពលចិនរូបនេះឈរនៅទីកំពូល និងមានលុយវាល់លានមិនមែនមានន័យថា គាត់មិនធ្លាប់ជួយបញ្ហានោះទេ គ្រាន់តែថា តើគាត់ដោះស្រាយបញ្ហានោះដោយរបៀបណា។ មុននឹងក្លាយជាម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មលើអនឡាញធំបំផុតលោកធ្លាប់ហើយឆ្លងបរាជ័យរាប់មិនអស់។
មុនបង្កើតក្រុមហ៊ុនដ៏ធំនេះលោកធ្លាប់ដាក់ពាក្យរកការងារនៅកន្លែងការងារ ៣០ កន្លែងផ្សេងគ្នា តែត្រូវគេទាត់ចោលមិនឲ្យចូលបម្រើការងារទាំងអស់។ នៅពេលក្រុមហ៊ុនចំណីអាហារល្បីឈ្មោះរបស់អាមេរិកចូលទៅទីផ្សារចិន លោកធ្លាប់បានដាក់ពាក្យចូលបម្រើការងារនៅទីនោះទៀត។ ក្នុងចំណោម អ្នកដាក់ពាក្យ ២៤ នាក់រួមទាំងលោកផងនោះ ២៣ នាក់ផ្សេងទៀតជាប់ទាំងអស់ធ្លាក់តែលោកតែម្នាក់។
លោកធ្លាប់ប្រឡងចូលរៀននៅសាកលវិទ្យាល័យល្បីអាមេរិក Harvard ចំនួន ១០ ដង ហើយជាលទ្ធផលគឺលោកធ្លាក់ទាំង ១០ ដង។ ជាបុគ្គលជោគជ័យដូចសព្វថ្ងៃ គ្មាននរណាជឿថា លោកធ្លាប់ហែលឆ្លងបរាជ័យរាប់ភ្លេចបែបនេះទេ។ លោក Jack Ma ក៏ជាមនុស្សដូចគេដូចឯងដែរ រាល់ពេលប្រឡងធ្លាក់ និងបរាជ័យ រហូតសូម្បីតែដាក់ពាក្យធ្វើការនៅហាង KFC ក៏មិនជាប់ លោកក៏ចេះបាក់ទឹកចិត្តដែរ។
តែក្នុងបទសម្ភាសមួយលោកនិយាយថា ជាការពិតមនុស្សគ្រប់គ្នាសុទ្ធតែបាក់ទឹកចិត្ត ពិសេសនៅពេលបរាជ័យច្រើនដងដូចលោក។ តែជាជាងការបាក់ទឹកចិត្តរយៈពេលវែង មានតែការប្តេជ្ញាមិនបោះបង់ទេ ដែលអាចឲ្យបានមកវិញនូវជោគជ័យ។ ដើម្បីជោគជ័យលោកបានចែករំលែកថា មនុស្សគ្រប់គ្នាត្រូវហាត់ពត់លត់ដំឲ្យហើយទៅនឹងបរាជ័យ ព្រោះមិនថា ធ្វើអ្វីក្នុងជីវិតអ្នកនឹងជួបបរាជ័យរាប់មិនអស់គ្រាន់តែទំហំធំ តូច និងរូបភាពខុសៗគ្នាប៉ុណ្ណោះ៕
Source: The Phnom Penh Time

0 comments:
Post a Comment