Filled Under:

បង្កើតអាជីវកម្មជាមួយមិត្តភក្តិល្អឬមិនល្អ?

តើអ្នកធ្លាប់គិតចង់ចាប់ផ្តើមមុខជំនួញណាមួយជាមួយមិត្តភក្ដិឬអត់? អ្នកប្រហែលជាធ្លាប់និយាយ ជាមួយមិត្តជិតដិតរបស់អ្នកពីគំនិតអាជីវកម្មណាមួយដែលអ្នកចង់បង្កើតជាមួយគ្នា។ តើអ្នកមានធ្លាប់គិតឬអត់ថា ការចាប់ផ្តើមអាជីវកម្មជាមួយមិត្តជិតដិតជាការលំបាក ព្រោះពេលចាប់ផ្តើមអ្នកនឹងឈានមួយជំហានពីការដើរលេង ផឹកស៊ីជាមួយគ្នា មកជាការស្រាវជ្រាវទីផ្សារ រៀបចំចាត់ចែងការងារ ថវិកា រហូតពេលខ្លះឈានដល់មើលបំណាំប្រៀបធៀបលទ្ធផលរវាងគ្នាកើតជាជម្លោះក៏មាន។ អញ្ចឹងសួរថា តើការបង្កើតមុខជំនួញជាមួយមិត្តភក្ដិមិនអាចទៅរួចទេមែនទេ? អាចទៅរួច តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់បើមិនចង់ឲ្យសម្ពន្ធភាពយូរឆ្នាំត្រូវរលាយដូចអំបិលត្រូវទឹកទេនោះ។  The Phnom Penh Times នឹងលើកយកចំណុចល្អ ចំណុចមិនល្អ និងចំណុចអាក្រក់ខ្លាំងពីការចាប់ដៃគូធ្វើអាជីវកម្មជាមួយមិត្តភក្ដិមកបង្ហាញដូចខាងក្រោម។
ចំណុចល្អ

និយាយឆាប់ចូលគ្នា៖ ជាមិត្តភក្ដិនឹងគ្នា ការប្រាស្រ័យទាក់ទងគ្នាក្នុងការងារអាចងាយយល់ព្រោះធ្លាប់យល់ចិត្តគ្នាស្រាប់។
យល់ពីចំណុចខ្លាំងនិងចំណុចខ្សោយគ្នាច្បាស់៖ ការយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាច្បាស់គឺមានភាពងាយស្រួលក្នុងការបែងចែកតួនាទី និងទំនួលខុសត្រូវថា  នរណាគួរធ្វើអ្វី នរណាគួរចាត់ចែងអ្វី។ អ្នកអាចដាក់តួនាទីទៅតាមជំនាញដែលមិត្តភក្ដិរបស់អ្នកខ្លាំង និងតួនាទីដែលអ្នកជំនាញ។
ចំណុចមិនល្អ
មានបណ្តាញតែមួយ៖ បណ្តាញមានសារៈសំខាន់សម្រាប់អាជីវកម្មដំបូង។ តែការធ្វើជំនួញជាមួយដៃគូ អ្នកអាចមិនមានបណ្តាញថ្មីបើមិនបែងចែកគ្នាឲ្យច្បាស់ថា នរណាគួរទៅកន្លែងណា  ជួបនរណាឲ្យច្បាស់លាស់ទេ។
ពិបាកទទួលបញ្ជាពីមិត្តភក្ដិ៖ ធម្មជាតិរបស់មនុស្សគឺចូលចិត្តស្តាប់ការបញ្ជាតែពីមេកើយប៉ុណ្ណោះ។ ពេលខ្លះបើទោះជាមិត្តភក្តិអ្នកមានតួនាទីធំជាងក្នុងក្រុមហ៊ុនក៏ដោយ វាពិបាកដែរក្នុងការស្តាប់ ហើយធ្វើតាមព្រោះធម្មតាមិត្តភក្តិច្រើនតែគិតថា ខ្លួនមានតួនាទីស្មើគ្នា។
អាចបែកបាក់សម្ពន្ធភាព៖ ពេលលុយចូលមកដល់ មិត្តភាព សម្ពន្ធភាពអាចនៅមួយឡែក។ មិត្តម្នាក់អាចចង់បានចំណែកច្រើនជាង ដោយគិតថា  ខ្លួនធ្វើច្រើនជាង ល្អជាង ដោយមិនគិតលទ្ធផលជាក្រុម។ លើកលែងតែមានការបែងចែកច្បាស់រវាងមិត្តភាព និងការងារនៅពេលវេលាខុសគ្នាគឺពេលធ្វើការ និងនៅខាងក្រៅ។
ដំបូន្មាន
បើចង់ចាប់ផ្តើមអាជីវកម្មជាមួយមិត្តភក្ដិ កុំចាប់ផ្តើមដោយសារគិតថា ធ្វើជាមួយមិត្តភក្តិគឺងាយស្រួល និងរីករាយ។ ចូរគិតថា តើមិត្តភក្តិរបស់អ្នកមានជំនាញខុសពីអ្នក ដែលអាចជំរុញការងារឲ្យកាន់តែលឿន និងបានលទ្ធផលល្អឬអត់? បើអ្នកយល់គ្នា និងពូតដៃគ្នាជាធ្លុងមួយ ជោគជ័យនឹងរត់មករកអ្នកកាន់តែលឿន៕

ប្រភព៖  americanexpress

0 comments:

Post a Comment