នៅពេលយើងព្យាយាមធ្វើអ្វីមួយដែលមានតម្លៃ ទោះជារឿងមុខជំនួញក្តី រឿងជីវិតក្តី ចំណុចសំខាន់បំផុតដែលត្រូវចងចាំគឺបញ្ហាប្រឈមជាផ្នែកមួយនៃដំណើរការដែលយើងត្រូវជម្នះ។ ជារឿយៗ មនុស្សយើងតែងតែស្វែងរកផ្លូវងាយៗដើម្បីទៅរកជោគជ័យ។ ការពិតគឺថាជោគជ័យមិនងាយសម្រេចបាននោះទេ។ ជាជាងគេចចេញពីបញ្ហា យើងគួរប្រឈមមុខនឹងវាដោយប្រើវិធីទាំង៥ខាងក្រោមនេះ៖
១/ មានមនុស្សធ្លាប់ជួបបញ្ហានេះ និងបានដោះស្រាយវារួចហើយ
៩៩.៩ភាគរយនៃបញ្ហាទាំងអស់ធ្លាប់កើតឡើងមុនពេលយើងកើតទៅទៀត។ នៅពេលណាយើងជួបឧបសគ្គ សូមប្រើពេលគិតមួយសន្ទុះដោយនឹកថាមានមនុស្សដែលនៅកន្លែងផ្សេងពីយើងធ្លាប់ជួបបញ្ហានេះ ហើយគេបានដោះស្រាយវារួចទៅហើយ។ កិច្ចការដែលយើងត្រូវធ្វើគឺអាន និងសិក្សាឱ្យល្អិតល្អន់ក្នុងការងាររបស់យើង។ អាននិងរៀនពីកំហុសឆ្គង រួចអនុវត្តអ្វីៗដែលយើងបានរៀនទៅតាមស្ថានភាពជាក់ស្តែងរបស់យើង។
២/ គ្មានអ្វីដែលមិនអាចទៅរួចនោះទេ
អ្នកខ្លះប្រហែលនិយាយថាវាមិនអាចទៅរួចទេសម្រាប់មនុស្សយើងដែលដកដង្ហើមក្នុងទឹក។ ចុះបើយើងមានឧបករណ៍គ្រប់គ្រាន់វិញ? ហើយចុះបើយើងប្រើប្រាស់នាវាមុជទឹកវិញ? ដំណោះស្រាយដែលយើងកំពុងតែស្វែងរក អាចកើតមានក្នុងរបៀបផ្សេងៗ។ ប្រការចាំបាច់គឺយើងត្រូវតែចេះបើកចិត្តឱ្យទូលាយ ហើយរៀនមើលបញ្ហាឱ្យគ្រប់ជ្រុងជ្រោយដើម្បីរកដំណោះស្រាយ។
៣/ ដំណោះស្រាយមានជានិច្ច
គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ប៉ុន្តែគន្លឹះនៅត្រង់ថាយើងមិនទាន់រកវាឃើញ។ មនុស្សភាគច្រើនចូលចិត្តប្រកាន់ឥរិយាបថស្មុគស្មាញ និងតប់ប្រមល់នៅពេលណាដែលប្រឈមនឹងឧបសគ្គ។ ទម្លាប់បែបនេះមិនមានប្រយោជន៍អ្វីទេ។ ជំនួសមកវិញ យើងត្រូវនិយាយទៅកាន់ខ្លួនយើងថាយើងនឹងគិតរកដំណោះស្រាយឱ្យទាល់តែឃើញ។
៤/ សួរមនុស្សដែលមានពិសោធន៍ជាងខ្លួនយើង
យើងមិនអាចដោះស្រាយបញ្ហាបានតែម្នាក់ឯងដោយគ្រាន់តែអង្គុយគិតក្នុងបន្ទប់ងងឹងបានឡើយ។ យើងដោះស្រាយបញ្ហាតាមរយៈពិភាក្សាជាមួយនឹងមនុស្សនៅជុំវិញខ្លួន និងបញ្ចេញគំនិតចុះឡើង។ នៅពេលយើងជួបបញ្ហា យើងត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនងជាធនធាន។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបបញ្ហា ដូច្នេះហើយវាជារឿងល្អដែលយើងអាចរៀនសូត្រពីកំហុសឆ្គងរបស់គ្នាទៅវិញទៅមក។
៥/ អ្វីដែលមករកយើង គឺជាអ្វីដែលកើតចេញពីយើង
នៅពេលមានបញ្ហាអ្វីមួយកើតឡើង មនុស្សយើងច្រើនតែព្យាយាមស្វែងរកប្រភពពីមនុស្សដទៃ។ តាមពិតវាចាំបាច់ណាស់ដែលយើងត្រូវដឹងថាអ្វីដែលរាល់ការគិតនិងសកម្មភាពរបស់យើងសុទ្ធតែមានផលជះត្រឡប់មករកយើងវិញក្នុងរបៀបណាមួយមិនខាន។ ប្រសិនបើយើងបើកចិត្តឱ្យទូលាយ និងដោះស្រាយបញ្ហាក្នុងរបៀបនឹងធឹង ដំណោះស្រាយនឹងអណ្តែតឡើងមក។ ប៉ុន្តែបើយើងប្រកាន់ចិត្តចង្អៀងចង្អល់និងព្យាយាមបន្ទោសអ្នកដទៃនោះ គេនឹងចាប់ផ្តើមបន្ទោសតបមកយើងវិញមិនខាន៕
ប្រភព Entrepreneur

0 comments:
Post a Comment