មនុស្សយើងម្នាក់ៗសុទ្ធតែធ្លាប់ជួបឱកាសក្នុងជីវិត ប៉ុន្តែការសម្រេចចិត្តអាចទាញយើងមិនឱ្យដើរទៅមុខ ឬរុញយើងឱ្យទៅដល់គោលដៅ។ ការបោះជំហានចេញពីការងារបច្ចុប្បន្នទៅចាប់ឱ្យផ្តើមដំណើរផ្សងព្រេងថ្មីក្នុងជីវិតមិនមែនជារឿងងាយស្រួលទេ។ តើធ្វើយ៉ាងណាពេលលោកអ្នកស្ថិតក្នុងពេលសម្រេចចិត្តដ៏តានតឹងបែបនេះ?
១/ នៅឱ្យឆ្ងាយពីមនុស្សគិតអវិជ្ជមាន
កុំទុកឱ្យគ្រួសារ មិត្តភក្តិ អ្នករួមការងារ ឬមនុស្សផ្សេងបំបាក់ទំនុកចិត្តរបស់លោកអ្នកតាមរយៈការនិយាយថា លោកអ្នកមិនទាន់មានសមត្ថភាព ឬលទ្ធភាពគ្រប់គ្រាន់ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ប្រសិនបើមនុស្សទាំងនោះមិនផ្តល់យោបល់ស្ថាបនាទេ លោកអ្នកមិនត្រូវចែករំលែកគំនិតឬប្រាប់ពូកគេនូវផែនការរបស់លោកអ្នកឡើយ។ ហើយប្រសិនបើក្នុងខួរក្បាលលោកអ្នកមានសម្លេងប្រាប់ថាលោកអ្នកមិនអាចធ្វើកើតទេ នោះមានន័យថាលោកអ្នកកំពុងតែរកលែសដើម្បីគេចវេសមិនព្រមចាប់ផ្តើមអនុវត្តតាមផែនការ។ សូមកុំភ្លេចថា បើមិនព្រមចាប់ផ្តើមនៅពេលនេះទេ លោកអ្នកនឹងស្តាយក្រោយជាមិនខាន។
២/ កុំយកចិត្តទុកដាក់មនុស្សច្រណែន
ជាទូទៅ រឿងច្រណែនជារឿងរបស់អ្នកដទៃ មិនមែនជារឿងរបស់លោកអ្នកទេ។ មនុស្សច្រណែនព្យាយាមរារាំងលោកអ្នកមិនឱ្យទៅណារួច ព្រោះគេខ្លាចថាលោកអ្នកនឹងសម្រេចបានជោគជ័យធំធេងជាងពួកគេ។ លោកអ្នកនឹងចាកចេញផុតពីស្ថានភាពដែលមនុស្សទូទៅនៅវីវក់ធ្វើរាល់ថ្ងៃព្រោះលោកអ្នកបានចាប់ផ្តើមធ្វើខុសគេ។ ហេតុដូច្នេះហើយ មិនត្រូវបណ្តោយឱ្យនរណាម្នាក់ទាញទម្លាក់ទេ។ ពួកអ្នកច្រណែនទាំងនោះមិនខ្លាំងដូចការតាំងចិត្តរបស់លោកអ្នកទេ ហើយក៏មិនអាចមានសេចក្តីក្លាហានសម្រាប់ខ្លួនឯងដែរ។
៣/ កុំខ្លាច
ត្រូវចាំថា កិច្ចការគ្រប់យ៉ាងមិនអាចល្អឥតខ្ចោះនៅពេលចាប់ផ្តើមឡើយ។ ក្នុងដំណើរជីវិត គេតែងតែជួបរឿងល្អនិងអាក្រក់ ដំណើរឡើង និងដំណើរធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកមិនអាចនៅស្ងៀមដោយសារភ័យខ្លាចថាកិច្ចការទាំងអស់នឹងមិនប្រព្រឹត្តទៅតាមអ្វីដែលលោកអ្នកគ្រោងទុកនោះទេ។ បើរស់របៀបនេះ លោកអ្នកនឹងបាត់បង់ឱកាសច្រើនណាស់។ រឿងសំខាន់បំផុតគឺត្រូវបង្ហាញភាពក្លាហាន និងចាប់ផ្តើមបោះជំហានថ្មីក្នុងជីវិត។
៤/ កុំរង់ចាំពេលមកដល់
គ្មានពេលដែលល្អឥតខ្ចោះដើម្បីចាប់ផ្តើមអាជីវកម្មថ្មីនោះទេ។ ពេលនេះជាពេលដែលល្អបំផុត។ បើមិនដូច្នោះទេ ការតាំងចិត្តរបស់លោកអ្នកនឹងរលាយបាត់បន្តិចម្តង ហើយទីបំផុតលោកអ្នកនឹងយល់ថាវាយឺតពេលទៅហើយ។ លោកអ្នកមិនអាចត្រៀមខ្លួនបាន១០០%នោះទេ ដូច្នេះត្រូវតែចាប់ផ្តើមពេលនេះ ហើយកែតម្រូវតាមក្រោយ៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment