Filled Under:

ដំបូន្មាន​៧​យ៉ាង​ដើ​ម្បី​ជោគជ័យ​ពី​លោក​វេជ្ជបណ្ឌិត​ Deepak​ Chopra

លោក​ Deepak​ Chopra ​ដែល​វេជ្ជបណ្ឌិត​ជោគជ័យ​ អ្នកនិពន្ធ ​និង​ជាអ្នកដឹកនាំ​ផ្នែក​គំនិតលំដាប់​ថ្នាក់ពិភពលោក​បានផ្តល់​ដំបូន្មានទាក់ទង​នឹងរបៀប​ដែលសហគ្រិន​អាចទទួល​បានសេរីភាព​ផ្លូវចិត្តដើម្បី​ជោគជ័យ​ក្នុងមុខជំនួញ​ដូចខាងក្រោម​នេះ​៖
១/​ សួរ​ខ្លួន​ឯង​ថា​ហេតុអ្វី​បាន​ជា​ខ្ញុំចង់​ធ្វើ​ជំនួញ​?

មុននឹង​សម្រេចចិត្ត​ជ្រើស​អាជីព​អ្វីមួយ​មនុស្សម្នាក់ៗ​គួរតែសួរ​ខ្លួន​ឯងថា​ តើខ្ញុំ​ជានរណា​? តើខ្ញុំ​ចង់បាន​អ្វីពិត​ប្រាកដ?​ តើ​គោលដៅ​របស់​ខ្ញុំជាអ្វី?​ តើ​​ខ្ញុំធ្វើវិភាគ​ទាន​អ្វីខ្លះ​ដល់សង្គម​? តើ​ខ្ញុំមាន​មនុស្សជា​គំរូ​ដែល​អាចរៀន​សូត្រ​ពីដំណើរ​ជីវិត​របស់​គេបានទេ​?

២/​ កំណត់​ទស្សនវិស័យ​ដើម្បី​ជោគជ័យ
ដើម្បីកំណត់ឱ្យ​ដឹង​ទស្សនវិស័យ​ ឆន្ទៈ ​និង​ការជំរុញ​ចិត្ត​ក្នុងពាណិជ្ជកម្ម​ លោកអ្នក​ត្រូវ​ចាប់ផ្តើម​សួរខ្លួនឯង​ថា​ តើ​អ្វីទៅជាកត្តា​ជំរុញទឹកចិត្ត​ពិតប្រាកដ​របស់ខ្ញុំក្នុង​ការចាប់​ផ្តើម​មុខជំនួញ​?​ តើជោគជ័យ​ក្នុង​ពិភពអាជីវកម្ម​មានន័យ​អ្វីដល់​ជីវិត​របស់ខ្ញុំ​?

៣/​ គិតដល់មនុស្សដែល​លោក​អ្នកចង់​ធ្វើការ​ជាមួយ​គ្នា
សួរ​ខ្លួនឯង​ថា​តើក្រុម​បែបណាដែល​ខ្ញុំចង់ដឹក​នាំ?​ ​តើខ្ញុំអាចបង្កើត​ក្រុមការងារ​មួយដែល​មាន​ទស្សនវិស័យ​រួម​ និងគុណតម្លៃ​ដូចគ្នា​បានដោយ​របៀប​ណា?​ តើ​ខ្ញុំអាច​បង្កើត​កម្លាំង​ចិត្តសមាជិក​ក្រុមការងារ​បាន​ដោយរបៀបណា?​ គិតរកមធ្យោបាយដែល​លោកអ្នក​អាចមានចំណង​មនោសញ្ចេតនា​ជាមួយនឹង​ក្រុមការងារ​ ព្រោះថា​លោកអ្នក​តែម្នាក់​ឯង​មិន​អាចធ្វើ​អ្វីបាន​ទាំងអស់ទេ​។

៤/​ កុំមាន​ចិត្ត​ជាប់​ជំពាក់​នឹង​លទ្ធផល​ការងារ
កុំគិត​ដល់លទ្ធផលពេក​ តែ​ត្រូវគិត​ផ្តោត​លើដំណើរ​ការជាក់​ស្តែង​ឱ្យបាន​ច្រើន។​ ប្រសិន​បើ​លោក​អ្នក​មិនរីករាយចំពោះការងារ​ដែលកំពុង​តែធ្វើទេ​ លោក​អ្នកក៏មិន​អាចសប្បាយ​ចិត្តចំពោះលទ្ធផល​ការងារ​បានដែ។​ រូបមន្តដែល​គួរតែចងចាំគ្រប់​ពេលគឺព្យាយាមសម្រេច​ឱ្យបាន​នូវ​ឧត្តមភាព​ ហើយព្រងើយ​កន្តើយចំពោះជោគជ័យ​។

៥/​ បង្កើត​គោល​ដៅ​ និង​កំណត់​ពេលវេលាដើម្បី​សម្រេច​គោលដៅ​
ពិនិត្យផ្ទៀង​ផ្ទាត់​ជាមួយនឹង​ក្រុមការងារ​លោកអ្នក​ដើម្បី​ឱ្យដឹ​ងច្បាស់ថា​អ្វី​ទៅជាគោល​ដៅពិត​របស់​មុខ​ជំនួញ​លោកអ្នក។​ សាកសួរ​ក្រុមការងារ​តើគេទាំងអស់គ្នា​យល់ព្រម​ចំពោះពេល​កំណត់​ដើម្បីសម្រេចគោលដៅ​នោះដែរ​ឬទេ​?​ តើគោល​ដៅនោះមាន​ភាព​ប្រាកដនិយមទេ?​ តើលោកអ្នក​ប្រឹងប្រែង​ហួសសមត្ថភាព​និងលទ្ធភាព​ទេដើម្បី​តោង​ចាប់គោល​ដៅនោះ​?

៦/​ ស្គាល់​ឱ្យច្បាស់​នូវ​អ្វី​ដែល​ថ្មី
មនុស្សជាច្រើនក្នុងពិភព​ជំនួញមិនសូវ​គិតគូរដល់​កិច្ចការ​ថ្មីឬចាស់​ មុខរបរ​មាន​ស្រាប់ ​ឬ​បង្កើត​ថ្មីនោះទេ។​ លោកអ្នកមិនអាច​មានថ្កុំថ្កើងយូរអង្វែង​ដោយគ្រាន់តែ​ធ្វើត្រាប់​តាម​គេនោះ​ទេ។​ ដើម្បីសម្រេចបាន​ភាពជា​សហគ្រិន​លេចធ្លោ ​លោក​អ្នក​ត្រូវ​គិត​ថាតើ​អ្វីដែល​ខ្ញុំប្រុង​នឹង​ធ្វើនេះពិត​ជាកិច្ចការ​ថ្មីដែលគ្មាន​អ្នកដទៃ​ធ្វើទេ​មែនទេ​?

៧/​ មើល​បញ្ហាឱ្យ​ឃើញ​ជា​ឱកាស
ការរិះគន់​ ឬដើរ​តួជាជន​រងគ្រោះនៃ​ស្ថានការណ៍​អ្វីមួយមិន​មានប្រយោជន៍​ទេ​ ហើយ​ក៏ជាឧបសគ្គ​ចំពោះ​ជោគជ័យដែរ។​ មិនខ្វល់​ថាលោក​អ្នកស្ថិត​នៅក្នុងស្ថានភាព​បែបណាទេ​ ត្រូវ​កំណត់​រកចំណុច​វិជ្ជមាន​និងដើរទៅមុខជាដរាប។​ លោកអ្នក​បង្កើត​សំណាង​ខ្លួនឯង​នៅពេល​មាន​បញ្ហាហើយ​លោកអ្នក​ឃើញ​វាជាឱកាស។​ នៅ​ពេល​ធ្វើបែប​នេះបាន​ លោក​អ្នក​កំពុង​តែស្ថិត​នៅលើមាគ៌ា​ឆ្ពោះ​ទៅ​រកជោគជ័យ​ហើយ៕

ប្រភព ៖ Entrepreneur

0 comments:

Post a Comment