ភាពជាសហគ្រិនមិនងាយស្រួលទេ។ វាមានហានីភ័យច្រើន ជួបបញ្ហាធុញថប់ច្រើន ហើយសហគ្រិនថ្មីៗដែលជោគជ័យពិតប្រាកដមានមិនច្រើនទេ។ ចុះហេតុអ្វីបានជាមនុស្សចូលចិត្តចង់ក្លាយជាសហគ្រិន? ជាទូទៅមនុស្សមានមហិច្ឆតាចង់ប្រជែងនឹងជោគវាសនាខ្លួនឯង ចង់សាកល្បងគំនិតថ្មីៗ និងគ្រប់គ្រងលើស្ថានការក្នុងជីវិត។ ធ្វើការឱ្យគេមិនអាចអនុវត្តគំនិតទាំងអស់នេះបានទេ។ កំពុងតែឆ្ងល់ថាលោកអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរធំដុំក្នុងជីវិតមែនទេ? សូមរកមើលសញ្ញាមួយចំនួនដែលបញ្ជាក់ថាជាអន្តរកាលនៃភាពជានិយោជិត និងភាពជាសហគ្រិន៖
១/ មានឆន្ទៈខ្លាំងចំពោះកិច្ចការដែលលោកអ្នកចង់ធ្វើ តែមិនមែនការងារដែលកំពុងធ្វើឱ្យគេ
សូម្បីតែការងារដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងក៏ប្រហែលជាលោកអ្នកត្រូវលះបង់មហិច្ឆតាផ្ទាល់ខ្លួនខ្លះដែរ។ ពេលធ្វើការឱ្យគេសូមកុំភ្លេចប្រមូលគំនិតល្អផ្ទាល់ខ្លួនទុកដើម្បីកែច្នៃទៅជាការងារផ្ទាល់ខ្លួននៅថ្ងៃណាមួយ ព្រោះថាស្ថាប័នការងារមួយចាប់ផ្តើមចេញពីគំនិតរបស់មនុស្សម្នាក់ឬមួយក្រុមដែលចង់អនុវត្តគំនិតរបស់គេ។
២/ លោកអ្នកធុញទ្រានចំពោះការគិតដដែលៗ
មនុស្សម្នាក់ៗយ៉ាងហោចណាស់ក៏មានក្តីសុបិនខ្លះដែរចំពោះទំនួលខុសត្រូវលើការងារដែលគេធ្វើ។ ការគ្រាន់តែសុបិនចំពោះទំនួសខុសត្រូវនេះមិនគ្រប់គ្រាន់សម្រាប់មនុស្សភាគច្រើន។ ប៉ុន្តែបើលោកអ្នកយល់ឃើញថាខ្លួនឯងចាប់ផ្តើមសោកស្តាយចំពោះក្តីសុបិនទាំងនោះដោយសារមិនទាន់បានធ្វើអ្វីសោះ មានន័យថាដល់ពេលត្រូវចាប់ផ្តើមអ្វីថ្មីហើយ។
៣/ លោកអ្នកចង់ជួយគេឯង
ប្រសិនបើមានចំណុចមួយសម្រាប់សម្គាលសហគ្រិនដែលធ្វើកិច្ចការធំដុំនិងជោគជ័យខ្លាំងនោះគឺភាពរីករាយចំពោះការបង្កើតក្រុមការងារនិងការផ្តល់ឱកាសដល់អ្នកដទៃ។ ការប្រគល់ការដល់នរណាម្នាក់ដែលត្រូវការនិងចង់ធ្វើការងារនោះគឺជាអារម្មណ៍សប្បាយម្យ៉ាងដែលមិនអាចបកស្រាយបានរបស់សហគ្រិន។
៤/ លោកអ្នកមានផែនការច្បាស់លាស់
គំនិតធំជារឿងអស្ចារហើយ ប៉ុន្តែគំនិតទាំងនោះមិនអាចក្លាយទៅជាអ្វីកើតទេ ប្រសិនបើលោកអ្នកមិនមានផែនការដើម្បីអនុវត្តគំនិតនោះឱ្យចេញជារូបរាង។ អ្នកខ្លះហៅលោក Richard Branson ថាជាមនុស្សឆ្កួតគាត់ប្តូរពីអាជីវកម្មលើបណ្តាញថតចម្រៀងទៅចាប់ផ្តើមបង្កើតក្រុមហ៊ុនអាកាសចរណ៍។ តាមពិតគាត់មានផែនការដើម្បីសម្រេចក្តីសុបិននោះ ដែលផ្អែកលើការស្រាវជ្រាវទីផ្សារ។ បើគ្មានផែនការប្រាកដនិយមទេ ទស្សនវិស័យបែបស្រមើស្រមៃរបស់គេមិនអាចក្លាយជាការពិតបានទេ។
៥/ លោកអ្នកមានការគាំទ្រ
មានមនុស្សច្រើននាក់ណាស់ដែលមិនយល់ចំពោះភាពជាសហគ្រិន គឺថាគ្មាននរណាម្នាក់អាចធ្វើអ្វីតែឯងបានទេ។ លោកអ្នកត្រូវការមនុស្សគាំទ្រនៅពេលលោកអ្នកប្រថុយប្រថានសម្រេចគោលដៅ។ មនុស្សគាំទ្រអាចជាក្រុមគ្រួសារ វិនិយោគិន ឬក៏អ្នកផ្តល់ប្រឹក្សា។ គន្លឹះត្រង់ចំណុចនេះគឺថាលោកអ្នកត្រូវមានមនុស្សដែលចាំធានាថាលោកអ្នកមិនអត់បាយហូបទេនៅពេលកំពុងព្យាយាមអនុវត្តផែនការថ្មី៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment