មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់បង្កើតកំហុស។ ប៉ុន្តែមនុស្សដែលចេះរៀនពីកំហុសគឺជាមនុស្សជោគជ័យ។ ទោះបីជីវិតនេះពោពេញដោយមេរៀនយ៉ាងច្រើន ក៏អ្នកជំនាញសង្កេតឃើញថា មានរឿង១០យ៉ាងដែលមនុស្សជោគជ័យជួបប្រទះហើយមិនធ្វើឡើងវិញ៖
១/ ត្រឡប់ទៅធ្វើកិច្ចការដែលមិនផ្តល់ផ្លែផ្កា
ទោះបីជាការងារ ឬទំនាក់ទំនងក្នុងជីវិតក៏ដោយ មនុស្សយើងមិនគួរត្រឡប់ទៅធ្វើរឿងដដែលៗហើយរំពឹងចង់បានលទ្ធផលផ្សេងនោះទេ។
២/ ធ្វើរឿងដែលតម្រូវឱ្យខ្លួនគេត្រូវក្លាយជាមនុស្សដែលគេមិនចង់បាន
អ្វីៗទាំងអស់ដែលយើងធ្វើ យើងត្រូវសួរខ្លួនឯងថា តើហេតុអ្វីបានជាខ្ញុំកំពុងតែធ្វើរឿងនេះ? តើវាសមនឹងខ្ញុំទេ? តើវាមាននិរន្តរភាពទេ? ប្រសិនចម្លើយអវិជ្ជមានចំពោះសំណួរទាំងនេះ លោកអ្នកមិនចាំបាច់បន្តធ្វើទៀតទេ។
៣/ ព្យាយាមកែប្រែនរណាម្នាក់
នៅពេលលោកអ្នកដឹងថា លោកអ្នកមិនអាចបង្ខំនរណាម្នាក់ឱ្យធ្វើអ្វីម្យ៉ាងបាន លោកអ្នកគួរផ្តល់សេរីភាព និងបណ្តោយឱ្យគេទទួលយកលទ្ធផលនៃទង្វើរបស់គេចុះ។ បើធ្វើបែបនេះបាន លោកអ្នកក៏ផ្តល់សេរីភាពឱ្យខ្លួនឯងដែរ។
៤/ ជឿថាគេអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នា
នៅពេលលោកអ្នកដឹងច្បាស់ថា គ្មាននរណាម្នាក់អាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបាន លោកអ្នកចាប់ផ្តើមរស់នៅមានគោលដៅច្បាស់លាស់ ដោយព្យាយាមផ្គាប់ចិត្តតែមនុស្សដែលត្រូវផ្គាប់ចិត្តប៉ុនណោះ។
៥/ ជ្រើសរើសភាពសុខស្រួលរយៈពេលខ្លីជាជាងប្រយោជន៍យូរអង្វែង
នៅពេលមនុស្សជោគជ័យដឹងថា គេចង់បានអ្វីមួយដែលត្រូវភាពអំណត់អត់ធ្មត់ គេមិនខ្វល់នឹងភាពលំបាកដែលត្រូវវិនិយោគនោះទេ ព្រោះវានឹងផ្តល់មកវិញនូវផលប្រយោជន៍យូរអង្វែង។
៦/ ជឿជាក់នរណាម្នាក់ ឬអ្វីម្យ៉ាងដែលហាក់ដូចជាត្រឹមត្រូវឥតខ្ចោះ
ជារឿងធម្មតាទេ មនុស្សយើងមានទំនោទៅរកអ្វីម្យ៉ាងឬនរណាម្នាក់ដែលមើលទៅអស្ចារ។ ប៉ុន្តែត្រូវចាំថា ពិភពលោកនេះគ្មានអ្វីល្អឥតខ្ចោះនោះទេ។ គ្មាននរណាម្នាក់ ហើយក៏គ្មានអ្វីមួយដែលមិនចេះខុសនោះទេ។ ហើយប្រសិនបើនរណាម្នាក់ ឬអ្វីម្យ៉ាងមើលទៅដូចជាឥតខ្ចោះពេក ត្រូវគិតឡើងវិញមុននឹងទុកចិត្ត។
៧/ ដកចិត្តចេញពីគោលដៅធំ
មនុស្សយើងធ្វើការបានប្រសើរក្នុងជីវិតនៅពេលយើងអាចមើលឃើញគោលដៅធំ។ សម្រាប់មនុស្សជោគជ័យ គ្មានព្រឹត្តិការណ៍ណាមួយត្រូវចាត់ទុកថា ជាសាច់រឿងទាំងមូលនោះទេ។ អ្នកឈ្នះតែងតែចងចាំចំណុចនេះ។
៨/ ព្រងើយកន្តើយមិនប្រឹងប្រែង
មិនខ្វល់ថា សំបកក្រៅមើលទៅល្អកម្រិតណានោះទេ លុះត្រាតែមើលឱ្យជ្រៅ និងប្រឹងប្រែងឱ្យពិតប្រាកដទើបយើងរកឃើញអ្វីដែលយើងពិតជាត្រូវការដឹង ពោលគឺសច្ចភាពដែលយើងជំពាក់ខ្លួនយើង។
៩/ ខកខានសួរខ្លួនឯងថាហេតុអ្វីបានជាមកដល់ចំណុចនេះ
ចំណុចខុសគ្នាដ៏ធំបំផុតមួយរវាងមនុស្សជោគជ័យនិងមនុស្សទូទៅគឺ មនុស្សជោគជ័យតែងតែសួរខ្លួនឯងថាតើខ្លួនខ្ញុំកំពុងតែដើរតួជាអ្វីក្នុងស្ថានភាពនេះ? បើនិយាយមួយបែបទៀត គឺមនុស្សជោគជ័យមិនយល់ថា ខ្លួនគេត្រឹមតែជាជនរងគ្រោះទេ បើទោះជាការពិតគេជាជនរងគ្រោះមែនក៏ដោយ។
១០/ ភ្លេចថាជីវិតខាងក្នុងជាកត្តាសម្រេចជោគជ័យខាងក្រៅ
ពេលខ្លះជីវិតរស់នៅល្អមិនសូវមានអ្វីពាក់ព័ន្ធនឹងស្ថានភាពខាងក្រៅប៉ុន្មានទេ។ យើងអាចរីករាយបាន និងសម្រេចក្តីប្រាថ្នាភាគច្រើនតាមរយៈអត្តចរិត និងផ្នត់គំនិតដែលបង្កប់នៅក្នុងខ្លួន។ ហើយជាងនេះទៅទៀត ជីវិតខាងក្នុងចូលរួមវិភាគទានយ៉ាងច្រើនក្នុងការបង្កើតស្ថានភាពខាងក្រៅ៕
ប្រភព ៖ Success Magazine

0 comments:
Post a Comment