ជីវិតជាសហគ្រិនមិនមែនសម្រាប់មនុស្សដែលមានកម្លាំងចិត្តទន់ខ្សោយទេ។ ស្ថាបនិកក្រុមហ៊ុនត្រូវតែបង្កើតផ្លូវដោយខ្លួនឯង ប្រមូលធនធាន និងហ៊ានប្រឈមហានីភ័យខាងហិរញ្ញវត្ថុ។ ដើម្បីយល់ដឹងទម្លាប់នាំទៅរកភាពជោគជ័យ យើងទៅមើលគំរូរបស់សហគ្រិនជោគជ័យវ័យក្មេងមួយចំនួនដូចតទៅ ៖
១/ បង្កើតកាលវិភាគការងារ។
លោក Rameet Chawla ស្ថាបនិកក្រុមហ៊ុនFueledបានរៀបរាប់កាលវិភាគការងាររបស់លោកថា អាហារពេលល្ងាចរបស់ខ្ញុំចប់នៅម៉ោង១១យប់ ហើយចាប់ពីពេលនេះទៅខ្ញុំយកចិត្តទុកដាក់ធ្វើរហូតដល់ម៉ោង៣កន្លះទៀបភ្លឺ។ ការកំណត់ពេលធ្វើការមិនឱ្យមានអ្នករំខានមានសារៈសំខាន់ណាស់ចំពោះលំហូរការងាររបស់ខ្ញុំ។
២/ សួរខ្លួនឯងសំណួរនេះមុនពេលចូលគេង
លោក Jesse Lear សហស្ថាបនិកក្រុមហ៊ុនV.I.P. Waste Servicesមានទម្លាប់សួរសំណួរមួយមុនពេលទទួលទានដំណេកថា ប្រសិនបើខ្ញុំរស់នៅរាល់ថ្ងៃក្នុងរបៀបដដែលៗដូចខ្ញុំធ្វើនៅថ្ងៃនេះ តើអនាគតបែបណាដែលខ្ញុំនឹងទទួលបាន? សំណួរនេះជំរុញឱ្យយើងចេះវាយតម្លៃថាសកម្មភាពរបស់យើងស្របគ្នានឹងអាទិភាពដែលយើងបានកំណត់ឬទេ។
៣/ ដើរផ្សងព្រេងនៅរាល់ពេលចុងសប្តាហ៍ដើម្បីរកគំនិត
រៀងរាល់ចុងសប្តាហ៍លោក Ryan Kania ដែលជាស្ថាបនិកក្រុមហ៊ុនAdvocates for World Healthដើរលេងតាមកន្លែងប្លែកៗមិនធ្លាប់បានទៅពីមុនមកដោយយកសៀវភៅមួយក្បាលតាមខ្លួននិងសរសេរទុករាល់គំនិតដែលកើតឡើងនៅក្នុងដំណើរផ្សងព្រេងនោះ។
៤/ ងូតទឹកក្តៅនិងត្រជាក់រៀងរាល់ព្រឹក
លោក Phil Dumontet ជាស្ថាបនិកក្រុមហ៊ុនDashedមានទម្លាប់ងូតទឹកត្រជាក់ប្រហែល៣០វិនាទី រួចបើកទឹកក្តៅប្រហែល៣០វិនាទី។ បន្ទាប់មកធ្វើរបៀបនេះទៀតដោយកំណត់យកទឹកត្រជាក់ខ្លាំងនិងក្តៅខ្លាំង។ តាមរបៀបនេះ លោក Phil Dumontet អះអាងថាវាផ្តល់នូវថាមពលនិងភាពថ្លាគំនិត ព្រមទាំងអារម្មណ៍ស្រស់ស្រាយដើម្បីចាប់ផ្តើមធ្វើការ។
៥/ កំណត់គោលដៅជាក់លាក់ រាល់សប្តាហ៍និងរាល់ខែ
មានរបៀបរាប់លានដែលគេអាចធ្វើដើម្បីពង្រីកពាណិជ្ជកម្ម។ បញ្ហានៅត្រង់ថា បើយើងព្យាយាមដោះស្រាយបញ្ហាទាំងអស់ក្នុងពេលតែមួយ យើងនឹងមិនអាចទៅមុខរួចទេ។ សហស្ថាបនិកក្រុមហ៊ុន BrandYourself លោកPatrick Ambronបានកំណត់គោលដៅ៣ប្រចាំសប្តាហ៍និងប្រចាំខែ ហើយយ៉ាងហោចណាស់សួរខ្លួនឯងមួយថ្ងៃម្តងថា តើអ្វីដែលខ្ញុំកំពុងតែធ្វើនេះជួយឱ្យសម្រេចបានគោលដៅខ្ញុំទេ?
៦/ បង្កើតបញ្ជីការងារឱ្យបានច្រើនពេលទៅដល់ការិយាល័យ
ស្ថាបនិកក្រុមហ៊ុនiveeគឺលោក Jonathon Nostrant តែងតែចំណាយពេលមួយម៉ោងសរសេរអ្វីៗដែលត្រូវធ្វើព្រោះវាជារបៀបដែលអាចបង្ខំឱ្យលោកគិតដល់ការងារប្រចាំថ្ងៃនិងប្រចាំសប្តាហ៍មុនពេលអនុវត្ត។ទម្លាប់នេះជួយឱ្យស្ថាប័នការងាររីកចម្រើននិងមានភាពច្បាស់លាស់។
ប្រភព Entrepreneur

0 comments:
Post a Comment