ការមានលុយរាប់លានដុល្លារមិនមែនជារឿងស្រមើស្រមៃដូចមនុស្សជាច្រើនគិតនោះទេ។ ប្រសិនបើមានការប្តេជ្ញា និងព្យាយាមច្បាស់លាស់ យើងនឹងអាចរកបាននៅពេលណាមួយជាក់ជាមិនខាន។ បើមានគេធ្វើបាន នោះយើងក៏អាចធ្វើបានដូចគ្នាដែរ។ ប៉ុន្តែ តើហេតុអ្វីបានជាមនុស្សជាច្រើនមិនអាចក្លាយជាអ្នកមានស្តុកស្តម្ភបាន? គឺបណ្តាលមកពីការគិតទាំង១១យ៉ាងនេះ៖
១/ មិនគិតឱ្យបានត្រឹមត្រូវ
សៀវភៅល្បីល្បាញរបស់លោក Napoleon Hill ដែលមានចំណងជើងថា Think and Grow Rich បានបញ្ជាក់ថាអ្នកមានគិតខុសពីអ្នកក្រ ហើយនៅក្នុងទ្រឹះស្តីរបស់ព្រះពុទ្ធក៏បានសង្កត់ធ្ងន់ដែរថាចិត្តជាប្រធាននៃអ្វីៗទាំងអស់។ និយាយជារួម ប្រសិនបើយើងចង់ក្លាយជាអ្នកមាន យើងត្រូវចាប់ផ្តើមផ្លាស់ប្តូររបៀបគិត។
២/ គិតច្រើនជ្រុលលើភាពឥតខ្ចោះ
នៅលើលោកនេះ គ្មានអ្វីដែលត្រឹមត្រូវឥតខ្ចោះនោះទេ។ បើយើងគិតបែបនេះកាន់តែឆាប់ នោះយើងនឹងចាប់ផ្តើមធ្វើកិច្ចការដែលចង់ធ្វើកាន់តែឆាប់ដែរ។ នៅក្នុងមុខជំនួញ បើយើងចំណាយពេលកាន់តែច្រើនគិតរឿងផលិតផល ឬសេវាល្អឥតខ្ចោះ នោះគូប្រជែងនឹងចេញដំណើរបានមុនមិនខាន។
៣/ ចំណាយលើសចំណូល
ពេលចំណេញបន្តិចបន្តួចស្រាប់តែនឹកចង់បានរបស់ប្រើប្រាស់ថ្មីៗថ្លៃភ្លាម។ អ្នកមានមិនងាយចំណាយលុយផ្តេសផ្តាសទេ។ ការរស់នៅនិងប្រើប្រាស់របស់សាមញ្ញៗជាទម្លាប់របស់អ្នកមានជាច្រើនដូចលោក Warren Buffett ជាដើម។
៤/ បង្កើតក្តីរំពឹងមិនប្រាកដនិយម
ពិតណាស់ថាសហគ្រិនត្រូវមានក្តីសុបិនធំ ប៉ុន្តែគេក៏បានកំណត់ក្តីរំពឹងបែបប្រាកដនិយមដែរ។ គេដឹងច្បាស់ថាគេមិនអាចក្លាយជាអ្នកមានត្រឹមតែក្នុងពេលមួយយប់នោះទេ។ គេត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចបានគោលដៅរបស់គេ។
៥/ ដើរតាមគេទាំងងងឹតងងុល
ការរកគ្រូបង្រៀនឱ្យចេះធ្វើជំនួញ ឬអានសៀវភៅល្អដែលបង្រៀនឱ្យចេះបង្កើតជាជីវកម្មជារឿងល្អហើយ។ ប៉ុន្តែមេរៀនខ្លះដែលល្អសម្រាប់អ្នកដទៃ មិនប្រាកដថាល្អសម្រាប់យើងទេ។ ជាក់ស្តែង បើបើកក្រុមហ៊ុនដូច Apple ឬ Microsoft ប្រហែលមិនល្អទេសម្រាប់បច្ចុប្បន្ននេះ។ ត្រូវយល់ថាអ្វីដែលល្អសម្រាប់យើង និងមុខជំនួញរបស់យើង និងស្គាល់របៀបដែលយើងអាចជោគជ័យក្នុងជំនួញ។
៦/ ពឹងផ្អែកជ្រុលលើបំណុល
ការប្រើប្រាស់បំណុលដើម្បីបង្កើតឬពង្រីកមុខជំនួញជារឿងល្អហើយ។ ប៉ុន្តែត្រូវចេះថ្លឹងថ្លែងឱ្យយល់ប្រាកដថាយើងមិនខាតបង់ពេលវេលាប្រកបអាជីវកម្មដើម្បីសងតែបំណុលគេនិងអត្រាការប្រាក់ដែលកាន់តែឡើងខ្ពស់មិនចេះចប់នោះទេ។
៧/ មិនមានផែនការរយៈពេលយូរ
សហគ្រិនជោគជ័យតែងតែរំពៃមើលនិងមានផែនការសម្រាប់អនាគត។ គេដឹងថាគេចង់ទៅណា ហើយតើគេត្រូវជម្នះអ្វីខ្លះដើម្បីសម្រេចគោលដៅ។ ចំណេះដឹងទាំងនេះអាចជួយឱ្យគេគិតទុកជាមុននិងត្រៀមខ្លួនជាស្រេចចាំទទួលយកឧបសគ្គ ព្រមទាំងមានផែនការដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។
៨/ ចំណាយពេលជាមួយមនុស្សខុស
អ្នកមានមិនខ្ជះខ្ជាយពេលវេលាសេបគប់មនុស្សខុសទេ។ មានមនុស្សច្រើនណាស់ដែលចាំតែប្រាប់យើងថា យើងមិនអាចសម្រេចក្តីសុបិនរបស់យើងបានទេ។ ក្រៅពីជៀសវាងពីមនុស្សប្រភេទនេះ អ្នកមានចូលចិត្តចំណាយពេលជាមួយមនុស្សដែលមានចិត្តដូចគេ ពោលគឺមនុស្សដែលមានឆន្ទៈ និងគិតដល់អនាគតដ៏ត្រចះត្រចង់។
៩/ ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង
ទោះបីជាសហគ្រិនត្រូវមានចំណេះដឹងនិងជំនាញជាច្រើនក៏ដោយ ក៏គេនៅតែមិនអាចធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងបាននោះទេ។ បើយើងទើបតែបើកមុខជំនួញថ្មី យើងត្រូវជួលមនុស្សដែលមានទេពកោសល្យដើម្បីពង្រឹងសមត្ថភាពរបស់យើងថែមទៀតនិងបំពេញចំណុចខ្វះខាតរបស់យើង។
១០/ មិននៅក្នុងកាលៈទេសៈត្រឹមត្រូវ
ទោះជារឿងវិនិយោគឬរឿងបង្កើតមុខជំនួញក៏ដោយ ពេលវេលានិងទីតាំងជាកិច្ចការចម្បងដែលត្រូវគិតដល់។ ជំនួសឱ្យការស្រមើស្រមៃ យើងត្រូវត្រៀមខ្លួនឱ្យរួចជាស្រេចគ្រប់ពេល និងចេះចាប់យកឱកាសដែលស្ថិតនៅចំពោះមុខ។
១១/ មិនជឿជាក់លើខ្លួនឯង
ឧបសគ្គចម្បងបំផុតរបស់មនុស្សដែលរារាំងគេមិនឱ្យសម្រេចបានជោគជ័យធំដុំ គឺការមិនមានជំនឿចិត្តលើខ្លួនឯង។ និពន្ធសៀវភៅល្បីគឺ Dale Carnegie ធ្លាប់និយាយថាអសកម្មភាពបង្កើតការសង្ស័យនិងក្តីបារម្ភ។ សកម្មភាពបង្កើតទំនុកចិត្តនិងភាពក្លាហាន។ បើយើងចង់ឈ្នះការភ័យខ្លាច មិនត្រូវសំងំនៅក្នុងផ្ទះហើយគិតតែរឿងភ័យខ្លាចនោះទេ៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment