ខួរក្បាលសហគ្រិនជាឧបករណ៍ដែលអស្ចារនិងគ្រោះថ្នាក់។ គេច្រើនតែគិតច្នៃប្រឌិត ហើយគិតលឿនមិនថានៅក្នុងកាលៈទេសៈបែបណានោះទេ។ ប៉ុន្តែសហគ្រិនក៏ច្រើនតែមានទំនោងាយរងការរំខានដែរ ហើយចំណុចខ្សោយមួយនេះក៏អាចនាំទៅរកលទ្ធផលមិនល្អសម្រាប់មុខជំនួញ។ សូមពិចារណាការរំខានទាំង៧យ៉ាងដូចខាងក្រោមនេះ៖
១/ ច្រើនតែមានគេមកសួរមិនដាច់
មនុស្សត្រូវការលោកអ្នក។ គេត្រូវការយោបល់លោកអ្នកចំពោះការងាររបស់គេ។ គេត្រូវការលោកអ្នកជួយសម្រេចចិត្តគេ។ គេត្រូវការសេចក្តីយល់ព្រមចុងក្រោយរបស់លោកអ្នក។ ហើយពេលខ្លះទៀតគេគ្រាន់តែចង់ចូលរួមជាផ្នែកមួយនៃកិច្ចពិភាក្សារបស់លោកអ្នកតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកភ្ជាប់អ៊ីនថឺណិតជាមួយនឹងទូរសព្ទឬកំព្យូទ័រនោះ មួយថ្ងៃៗលោកអ្នកនឹងរវល់ឆ្លើយតបរកពេលទំនេគ្មានឡើយ។ មធ្យោបាយល្អបំផុតគឺត្រូវកាត់ផ្តាច់ទំនាក់ទំនងទាំងនេះ ហើយផ្តោតលើកិច្ចការសំខាន់ចំពោះមុខវិញ។
២/ បាត់បង់សញ្ញាទៅរកគោលដៅចុងក្រោយ
នៅពេលខ្វល់ខ្វាយនឹងអ្វីដែលកំពុងតែកើតឡើងចំពោះលោកអ្នកភ្លាមៗពេលនេះ លោកអ្នកប្រហែលភ្លេចគោលដៅចុងក្រោយនៃមុខជំនួញ។ ពេលខ្លះរឿងនេះកើតឡើងដោយសារតែការសម្រេចចិត្តរបស់លោកអ្នកលាយឡំដោយមនោសញ្ចេតនាច្រើនជ្រុល ហើយពេលខ្លះទៀតវាអាចបណ្តាលមកពីលទ្ធផលនៃការគិតខ្លី។ ទោះជាក្នុងរបៀបណាក៏ដោយ លោកអ្នកផ្តោតច្រើនលើថ្ងៃនេះ រហូតដល់ភ្លេចនឹកដល់ថ្ងៃស្អែក។
៣/ មើលទៅអនាគតឆ្ងាយពេក
ផ្ទុយស្រឡះពីការគិតតែបច្ចុប្បន្ន លោកអ្នកប្រហែលគិតជ្រុលលើអនាគតវែងឆ្ងាយរហូតដល់រំខានដល់កិច្ចការចំពោះមុខ។ លោកអ្នកត្រូវស្វែងរកតុល្យភាពប្រសិនបើចង់ក្លាយជាសហគ្រិនជោគជ័យ។ ឧទាហរណ៍ ប្រសិនបើលោកអ្នកសំឡឹងរកមើលរបៀបដែលក្រុមហ៊ុនលោកអ្នកក្នុងការរកផលចំណេញនៅរយៈពេល៣ឬ៥ឆ្នាំខាងមុខ លោកអ្នកប្រហែលជាភ្លេចសម្គាល់មើលបញ្ហាកង្វះខាតខាងលំហូរសាច់ប្រាក់នៅពេលបច្ចុប្បន្ន។
៤/ រវល់តែរំលត់ភ្លើង
បញ្ហាកើតឡើងពីគ្រប់ទិសទីទាំងអស់ក្នុងមុខជំនួញ។ នៅថ្ងៃណាក៏ដោយ លោកអ្នកប្រឈមនឹងបញ្ហារំខានមិនចេះឈប់។ បញ្ហាទាំងនេះសុទ្ធតែទាមទារចំណាប់អារម្មណ៍ភ្លាមៗ។ តែប្រសិនរវល់តែដោះស្រាយបញ្ហាទាំងអស់នេះ លោកអ្នកនឹងមិនមានពេលបញ្ចប់កិច្ចការផ្ទាល់ខ្លួនដែលសំខាន់ជាងនេះរាប់រយដងនោះទេ។ បញ្ហាថ្មីៗនឹងកើតឡើងទៀត ហើយការងារពិតប្រាកដរបស់លោកអ្នកនឹងមិនអាចទៅមុខរួចឡើយ។
៥/ បដិសេធមិនព្រមឱ្យគេធ្វើការជំនួស
សហគ្រិនជាច្រើននៅតែវក់វីនឹងកិច្ចការតូចៗដូចជាបង្ហើយការងារស្រាវជ្រាវ បញ្ចូលទិន្នន័យ រៀបចំសារជាដើម។ ប៉ុន្តែការមានទំនួលខុសត្រូវច្រើនពេករបៀបនេះអាចរំខានលោកអ្នកមិនឱ្យធ្វើកិច្ចការដែលមានតែសហគ្រិនទើបអាចធ្វើបាននោះទេ។ ទោះបីជាមើលទៅវាមិនសូវសំខាន់ឬមិនមានប្រសិទ្ធភាពដូចធ្វើផ្ទាល់ដៃក៏ដោយ លោកអ្នកត្រូវតែរៀនចែកទំនួលខុសត្រូវគ្នាធ្វើដើម្បីកុំនៅរែកពុនសែងលីតែឯង រហូតដល់គ្មានពេលធ្វើការធំ។
៦/ ជាប់ដៃក្នុងយុទ្ធសាស្រ្តដែលគ្មានប្រសិទ្ធភាព
លោកអ្នកក៏ទំនងជារងការរំខានពីយុទ្ធសាស្ត្រដែលគ្មានប្រសិទ្ធភាពដែរ។ ប្រសិនបើលោកអ្នកងប់ងល់ខ្លាំងនឹងវិធីសាស្រ្តដែលហួសសម័យ លោកអ្នកនឹងមិនដឹងថាមានយុទ្ធសាស្រ្តថ្មីដែលគេបង្កើតឡើងសម្រាប់ដោះស្រាយបញ្ហាថ្មីនោះទេ។ ត្រូវបើកចិត្តឱ្យទូលាយទទួលយកលទ្ធភាពផ្សេងៗ ហើយមិនត្រូវខ្លាចក្នុងការរៀនអ្វីៗដែលថ្មីនោះទេ។
៧/ មិនមានពេលផ្ទាល់ខ្លួន
ភាគច្រើននៃការរំខានដែលបានរៀបរាប់ខាងដើមមកនេះកើតចេញពីកត្តាខាងក្រៅ។ ប៉ុន្តែសូមកុំភ្លេចថា មុខជំនួញរបស់លោកអ្នកក៏អាចរំខានលោកអ្នកពីរឿងដែលសំខាន់ក្នុងជីវិតដែរ។ ប្រសិនបើគិតផ្តោតតែរឿងជោគជ័យក្នុងមុខជំនួញ លោកអ្នកប្រហែលបាត់បង់មិត្តភក្តិ គ្រួសារ និងសូម្បីតែសុខភាពផ្ទាល់ខ្លួន។ ទុកពេលខ្លះដើម្បីពិចារណាថ្លឹងថ្លែងមើល បើមិនដូច្នោះទេមុខជំនួញជោគជ័យនឹងលែងមានន័យអ្វីទាំងអស់៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment