មានអ្វីដែលត្រូវរៀនជាច្រើនប្រសិនបើយើងចង់បង្កើតមុខជំនួញថ្មី។ អ្នកដែលហ៊ានពុះពាបង្កើតមុខជំនួញបានដោយជោគជ័យទទួលបានការគាប់ចិត្តចំពោះដំណើររបស់គេហើយបានចែករំលែកគំនិតខ្លះសម្រាប់
អ្នកដែលចង់ផ្សងព្រេងក្នុងជីវិតសហគ្រិនដែរ។ ខាងក្រោមនេះជាយោបល់ចំនួន៦ដែលមនុស្សគ្រប់គ្នាអាចអនុវត្តដើម្បីក្លាយជាសហគ្រិនបាន៖
១/ ធ្វើពិសោធន៍ឱ្យច្រើន
ប្រសិនលោកអ្នកមិនទាន់ធ្វើគម្រោងអ្វីទេ សូមចាប់ផ្តើមបង្កើតមួយភ្លាមទៅ។ ទោះបីវាស្មុគស្មាញនិងធ្វើឱ្យជីវិតរវល់ខ្លាំងក៏ដោយ ក៏វាជាគន្លឹះដើម្បីឈានទៅរកការសម្រេចបានសមិទ្ធផលធំធេងក្នុងជីវិតនៅពេលអនាគត។ ស្ថាបនិកគេហទំព័រ Buffer បានព្យាយាមសាកល្បងពិសោធគំនិតរាប់មិនអស់ក្នុងពេលធ្វើការពេញម៉ោងឱ្យគេ មុននឹងសម្រេចបានគម្រោងផ្ទាល់ខ្លួនមួយនេះ។
២/ កុំបាក់ទឹកចិត្ត
អ្នកជំនាញខាងទ្រឹះស្តីទីផ្សារនិងជោគជ័យ លោក Zig Ziglar ធ្លាប់និយាយថាមនុស្សជាច្រើននិយាយថាការលើកទឹកចិត្តមិនអាចនៅបានយូរទេ...ហេតុដូច្នេះហើយបានជាយើងត្រូវការលើកទឹកចិត្តរាល់ថ្ងៃ។ ពិតណាស់ហើយថា នៅពេលខ្លះយើងមិនសូវមានកម្លាំងចិត្តចង់ធ្វើការប៉ុន្មានទេ។ ប៉ុន្តែការរៀនសូត្រពីភាពជោគជ័យរបស់អ្នកដទៃអាចជាវិធីលើកទឹកចិត្តមួយដ៏មានប្រសិទ្ធភាព។
៣/ ធ្វើដំណើរទៅកន្លែងផ្សេងៗ
អ្នកនិពន្ធអាមេរិកល្បីឈ្មោះមួយរូបគឺលោក Mark Twain ធ្លាប់និយាយថាការធ្វើដំណើរអាចលុបបំបាត់នូវគំនិតរើសអើង ការប្រកាន់ខុស និងគំនិតចង្អៀតចង្អល់។ អ្នកខ្លះស្រឡាញ់ស្រុកកំណើតមិនចង់ចេញទៅធ្វើការនៅកន្លែងឆ្ងាយទេ ប៉ុន្តែគេប្រហែលជាអាចជួយបានច្រើនប្រសិនបើគេសម្រេចចិត្តចាកចេញពីស្រុកកំណើតនោះ។
៤/ ជ្រើសរើសមិត្ត
លោក Jim Rohn ដែលជាសហគ្រិននិងអ្នកនិពន្ធល្បីជាតិអាមេរិកនិយាយថា មនុស្សយើងម្នាក់ៗជាការសំយោគចូលគ្នានៃមនុស្ស៥នាក់ដែលយើងប្រាស្រាយទាក់ទងញឹកញាប់បំផុត។ តាមពិតអត្ថប្រយោជន៍នៃការទាក់ទងរបស់មនុស្សគឺការផ្លាស់ប្តូរបទពិសោធន៍និងការរៀនសូត្រពីគ្នាទៅវិញទៅមក។
៥/ ផ្តោតលើការបង្កើតសមិទ្ធផលដែលមនុស្សទូទៅចង់បាន
មនុស្សយើងងាយនឹងរងការរំខានណាស់នៅពេលចាប់ផ្តើមបង្កើតសមិទ្ធផលអ្វីមួយ។ ដើម្បីសម្រេចគោលដៅ យើងត្រូវគិតឱ្យគ្រប់ជ្រុងជ្រោយ សហការគ្នា ប្រមូលធនធាន និងការងាររាប់ជំពូកទៀត។ ប្រសិនបើអ្វីដែលយើងកំពុងតែធ្វើនោះមិនអាចទៅមុខបានទេ សូមបន្តពិសោធដោយប្រើគំនិតថ្មីៗទៀតរហូតទទួលបានលទ្ធផល។
៦/ បើកចិត្តទូលាយ
លោក George Bernard Shaw កវីល្បីឈ្មោះទាំងក្នុងពិភពលោកសិល្បៈនិងនយោបាយបាននិយាយថា ប្រសិនបើអ្នកមានផ្លែប៉ោមមួយ ខ្ញុំមានផ្លែប៉ោមមួយ ហើយបើយើងប្តូរគ្នា យើងនឹងមានផ្លែប៉ោមម្នាក់មួយដដែល។ ប៉ុន្តែបើអ្នកមានគំនិតមួយ ខ្ញុំមានគំនិតមួយ ហើយយើងប្តូរគ្នានោះយើងម្នាក់ៗនឹងមានគំនិតពីរ៕

0 comments:
Post a Comment