យុទ្ធនាការលក់គឺស្ថិតនៅលើសមត្ថភាពនៃការទាក់ទាញនិងរក្សាអតិថិជន។ ប៉ុន្តែនៅពេលមានការប្រកួតប្រជែងខ្លាំងពីមុខជំនួញស្រេដៀងគ្នារាប់រយមុខដូចសព្វថ្ងៃនេះ គេពិតជាពិបាកណាស់ដើម្បីដណ្តើមបានអតិថិជនថ្មីៗ។ លោកអ្នកត្រូវតែបង្កើតយុទ្ធសាស្រ្តទីផ្សារឱ្យខ្លាំងជាងគូប្រជែងទើបអាចនាំមុខគេបាន។ ខាងក្រោមនេះជាមធ្យោបាយល្អបំផុតដើម្បីទាក់ទាញអតិថិជន៖
១/ ប្រើប្រាស់បណ្តាញសង្គមដើម្បីដឹងឱ្យកាន់តែច្រើនអំពីការប្រកួតប្រជែង
គេច្រើនតែប្រើបណ្តាញសង្គមដើម្បីស្រាវជ្រាវអតិថិជន។ លោកអ្នកមិនចាំបាច់ត្រាប់តាមអ្វីដែលក្រុមហ៊ុនដទៃទៀតកំពុងតែធ្វើទេ ប៉ុន្តែលោកអ្នកអាចនឹងស្វែងរកបានយ៉ាងរហ័សនូវអ្វីដែលគេកំពុងតែធ្វើនិងអ្វីដែលគេមិនធ្វើ។ បើលោកអ្នកប្រមូលទិន្នន័យបានកាន់តែច្រើន លោកអ្នកនឹងមានមូលដ្ឋានកាន់តែរឹងមាំដើម្បីបង្កើតផែនការយុទ្ធសាស្រ្ត។
២/ រៀនបែងចែកភាពខុសគ្នារវាងលោកអ្នកនឹងគូប្រជែង
គន្លឹះដើម្បីជោគជ័យរយៈពេលយូរគឺការដឹងច្បាស់នូវភាពខុសគ្នារវាងក្រុមហ៊ុនលោកអ្នកនឹងគូប្រជែងរបស់លោកអ្នក។ នៅពេលដែលលោកអ្នករកឃើញគំនិតអ្វីមួយថ្មីភ្លាម មិនយូរប៉ុន្មានទេនឹងមានគេចម្លងតាមជាក់ជាមិនខាន។ ដូច្នេះការបែងចែកភាពខុសគ្នាគួរតែស្ថិតនៅក្នុងបញ្ជីអាទិភាពនៃការងារព្រោះលោកអ្នកត្រូវតែដើរឱ្យបានមុនគេមួយជំហានឬពីរជំហាន។
៣/ ឈប់ហៅទូរសព្ទមិនបានការ ហើយចាប់ផ្តើមស្រាវជ្រាវ
អ្វីៗគ្រប់យ៉ាងក្នុងពិភពលក់ដូរវិវត្តនៅជុំវិញទិន្នន័យ។ ការនៅអង្គុយមួយកន្លែងចាំតែទូរសព្ទទៅរកអតិថិជនមិនមែនជាការប្រើប្រាស់ពេលវេលាដ៏វៃឆ្លាតទៀតទេ។ មុននឹងចាប់ផ្តើមហៅទូរសព្ទ លោកអ្នកគួរតែស្រាវជ្រាវរកព័ត៌មានអំពីមនុស្សដែលត្រូវហៅទូរសព្ទទៅនោះឱ្យបានជាមុនដើម្បីមានភាពងាយស្រួលក្នុងការបង្កើតទំនាក់ទំនង និងដឹងថាតើលោកអ្នកត្រូវផ្តល់ជូនជម្រើសល្អអ្វីខ្លះដល់មនុស្សដែលលោកអ្នកគិតថាអាចនឹងក្លាយជាអតិថិជននោះ។
៤/ កុំបូបាច់វែងឆ្ងាយ តែនិយាយឱ្យចំចំណុច
មនុស្សមិនចង់ចំណាយពេលអង្គុយស្តាប់ការពន្យល់បកស្រាយវែងអន្លាយខាតពេលច្រើននោះទេ។ គេគ្រាន់តែចង់ដឹងថាតើលោកអ្នកដោះស្រាយបញ្ហាជូនគេបានដោយរបៀបណាប៉ុណ្ណោះ។ ហើយប្រហែលជាគេចង់ដឹងថាតើផលិតផលឬសេវារបស់លោកអ្នកនឹងជួយបង្កើនប្រាក់ចំណូលដល់គេដោយរបៀបណា។ លោកអ្នកគួរតែត្រិះរិះរកវិធីយ៉ាងណាពន្យល់ឱ្យគេយល់នូវអ្វីដែលលោកអ្នកចង់ប្រាប់គេក្នុងរយៈពេលឱ្យតិចជាងមួយនាទី។
៥/ បង្កើនគំនិតសម្រាប់រយៈពេលយូរ
ក្រុមហ៊ុនជាច្រើនងប់ងល់នឹងការលក់ដូរឱ្យបានឆាប់ៗ។ នេះជាការគិតខ្លី។ ការងាប់រស់របស់មុខជំនួញអាស្រ័យលើចំនួនរបស់អតិថិជន។ ដូច្នេះ លោកអ្នកត្រូវគិតរកវិធីបង្កើតកេរ្តិ៍ឈ្មោះ និងមានផែនការរយៈពេលយូរ៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment