នៅចុងសប្តាហ៍មនុស្សជាច្រើនបានចំណាយពេលវេលាដើរលេង ជួបមិត្តភក្តិ ឬទៅមើលកុន តែលោក Kyle Taylor ស្ថាបនិកវេបសាយផ្តល់យោបល់ហិរញ្ញវត្ថុ The Penny Hoarder និងជាសេដ្ឋីវ័យក្មេងអាចរកចំណូលបានប្រមាណ ២០ លានដុល្លារក្នុងមួយឆ្នាំ គាត់មិនបានធ្វើរឿងទាំងនេះទេ ។
លោក Taylor លើកឡើងថា រៀងរាល់ថ្ងៃសៅរ៍ គឺជាថ្ងៃដែលគាត់ត្រូវអាន និងស្តាប់នូវអ្វីដែលកើតឡើងថ្មីៗ នៅគ្រប់វិស័យ ហើយគាត់បានទុកពេលស្ទើរមួយថ្ងៃពេញដើម្បីអាន ។
ក្នុងនោះលោក Taylor ក៏បានលើកឡើងថា “មនុស្សគ្រប់គ្នាគិតថាពួកគេគួរវិនិយោគលើលុយ ប៉ុន្តែការវិនិយោគលើពេលវេលាក៏ជាការសំខាន់ផងដែរ” ។
ជាក់ស្តែងមនុស្សជាច្រើនមិនសូវមានពេលសម្រាកប៉ុន្មានទេ ដូចច្នោះអ្នកត្រូវចេះសន្សំពេលវេលា វិនិយោគលើវា ហើយអ្នកត្រូវចេះទាញផលប្រយោជន៍ពីពេលចុងសប្តាហ៍របស់អ្នកដើម្បីជួយឲ្យប្រសិទ្ធភាពការងារកាន់តែកើនឡើង ។
សហគ្រិនវ័យក្មេងរូបនេះបន្តថា គាត់បានសន្សំពេលវេលាជាច្រើននៅថ្ងៃចុងសប្តាហ៍ ហើយចាត់ទុកថាវាជាការសម្រាក ជាពិសេសប្រសិនបើអ្នកវិនិយោគពេលវេលាលើការអាន សូមកុំមានអារម្មណ៍ថាអ្នកកំពុងរៀនសូត្រពីសៀវភៅ តែអ្នកត្រូវបង្កើតអារម្មណ៍ឲ្យខ្លួនឯងថាវាជាការកំសាន្ត ប៉ុន្តែវាបានជួយអ្នកឲ្យបង្កើនការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនកាន់តែច្រើន ។
មានសៀវភៅនិងឯកសារជាច្រើនដែលអ្នកអាចអាន ឬខ្ចីពីបណ្ណាល័យយកមកអាន ដើម្បីជួយឲ្យអាជីពការងាររបស់អ្នកកាន់តែរីកចម្រើន។ នៅរយៈពេលដំបូងអ្នកអាចមានអារម្មណ៍ថា វាមិនអាចទៅរួចទេដែលនៅសុខៗ ទៅចំណាយពេលអានព័ត៌មាន អានសៀវភៅ ប៉ុន្តែបើអ្នកគិតថាវាជាការកំសាន្តវាប្រាកដជាអាចទៅរួច ។
ចំពោះលោក Taylor ក្រោយពីបានចំណាយពេលវេលានៅថ្ងៃសៅរ៍ដើម្បីអានហើយ គាត់ក៏បានទុកពេលខ្លះឲ្យខ្លួនឯងបានចេញក្រៅជាមួយមិត្តភក្តិ ឬក្រុមគ្រួសារដើម្បីលំហែរអារម្មណ៍ ក៏ដូចជាពិភាក្សាការងារផ្សេងៗ ។
ជាចុងក្រោយលោក Taylor លើកឡើងថា ក្រៅពីការងារអ្នកត្រូវទុកពេលវេលាខ្លះឲ្យខ្លួនឯង ដើម្បីបន្តការរៀនសូត្រ និងធ្វើឲ្យអ្នកកាន់តែរឹងមាំ ។
Source: Business Cambodia

0 comments:
Post a Comment