លោកអ្នកមិនចាំបាច់មានលុយច្រើនដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មក្រុមហ៊ុនរបស់លោកអ្នកទេ។ អ្វីដែលលោកអ្នកត្រូវមានចាំបាច់គឺភាពច្នៃប្រឌិត។ ត្រូវស្គាល់អតិថិជនឱ្យបានច្បាស់ ហើយអនុវត្តតាមវិធីទាំង៣យ៉ាងនេះ៖
១/ អប់រំអតិថិជនលោកអ្នក
មធ្យោបាយល្អបំផុតដើម្បីបង្កើតមូលដ្ឋានឱ្យអតិថិជនទុកចិត្តគឺត្រូវបង្រៀននិងជួយពួកគេឱ្យចេះដោះស្រាយបញ្ហាមុនពេលគេទិញផលិតផលឬប្រើប្រាស់សេវាកម្មលោកអ្នក។ លោកអ្នកអាចប្រើប្រាស់បណ្តាញសង្គមឬផ្ញើសារប្រចាំសប្តាហ៍តាមអ៊ីនថឺណិត។ បើលោកអ្នកគ្មានពេលឬជំនាញខាងសរសេរទេ លោកអ្នកអាចជួលអ្នកជំនាញបានដោយប្រើប្រាស់ថវិកាអស់តិចតែទទួលបានផលច្រើនមកវិញ។ ព្យាយាមធ្វើយ៉ាងណាបង្ហាញសារដែលមានលក្ខណៈអប់រំ ឬជួយអតិថិជនជាជាងប្រឹងប្រែងនិយាយតែពីខ្លួនឯងឱ្យគេស្តាប់។ បើធ្វើត្រូវ លោកអ្នកមិនបាច់អួតខ្លួនទេ អតិថិជននឹងជួយលើកកេរ្តិ៍ឈ្មោះក្រុមហ៊ុនលោកអ្នកមិនខានឡើយ។
២/ បង្កើតបញ្ជី email ឱ្យបានច្រើនតាំងពីដំបូងទៅ
មិនគ្រាន់តែប្រមូល email យកមករក្សាទុកទេ តែត្រូវប្រើប្រាស់ឬផ្ញើរសារសួរសុខទុក្ខទាក់ទងឱ្យបានញឹកញាប់។ លោកអ្នកអាចធ្វើបែបនេះបានតាមរយៈការផ្ញើសារព័ត៌មានប្រចាំសប្តាហ៍។ សូមចងចាំដែរថា លោកអ្នកមិនចាំបាច់តែជាអ្នកបង្កើតព័ត៌មាននោះទេ លោកអ្នកក៏អាចធ្វើជាអ្នកផ្តល់ព័ត៌មាន ឬចែករំលែកព័ត៌មានបានដែរ។ បណ្តាញសង្គមជាកន្លែងដែលមនុស្សជាច្រើនប្រើប្រាស់ញឹកញាប់ប្រចាំថ្ងៃ ដូច្នេះសូមកុំមើលរំលង ហើយព្យាយាមឆ្លយើតបរាល់ចម្ងល់ ឬសំណួររបស់អតិថិជនឱ្យបានកាន់តែឆាប់ កាន់តែប្រសើរ។
៣/ ប្រើប្រាស់អតិថិជនដែលមានស្រាប់ដើម្បីពង្រីកពាណិជ្ជកម្ម
អ្នកជំនួញទូទៅគិតតែពីព្យាយាមបង្កើតអតិថិជនថ្មី តែច្រើនភ្លេចថែរក្សាឬធ្វើទីផ្សារជាមួយអតិថិជនដែលជឿជាក់រួចជាស្រេចលើផលិតផលឬសេវាកម្មលោកអ្នក។ មានវិធីងាយដើម្បីធ្វើទីផ្សារជាមួយអតិថិជនដែលមានស្រាប់ដូចជា៖
- សុំឱ្យអតិថិជនជួយផ្តល់ការវាយតម្លៃតាម email ឬបណ្តាញសង្គម ដោយចង្អុលបង្ហាញគេឱ្យប្រៀបធៀបជាមួយនឹងក្រុមហ៊ុនផ្សេងទៀតតើមានអ្វីដែលល្អនិងអ្វីដែលត្រូវអភិវឌ្ឍ។
- សុំឱ្យអតិថិជនជួយផ្សព្វផ្សាយតៗគ្នានូវផលិតផលថ្មី ឬសេវាកម្មថ្មីដែលលោកអ្នកបង្កើតឡើង។
- ធ្វើឱ្យអតិថិជនសប្បាយចិត្ត តាមរយៈការបង្ហាញក្តីបារម្ភនិងការយកចិត្តទុកដាក់ដូចជាផ្ញើសារអរគុណ ឬបញ្ចូលឈ្មោះពួកគេទៅក្នុងក្រុមនៅលើបណ្តាញសង្គមដើម្បីឱ្យគេអាចយល់ដឹងដំណើរវិវឌ្ឍថ្មីៗរបស់ក្រុមហ៊ុន៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment