ឱកាស​មាស​សម្រាប់​សិស្ស​និស្សិត​ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ក្នុង​ពិព័រណ៍​ការ​ងារ​ថ្នាក់​ជាតិ​ឆ្នាំ២០១៧

  ពិត​ជា​គួរ​ឱ្យ​រំភើប​ចិត្ត​ជំនួស​សិស្ស​និស្សិត​និង​អ្នក​ដែល​កំពុង​តែ​ស្វែង​រក​ការងារ​ ដែល​នេះ​គឺ​ជា​ឱកាស​ដ៏​វិសេស​វិសាល​ដើម្បី​ទទួល​បាន​មុខ​តំណែង​ជាមួយ​នឹង​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន ​នៅក្នុ​ង​ពិព័រណ៍​ការងារ​ និង​ផលិត​ភាព​ជាតិលើកទីប្រាំពីរ ​ឆ្នាំ​២០១៧ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៧ ​និង​ ២៨ ​ខែ​តុលា ​ឆ្នាំ​ ២០១៧ នៅ​សាល​សន្និបាត​និង​ពិព័រណ៍​​កោះពេជ្រ ចាប់​ពី​ម៉ោង​ ៨ ​ព្រឹក ដល់​ម៉ោង ​៨យប់។
    យ៉ាង​ហោច​ណាស់​ ក៏​មាន​ក្រុមហ៊ុន​ និង​សហគ្រាស​ធំៗ ​ជាង​មួយ​រយ​ ស្ថាប័ន​ កំពុង​តែ​រង់ចាំ​ និង​ស្វែងរក​បុគ្គលិក​ជាង​ពីរ​ម៉ឺន​នាក់​ ដើម្បី​ចូល​រួម​សហការ​ការងារ​ទាំង​ពេញ​ម៉ោង​ និង​ក្រៅ​ម៉ោង ​ជាមួយ​នឹង​មុខ​តំណែង​ជាង​ ពីរ​ម៉ឺន​កន្លែង​ នៅ​ក្នុង​ពិព័រណ៍​ការងារ​ និង​ផលិត​ភាព​ជាតិ​ឆ្នាំ​២០១៧​នេះ។ ជាមួយ​គ្នា​នោះ​ដែរ ​ក្រុមហ៊ុន សូវើរីន​ រេថេល​គ្រុប​ ដែល​ជា​ក្រុមហ៊ុន​ស៊ីវីល័យ​ជាង​គេ​នៅ​កម្ពុជា​ ក៏​បាន​ចូល​រួម​ស្វែង​រក​បុគ្គលិក​ដើម្បី​បំពេញ​ការងារ​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ លោក​អ្នក​ក៏​ទទួល​បាន​ការ​ណែ​នាំ​ពី​អាជីព​និង​ជំនាញ​បច្ចេកទេស​ ក៏​ដូច​ជា​សម្ភាសន៏​និង​ជ្រើសរើស​ការងារ​នៅ​នឹង​កន្លែង​ផ្ទាល់​តែ​ម្តង។
            ដូច​នេះ​កុំ​ឲ្យ​ឱកាស​ដ៏​មាន​តម្លៃ​មួយ​នេះ​រំលង​ទៅ​ឱ្យ​សោះ សូម​រៀបចំ​ប្រវត្តិ​​រូប​​សង្ខេប​របស់​លោក​អ្នក​ឥឡូវ​នេះ​និង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ពេជ្រ​ទាំងអស់​គ្នា​ដើម្បី​ទទួល​បាន​ការងារ​ល្អៗ ​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​រង់ចាំ​អ្នក​នៅ​ទី​នោះ​ ដើម្បី​អនាគត​ភ្លឺថ្លា ​សម្រាប់​ក្រុម​គ្រួសារ​និង​សង្គម​ជាតិ​ទាំង​មូល៕ 





Source: sovrinmagazine


គុណសម្បត្តិ​៤​ដែល​ធ្វើ​ឱ្យ​សហគ្រិន​ខុស​ពី​និយោជិត

ប្រសិន​បើលោកអ្នកមិន​អាចអត់ធ្មត់ចំពោះ​ហានីភ័យដែល​នឹងកើត​ឡើងមុនពេលឈា​នទៅដល់ចំណុច​ជោគជ័យ មានន័យថា​លោកអ្នកមិនទាន់​បានត្រៀមខ្លួនរួចរាល់​ដើម្បីចាប់​ផ្តើមអាជីវកម្មផ្ទាល់​ខ្លួននៅ​ឡើយទេ។ ជាការ​ពិតដែលមនុស្ស​យើងភាគច្រើនចង់ក្លាយ​ខ្លួនជាសហគ្រិន ប៉ុន្តែនៅ​តែមានភាពស្ទាក់ស្ទើរ​ស្តាយសុវត្ថិភាព​នៃប្រាក់ខែ​ដែលបានធ្វើការ​ឱ្យគេ។ ខាងក្រោម​នេះជាសញ្ញាទាំង​៤ដែលបញ្ជាក់ថា​លោកអ្នកនៅតែ​ជានិយោជិត ហើយ​មិនទាន់ត្រៀមខ្លួន​ដើម្បីក្លាយ​ជាសហគ្រិន​នៅឡើយ៖
១/ ត្រូវការទិសដៅច្រើនជាការសម្រេចចិត្ត

និយោជិត​ទទួលការផ្តល់​ទិសដៅ​ពីថ្នាក់​លើ។ ពេល​ទទួលបាន​ការងារ​ថ្មី​ និយោជិត​ក៏ទទួលបាន​បរិយាយការងារ​ដែលប្រាប់​គេអំពីម៉ោង​ពេល និងរបៀប​ធ្វើការ។
ផ្ទុយទៅវិញ​សហគ្រិន​រៀបចំពេលវេលា​ធ្វើការដោយ​ខ្លួនឯង និង​សម្រេចដោយ​ខ្លួនឯង​ថាត្រូវធ្វើការ​របៀបណា។ គេបង្ហាញ​វត្តមាន​ចំពោះការងារ​គ្រប់ពេល ហើយ​គេមិនត្រឹមតែ​ប្តេជ្ញាចិត្តចំពោះ​កិច្ចការខ្លួនឯង​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏គិត​ផ្តល់របៀបធ្វើកា​រដល់មនុស្សដទៃ​ទៀតក្នុង​ក្រុមហ៊ុនដែរ​។

២/  ត្រូវការរង្វាន់ជាជាងហានីភ័យ
និយោជិតចង់​បានការផ្តល់រង្វាន់​លើកទឹកចិត្ត​។ គេចង់​ធ្វើកិច្ចការ​និងទទួលបានប្រាក់​លើកទឹកចិត្ត​ដោយមិនខ្វល់​ពីអ្វីទាំងអស់​។
ចំណែកសហគ្រិន​វិញហ៊ានប្រថុយ​ប្រថានចំពោះ​ការមិនបាន​ទទួលប្រាក់​លើកទឹកចិត្តអ្វី​ទាំងអស់ដើម្បី​ធ្វើយ៉ាងណា​ឱ្យបុគ្គលិក​ក្នុងក្រុមហ៊ុន​ទទួលបាន​ប្រាក់កម្រៃសម​តាមកិច្ចប្រឹងប្រែង​របស់ពួកគេ​។

៣/ គិតដល់សុវត្ថិភាពជាជាងការផ្លាស់ប្តូរ
និយោជិតធ្វើការ​ដែលផ្តល់ប្រយោជន៍​និងប្រាក់ខែល្មមគ្រប់គ្រាន់​ដើម្បីទូទាត់ថ្លៃរស់នៅ​។ គេក៏ចង់បានប្រាក់​ខែក្នុងពេលសុំច្បាប់​សម្រាកមួយរយៈ​ដែរ។ ហើយជាទូទៅ​គេចង់ធ្វើការ​ឱ្យក្រុមហ៊ុនណា​ដែលមាន​និរន្តរភាព។
ចំណែកហសគ្រិនវិញ​ដឹងថាភាពនៅ​នឹងមួយកន្លែង​មិនអាចនៅ​ថេររហូតបានទេ​។ គេយល់ថា​ការផ្លាស់ប្តូរក្នុងទីផ្សារ​និងសេដ្ឋកិច្ចអា​ចនឹងត្រូវការ​ឆ្លើយតបភ្លាមៗ ហើយសហគ្រិន​ជាច្រើនរីកចម្រើន​នៅពេលមាន​ការផ្លាស់ប្តូរ​ដែលមើលមិនឃើញ​បែបនេះព្រោះ​តែគេដឹងខ្លួនគ្រប់ពេល​នៃដំណើរវិវឌ្ឍ​សេដ្ឋកិច្ច។

៤/ ឆ្លើយតបច្រើនជាងទំនួលខុសត្រូវ
និយោជិតត្រូវតែ​ឆ្លើយតបទៅ​នឹងបន្ទុកការងារ​។ ប្រសិន​បើមានអ្វី​ខុសឆ្គង គេប្រញាប់​ចង្អុលកំហុស​ដាក់ផ្នែកផ្សេងៗ​។ ប្រតិកម្មជា​បឋមគឺពន្យល់​បកស្រាយមូលហេតុ​ដែលនាំទៅ​ដល់លទ្ធផល​អវិជ្ជមាន​បែបនេះ។
ចំណែកសហគ្រិនវិញ​ទទួលយកទំនួល​ខុសត្រូវនិងការ​ស្តីបន្ទោស​ទាំងអស់ពេលមាន​បញ្ហាកើត​ឡើង។ វាមិនមែន​ជារឿងងាយ​ស្រួលទេ ហើយ​ក៏ជាពេលដែល​អាម៉ាសណាស់​ដែរ។ ប៉ុន្តែវាជាការ​ពិតដែលថាសហគ្រិន​ជាមនុស្សទទួលខុសត្រូវដោយសារ​គេជាអ្នកតម្រង់​ទិសដៅនាវា​ក្រុមហ៊ុន។

ប្រភព ៖ Entrepreneur

សញ្ញា​៥​ដែលប្រាប់ថា​ដល់ពេលឈប់​ធ្វើការឱ្យគេ​និងចាប់ផ្តើម​ការងារ​ខ្លួនឯង

ភាពជា​សហគ្រិនមិន​ងាយស្រួលទេ​។ វាមានហា​នីភ័យច្រើន ជួប​បញ្ហា​ធុញថប់ច្រើន ហើយសហគ្រិនថ្មីៗ​ដែលជោគជ័យពិត​ប្រាកដមានមិន​ច្រើនទេ។ ចុះហេតុអ្វីបានជា​មនុស្សចូលចិត្តចង់ក្លាយ​ជាសហគ្រិន? ជាទូទៅ​មនុស្ស​មានមហិច្ឆតាចង់​ប្រជែងនឹងជោគវាសនា​ខ្លួនឯង ចង់សាកល្បង​គំនិតថ្មីៗ និងគ្រប់គ្រងលើស្ថាន​ការក្នុងជីវិត។ ធ្វើការឱ្យគេ​មិនអាចអនុវត្តគំនិត​ទាំងអស់នេះបានទេ។ កំពុងតែឆ្ងល់ថា​លោកអ្នកត្រៀមខ្លួនរួចរាល់​សម្រាប់ការផ្លាស់​ប្តូរធំដុំក្នុងជីវិតមែនទេ? សូមរកមើល​សញ្ញាមួយចំនួនដែលបញ្ជាក់​ថាជាអន្តរកាលនៃភាពជា​និយោជិត និងភាពជា​សហគ្រិន៖
១/ មានឆន្ទៈខ្លាំងចំពោះកិច្ចការដែលលោកអ្នកចង់ធ្វើ តែមិនមែនការងារដែលកំពុងធ្វើឱ្យគេ

សូម្បីតែការងារ​ដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង​ក៏ប្រហែលជាលោក​អ្នកត្រូវលះបង់មហិច្ឆតា​ផ្ទាល់ខ្លួនខ្លះដែរ។ ពេលធ្វើការ​ឱ្យគេសូមកុំភ្លេច​ប្រមូលគំនិតល្អផ្ទាល់ខ្លួន​ទុកដើម្បីកែច្នៃទៅជា​ការងារផ្ទាល់ខ្លួននៅថ្ងៃ​ណាមួយ ព្រោះថាស្ថាប័នការងារ​មួយចាប់ផ្តើមចេញ​ពីគំនិតរបស់មនុស្សម្នាក់​ឬមួយក្រុមដែលចង់អនុវត្តគំនិត​របស់គេ។

២/ លោកអ្នកធុញទ្រានចំពោះការគិតដដែលៗ
មនុស្សម្នាក់ៗ​យ៉ាងហោចណាស់​ក៏មានក្តីសុបិនខ្លះដែរចំពោះ​ទំនួលខុសត្រូវលើការងារ​ដែលគេធ្វើ។ ការគ្រាន់​តែសុបិនចំពោះ​ទំនួសខុសត្រូវ​នេះមិនគ្រប់គ្រាន់សម្រាប់​មនុស្សភាគច្រើន។ ប៉ុន្តែបើលោក​អ្នកយល់ឃើញថា​ខ្លួនឯងចាប់ផ្តើមសោកស្តាយ​ចំពោះក្តីសុបិនទាំងនោះដោយ​សារមិនទាន់បានធ្វើអ្វីសោះ មានន័យថា​ដល់ពេលត្រូវចាប់​ផ្តើមអ្វីថ្មីហើយ។

៣/ លោកអ្នកចង់ជួយគេឯង
ប្រសិនបើមាន​ចំណុចមួយសម្រាប់​សម្គាលសហគ្រិន​ដែលធ្វើកិច្ចការធំដុំនិងជោគជ័យខ្លាំងនោះ​គឺភាពរីករាយចំពោះ​ការបង្កើតក្រុមការងារ​និងការផ្តល់ឱកាសដល់អ្នកដទៃ​។ ការប្រគល់ការដល់នរណា​ម្នាក់ដែលត្រូវការ​និងចង់ធ្វើការងារនោះគឺជាអារម្មណ៍​សប្បាយម្យ៉ាងដែល​មិនអាចបកស្រាយ​បានរបស់សហគ្រិន។

៤/ លោកអ្នកមានផែនការច្បាស់លាស់
គំនិតធំជារឿងអស្ចារ​ហើយ ប៉ុន្តែគំនិតទាំងនោះ​មិនអាចក្លាយទៅ​ជាអ្វីកើតទេ ប្រសិនបើលោកអ្នក​មិនមានផែនការដើម្បីអនុវត្ត​គំនិតនោះឱ្យ​ចេញជារូបរាង។ អ្នកខ្លះហៅ​លោក Richard Branson ថា​ជាមនុស្សឆ្កួតគាត់​ប្តូរពីអាជីវកម្មលើបណ្តាញថត​ចម្រៀងទៅចាប់ផ្តើមបង្កើត​ក្រុមហ៊ុនអាកាសចរណ៍។ តាម​ពិតគាត់មានផែនការដើម្បីសម្រេច​ក្តីសុបិននោះ ដែលផ្អែកលើការ​ស្រាវជ្រាវទីផ្សារ។ បើគ្មានផែនការប្រាកដ​និយមទេ ទស្សនវិស័យ​បែបស្រមើស្រមៃ​របស់គេមិនអាចក្លាយជាការ​ពិតបានទេ។

៥/ លោកអ្នកមានការគាំទ្រ
មានមនុស្សច្រើន​​នាក់ណាស់ដែលមិន​យល់ចំពោះភាព​ជាសហគ្រិន គឺថា​គ្មាននរណាម្នាក់​អាចធ្វើអ្វីតែឯង​បានទេ។ លោកអ្នកត្រូវ​ការមនុស្សគាំទ្រ​នៅពេលលោកអ្នកប្រថុយប្រថាន​សម្រេចគោលដៅ​។ មនុស្សគាំទ្រ​អាចជា​ក្រុមគ្រួសារ វិនិយោគិន ឬក៏អ្នក​ផ្តល់ប្រឹក្សា។ គន្លឹះ​ត្រង់ចំណុចនេះ​គឺថាលោកអ្នក​ត្រូវមានមនុស្សដែលចាំធានាថាលោកអ្នក​មិនអត់បាយហូប​ទេនៅពេលកំពុង​ព្យាយាមអនុវត្តផែនការ​ថ្មី៕

ប្រភព ៖ Entrepreneur

ទម្លាប់​ប្រចាំថ្ងៃ៦​យ៉ាង​ដែលធ្វើ​ឱ្យខាត​បង់​ពេល​វេលា​ និង​លុយ​កាក់

បុគ្គលិក​ក្រុមហ៊ុននីមួយៗមិន​មែនធ្វើការដល់​កម្រិត១០០%​គ្រប់ពេល​នោះទេ​។ ភាគច្រើននៃបុគ្គលិក​បម្រើការតាម​ក្រុមហ៊ុនតូច​ក្តីធំ​ក្តី ចំណាយ​ពេល​ខ្លះដើម្បីជជែករឿង​ផ្ទាល់ខ្លួនគ្រប់​មធ្យោបាយ​ទាំងនៅចំពោះ​មុខគ្នា និងតាម​បណ្តាញ​សង្គម។ សកម្មភាពរំខាន​ទាំងនេះអាចកាត់​បន្ថយប្រសិទ្ធភាព​និង​ផលិត​ភាពការងារ​មែន ប៉ុន្តែចោរពិត​ប្រាកដដែលលួច​ពេលវេលា​ច្រើនរបស់​ក្រុមហ៊ុន​គឺជាទង្វើ​ដែលថ្នាក់ដឹក​នាំក្រុមហ៊ុន​បង្កើតឡើង និងតម្រូវ​ឱ្យ​បុគ្គលិ​កទាំងអស់​ចូលរួមទៅវិ​ញទេ។ ខាងក្រោម​នេះជា​ទម្លាប់​ប្រចាំថ្ងៃ​ដែល​ស៊ី​ពេលវេលាច្រើន​របស់​ក្រុមហ៊ុន​៖
១/ កិច្ចប្រជុំមិនចាំបាច់

ក្នុង​ការស្ទង់មតិ​ជាច្រើន​កន្លែង ​បុគ្គលិកចាត់ទុក​ការប្រជុំជា​សកម្មភាព​ខាត​បង់ពេលវេលា​ធំបំផុតនៅ​កន្លែង​ធ្វើការ។ ប្រសិនបើលោក​អ្នកជា​មនុស្ស​ទទួលខុសត្រូវរៀប​ចំកិច្ចប្រជុំ​ត្រូវចាំថា​លៃយ៉ាងណា​ប្រជុំតែ​ពេល​ចាំបាច់ ហើយរបៀបវារៈ​ត្រូវកំណត់ឱ្យច្បាស់​លាស់ដើម្បី​បញ្ជៀសការជជែក​បែកអូរហូរជា​ស្ទឹង​ដែលធ្វើឱ្យខាត​បង់ពេល​វេលា​មនុស្ស​គ្រប់គ្នា។

២/ របាយការណ៍មិនចាំបាច់
របាយការណ៍​ដែលលោកអ្នករៀបចំ​ប្រហែលជា​សំខាន់​សម្រាប់តែ​ខ្លួនលោកអ្នកទេ​។ ប្រសិនបើថ្នាក់​ដឹកនាំចង់​មើលរបាយការណ៍​ការងារ​ប្រហែល​ជាលោកអ្នកគ្មាន​អ្វីអាចជៀស​បានទេ ប៉ុន្តែ​ប្រសិនបើលោក​អ្នកគិតតែ​ពីរៀបចំរបាយការណ៍ និង​បញ្ជូនទៅ​មនុស្ស​គ្រប់គ្នា ប្រហែល​លោកអ្នក​ត្រូវ​ប្រាប់​ថ្នាក់ដឹកនាំថា​លោកអ្នកគួរតែចំណាយ​ពេលឱ្យបានច្រើន​ធ្វើកិច្ចការ​ដែល​សំខាន់ជាង​នេះ។

៣/ របៀបធ្វើការហួសសម័យកាល
សកម្មភាព​ពាណិជ្ជកម្មនៅ​តែស៊ីពេលប្រសិន​បើលោកអ្នក​ធ្វើតាម​របៀប​ដូចកាល​ពី១០ឆ្នាំមុន​។ ឯកសារឬមធ្យោបាយ​ទាក់ទងដែល​សរសេរក្រដាស​ស៊ីពេល​ច្រើនទាំងពេល​រៀបចំ និងពេល​ទុកដាក់​។ សូម​ក្រឡេក​មើល​គ្រប់​ជ្រុងជ្រោយ​នៃការងារ​ហើយសួរ​ខ្លួនឯងថា​ហេតុអ្វីបាន​ជាត្រូវធ្វើ​ការក្នុង​របៀបនេះ។ បន្ទាប់មក​សូមស្វែក​រកមធ្យោបាយ​ល្អជំនួស​ដើម្បី​សន្សំពេល។

៤/ ទំនាក់ទំនងច្រើនពេក
កាលពី​សម័យ​មុន បើបុគ្គលិ​កត្រូវពិភាក្សាគ្នា​រឿងអ្វីមួយ​គេត្រូវតែ​ដើរ​ទៅ​រកគ្នា ឬ​និ​យាយ​គ្នាតាមទូរសព្ទ​។ ប៉ុន្តែសព្វថ្ងៃនេះ​ប្រព័ន្ធទំនាក់ទំនង​មានច្រើន​បែបនិងងាយស្រួលណាស់​ដើម្បី​ចែករំលែក​គំនិតគ្នា​។ ទោះ​ជា​យ៉ាងណា និយោជក​គួរតែពិចារណា​ឡើងវិញ​លើការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​ទាំងនេះ​សម្រាប់តែការពិភាគ្សាចាំបាច់​ប៉ុណ្ណោះ ព្រោះ​មធ្យោបាយ​ទាក់ទង​ខ្លះ​ច្រើនតែ​ស៊ីពេល​ឆ្លើយ​តបសារ​ចុះ​ឡើង។

៥/ ប្រតិកម្មតបទៅនឹងការរំខាន
ក្នុងបរិស្ថាន​ការិយាល័យ​បើកទូលាយ​ដូចសព្វ​ថ្ងៃនេះ អ្នកធ្វើ​ការងាយ​នឹង​រងការរំខានពី​សកម្មភាព​របស់អ្នក​ជិតខាង​ណាស់។ ប្រសិន​បើអាច​ សូម​រក​កន្លែងស្ងប់ស្ងាត់​ដើម្បី​ធ្វើការ​នៅពេល​លោកអ្នកព្យាយាម​បង្ហើយ​កិច្ចការ​អ្វីមួយ។ បើធ្វើ​បែបនេះ​មិនបាន​ទេ សូមចំណាយ​លុយទិញ​ឧបករណ៍​បិទ​ត្រចៀក​ដែលអាចជួយ​លោកអ្នក​ឱ្យព្រងើយ​កន្តើយ​នឹងសកម្មភាព​រំខាន​ជុំវិញ​ខ្លួនបាន។

៦/ រអ៊ូរទាំនិងនិយាយដើមគ្នា
ការបង្កើតក្រុមគឺ​ជារឿងសំខាន់នៅក្នុង​ស្ថាប័ន​ការងារ ប៉ុន្តែ​រាល់​ទំនាក់ទំនងរបស់និយោជក​គួរតែមាន​ប្រយោជន៍​គ្រប់ពេល​។ ទោះ​បីជាពេលខ្លះ​ការរអ៊ូរ​ទាំនិង​ការនិយាយរឿង​គេធ្វើឱ្យយើងសប្បាយ​ភ្លេចខ្លួន តែសកម្មភាព​ទាំងនេះគ្មានអ្វីចម្រើន​ទេចំពោះអាជីព​លោកអ្នក។ ថ្នាក់ដឹកនាំ​នឹងយល់​ថា​លោកអ្នកជាមនុស្ស​អវិជ្ជមាន ហើយ​មនុស្សដែលលោកអ្នក​កំពុងតែនិយាយ​ដើមនោះ​នឹងគិតមិនល្អចំពោះ​លោកអ្នកវិញ​ ឬអាចឈាន​ទៅរកការមើល​មុខគ្នាមិន​ចំផងក៏មាន៕

ប្រភព ៖ Entrepreneur

ទម្លាប់​៥​យ៉ាង​ដែល​សហគ្រិន​មិន​ចោល​ការងារ ហើយ​មិន​លែង​សុខភាព

ការអត់​ទ្រាំមិន​គេង ​និង​មិនពិនិត្យ​សុខភាព​ទៀងទាត់​អាច​នឹង​ធ្វើឱ្យ​លោក​អ្នកចំណេញ​ពេលច្រើន​ដើម្បី​ធ្វើការ​រយៈពេលខ្លី​ ប៉ុន្តែ​ទាំង​នេះ​ជាទង្វើ​បំផ្លាញ​សុខភាព​ខ្លួន​ឯង និងនាំ​ទៅរក​ការខាត​បង់ធំ​ក្នុង​រយៈ​ពេលវែង​។ ធ្វើ​ជា​សហគ្រិន​មាន​ការងារ​ច្រើន​ណាស់​ ហើយ​ក៏មាន​សម្ពាធ​ច្រើន​ណាស់​ដែរ​ទាំង​ផ្លូវ​កាយនិង​ផ្លូវ​ចិត្ត​។ យូរៗ​ទៅ​ការប្រឹង​ប្រែង​ហួស​កម្លាំង​ក៏ក្លាយ​ជាទម្លាប់​អាក្រក់ ​ហើយធ្វើឱ្យបាត់បង់​តុល្យភាព​រវាង​ការងារ​នឹង​សុខភាព។​ សហគ្រិន​ដែល​ចង់​មានសុខភាព​ល្អ​ដើម្បី​ធ្វើការបានយូរ​អង្វែង​គួរ​តែបង្កើត​ទម្លាប់​រស់នៅ​ល្អដូចខាងក្រោម​៖​
១/ ត្រូវដឹងស្ថានភាពសុខភាពខ្លួនឯងជានិច្ច

ប្រសិនបើលោក​អ្នកយល់​ថា​លោកអ្នកតែងតែ​អស់កម្លាំង​ល្ហិតល្ហៃ សូម​កុំ​ច្រឡំថា​វាគ្រាន់​តែជា​អារម្មណ៍​តានតឹង​។ ត្រូវ​ប្រញាប់​រៀបចំ​ពេលវេលា​ទៅ​ពិនិត្យសុខភាព​ដើម្បី​ឱ្យដឹង​ច្បាស់​។ ភាព​ល្ហិតល្ហៃ​ជាប្រចាំ​អាចជា​រោគសញ្ញា​នៃ​ជំងឺជា​ច្រើន​ប្រភេទ​ទាំង​ផ្នែករាងកាយ និង​ផ្នែក​ផ្លូវចិត្ត​ ហើយ​ការប្រងើយ​កន្តើយចំពោះ​សុខភាព​គឺជារឿង​ល្ងង់​បំផុត​របស់​មនុស្ស។

២/ លុបបំបាត់ទម្លាប់មិនល្អ
សម្ពាធ​ការងារច្រើន​តែរុញ​ច្រានឱ្យ​សហគ្រិន​ចាប់យក​វិធានការ​ជ្រុល​និយមដូច​ជា​ជក់បារី​ ផឹកស្រា​ ផឹក​ថ្នាំ​មិន​ឱ្យ​ងុយ​គេង​។ល។ ទម្លាប់​ជក់បារី​អាច​បណ្តាល​ឱ្យ​មានជំងឺទឹក​នោមផ្អែម​ ធាត់​ជ្រុល​ និង​មហារីក​ច្រើន​ប្រភេទ។ ​ចំណែក​ការទទួល​ទានជាតិ​ស្រវឹង​ច្រើនជ្រុល​អាចបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បេះដូង ​ខួរក្បាល ​និងថ្លើម។ ​លុបបំបាត់​ទម្លាប់​អាក្រក់​ទាំងនេះ​ជាគន្លឹះ​ទៅ​រក​សុខភាព​ល្អ អារម្មណ៍​ស្វាហាប់ ​និង​ការយក​ចិត្តទុក​ដាក់បាន​ល្អក្នុង​មុខ​ជំនួញ។

៣/ កាត់បន្ថយការបរិភោគអាហារមិនល្អ
លោកអ្ន​ក​មិនចាំបាច់​តមអាហារ ឬជៀស​វាង​មិនបរិភោគ​អាហារ​ទាំង​អស់​នោះទេ​។ គ្រាន់តែ​ទទួល​ទាន​អាហារ​ល្អ​សម្រាប់​សុខភាព​ឱ្យបាន​ច្រើន​ ដូចជាអាហារ​ធម្មជាតិ​ដែល​មិនឆ្លង​កាត់​ការចម្រាញ់​ពី​រោងចក្រ ​ឬអាហារ​កំប៉ុង។​ បើធ្វើបែប​នេះបាន​ លោកអ្នក​នឹងទទួល​បានថាម​ពលគ្រប់គ្រាន់​ដើម្បី​ធ្វើការហើយ​មិនសូវ​មានជំងឺ​រំខាន​ទៀត។

៤/ ហាត់ប្រាណឱ្យបានទៀងទាត់
រាងកាយ​ដែល​មានសុខភាព​ល្អ​នឹង​ជួយដល់​សុខភាព​ផ្លូវចិត្ត​​ឱ្យគិត​បាន​រហ័ស និង​ប្រាជ្ញា​ភ្លឺស្វាង។ ប៉ុន្តែ​មានមនុស្ស​ច្រើនណាស់​ ដែល​មិនហាត់​ប្រាណ​ទៀងទាត់​។ សម្រាប់​សហគ្រិន​ ការគេច​វេស​មិនហាត់​ប្រាណ​មិនមែន​ជារឿង​ល្អទេ។ ដើម្បី​បង្កើន​សកម្មភាព​ហាត់ប្រាណ​នៅក្នុងពេល​ការងារ​លោក​អ្នក​គួរ​សាកល្បង​ដើរចុះឡើង​ពេល​និយាយ​ទូរសព្ទ​ ឬសន្ទនាគ្នា​ជាជាង​អង្គុយ​រាប់ម៉ោង។

៥/ ចេះថ្លឹងថ្លែងរវាងការងារនឹងគ្រួសារ
ជាធម្មតា​ទេដែលសហគ្រិន​ត្រូវតែប្រឹងប្រែង​ដើម្បីសម្រេច​ផែនការ​តាមការគ្រោង​ទុក តាមការ​កំណត់របស់​អតិថិជន និង​តាមបរិស្ថាន​ពាណិជ្ជកម្ម​ប្រកួតប្រជែង​។ ប៉ុន្តែ​គួរចងចាំថា​លោកអ្នក​ក៏មានជីវិត​ត្រូវរស់​នៅ​ដែរ ដែល​មាន​ន័យថា​លោកអ្នកអាច​ជាឪពុក​ ឬម្តាយ​មានគ្រួសារ​ត្រូវផ្តល់​ភាពកក់ក្តៅ។ ​សហគ្រិន​ល្អ​គឺជាមនុស្ស​ដែលចេះ​រៀបចំ​និងបែង​ចែកពេល​វេលា​សម្រា​ប់​ការងារ​និងគ្រួសារ​ច្បាស់លាស់៕

ប្រភព ៖ Entrepreneur

គន្លឹះ​សំខាន់​៥​សម្រាប់​និស្សិតស្វែង​រក​ការងារ​ក្នុង​ក្តី​សុបិន

ការ​ទទួល​បានការងារ​ល្អសព្វថ្ងៃ​នេះជារឿង​ដែលពិបាក​ និង​មាន​លក្ខណៈប្រកួត​ប្រជែង​ខ្លាំង​។ ដូច្នេះ​ការ​ស្វែង​​រក​ការងារ​ក្នុងក្តី​សុបិន​កាន់តែ​ពិបា​កខ្លាំងណាស់​ទៅទៀត។​ ភាគច្រើន​នៃនិស្សិត​ទើប​បញ្ចប់ការសិក្សាថ្មីៗដែលទទួលបានការងារក្នុងក្តីសុបិនគឺជាមនុស្សដែលមានទំនាក់ទំនងល្អ​ឬអ្នក​ដែល​រៀនពូកែ​ជាងគេ​។​ ខាង​ក្រោម​នេះជា​គន្លឹះ​៥យ៉ាង​ដែល​នឹងជួយ​បង្កើន​ឱកាស​លោកអ្នក​ឱ្យឆាប់​ទទួល​បាន​ការងារ​ក្នុង​ក្តីសុបិន​៖
១/ បង្កើតប្រវត្តិរូបលម្អិតនៅលើបណ្តាញ LinkedIn

ការ​បង្ហាញ​វត្តមាន​វិជ្ជាជីវៈ​នៅ​លើអ៊ីន​ថឺណិត​គឺជាជំហាន​សំខាន់​មួយ​ដើម្បីឈាន​ទៅ​រកការងារ​ក្នុងក្តី​សុបិន​។ សព្វ​ថ្ងៃ​នេះ​ បណ្តាញ​សង្គម​វិជ្ជា​ជីវៈ​ដែលពេញ​និយម​បំផុតគឺ LinkedIn ។ តាម​ស្ថិតិ​បញ្ជាក់​ថា អ្នក​ជ្រើស​រើស​បុគ្គលិកនិង​និយោជិត​ប្រើប្រាស់ ​LinkedIn​ ច្រើន​ជាង​បណ្តាញ​សង្គម​ផ្សេងៗ​។ សូម​ចាំថា​លោកអ្នកត្រូវ​រៀបរាប់​ជំនាញ​ទាំងអស់​ដែលបាន​រៀន​សូត្រ និង​បទពិសោធន៍​ដែលធ្លាប់​ឆ្លង​កាត់ព្រម​ទាំង​ទំនួល​ខុសត្រូវ​ទាំងអស់​ដែល​ធ្លាប់​មាន។

២/ បង្កើតបណ្តាញទំនាក់ទំនង
ក្រោយ​​ពី​បង្កើត​​វត្ត​មាន​​វិជ្ជាជីវៈ​​នៅ​​លើ​អ៊ីនថឺណិត​​រួច​​ហើយ​ នៅ​​មាន​​ជំហាន​​ចាំ​បាច់​មួយ​​ទៀត​ក្នុងការ​​បង្កើត​​ទំនាក់ទំនង​​ជាមួយ​​អ្នក​​ដទៃ​។ ក្រៅ​​ពី​​បណ្តាញ​សង្គម​​​​ទូទៅ​​ដូចជា​​ Facebook​ ​និង ​Twitter​​ ជម្រើស​​បន្ថែម​​ផ្សេង​​ទៀត​​ក៏​​មានប្រសិទ្ធភាព​​ដែរ​​ដូច​​ជា​​ការិយាល័យ​​រក​ការងារ​​របស់​​មហា​វិទ្យាល័យ​ និង​ការិយាល័យ​​រក​​ការងារ​សាធារណៈ​​ជាដើម​​ដែល​សុទ្ធ​តែ​ជាកន្លែង​ជួប​គ្នារ​វាងអ្នក​រកបុគ្គលិក​នឹងអ្នករក​ការងារ​ធ្វើ។

៣/ ធ្វើកម្មសិក្សាឱ្យបានឆាប់
អាថ៌កំបាំង​មួយទៀតដើម្បីទទួល​បាន​ការងារ​ក្នុងក្តី​សុបិន​គឺ​សមត្ថភាព​របស់លោក​អ្នក​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​។ ហើយ​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​សម្តែង​ការ​ប្តេជ្ញាចិត្ត​គឺ​កម្មសិក្សា​នៅ​តាម​ស្ថាប័ន​ការងារ​ដែល​លោក​អ្នកពេញ​ចិត្ត​។​ ក្រុមហ៊ុន​ធំៗ​ភាគ​ច្រើន​មិនជួល​មនុស្ស​ទើប​បញ្ចប់ការ​សិក្សា​ភ្លាមៗ​ទេ​ ប៉ុន្តែ​គេ​នឹងពិចារណា​ផ្តល់​ឱកាស​ឱ្យលោក​អ្នក​ធ្វើ​កម្មសិក្សា។

៤/  ស្វែងរកអ្នកណែនាំល្អ ឬធ្វើខ្លួនជាអ្នករៀនសូត្រធ្វើការល្អ
ការ​ទទួល​បា​ន​អ្នក​ណែនាំ​ការងារ​ល្អ​ជួយ​បាន​ច្រើន​ណាស់​។ ម្តាយ​ឪពុក​ បង​ប្អូន​ គ្រូ​ និង​មនុស្ស​ផ្សេង​ទៀត​អាច​ជា​អ្នកណែនាំ​ការងារ​របស់​លោក​អ្នក​។ ​ប៉ុន្តែដើម្បី​ឈាន​ទៅដល់​គោលដៅ​ឱ្យបាន​ឆាប់​ លោក​អ្នកគួរ​តែស្វែង​រក​អ្នក​ណែនាំការងារ​វិជ្ជាជីវៈ​ក្នុង​វិស័យ​ដែល​លោក​អ្នកចូល​ចិត្ត។​ បន្ថែម​ពីលើ​នេះ​ ត្រូវ​ព្យាយាម​អាន​សៀវភៅ​ជំនាញ​ក្នុង​វិស័យ​ដែល​លោក​អ្នកពេញ​ចិត្ត​ឱ្យ​បាន​ច្រើន​។

៥/ រៀនជំនាញក្នុងវិស័យដែលលោកអ្នកចង់ធ្វើការ
និស្សិត​ជាច្រើន​គិត​ថា​មេរៀន​ក្នុង​មហាវិទ្យាល័យ​តែ​ម្យ៉ាង​អាច​ជួយ​គេឱ្យ​ទទួលបាន​ការងារ​ក្នុង​ក្តី​សុបិន​។ ប៉ុន្តែ​សង្គម​ការងារ​ជាក់​ស្តែង​តម្រូវឱ្យ​មាន​ចំណេះនិង​ជំនាញ​លើស​ពីអ្វីដែល​រៀន​នៅ​មហាវិទ្យាល័យ។ ដើម្បី​បញ្ជៀស​ចំណុច​ខ្វះខាត​ពេលប្រលូក​ក្នុង​ពិភពការងារ​ជាក់ស្តែង​ លោក​អ្នក​គួរ​ស្វែង​រក​រៀន​វគ្គជំនាញ​ឱ្យ​បាន​ច្រើន​ដែល​ផ្តោត​ចំៗ​និង​លម្អិត​ជាង​មេរៀន​ទូទៅ​នៅ​មហាវិទ្យាល័យ៕

ប្រភព ៖ Entrepreneur

៤​ជំហាន​នេះ​នឹង​នាំ​អ្នក​ទៅ​ឱ្យ​ដល់​គោល​ដៅ​ជីវិត

មិនខ្វល់​ថា​គោល​ដៅក្នុង​ជីវិតលោក​អ្នក​ជាអ្វីនោះ​ទេ​ លោក​អ្នកត្រូវ​តែ​មាន​ភាពស្មោះ​ត្រង់​ដើម្បី​វិភាគ​ខ្លួន​ឯង​ និងកំណត់​ទីតាំង​បច្ចុប្បន្ន​ឱ្យ​បាន​ច្បាស់លាស់​។ ពេលស្គាល់ចំណុចខ្លាំង និងចំណុច​ខ្សោយ​ច្បាស់​ហើយ​ លោកអ្នក​នឹង​ដឹង​ថាត្រូវ​ផ្តោត​អភិវឌ្ឍ​លើ​ចំណុច​ណាដើម្បី​ទៅឱ្យដល់​គោលដៅ​។ ខាង​ក្រោម​នេះជាជំហាន​ទាំង​៤​ដែ​ល​នឹង​ជួយ​ឱ្យលោកអ្នក​ផ្តោត​ពេលវេលា និង​ថាមពលដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅ​ក្នុង​ជីវិត៖
១/ ស្គាល់ខ្លួនឯងឱ្យបានច្រើន

ប្រសិន​បើលោក​អ្នកមិនស្គាល់​ខ្លួនឯង​ទេ លោកអ្នក​គួរ​តែ​ចេះ​សាកសួរយោបល់​អ្នក​នៅជុំវិញ​ខ្លួនព្រោះ​គេអាចស្គាល់​លោក​អ្នកបាន​ច្បាស់។​ ប៉ុន្តែ​សូមត្រៀម​ចិត្ត​ជាស្រេច​ដើម្បី​ទទួល​ស្គាប់ទាំងចំណុច​ល្អ និង​ចំណុច​អាក្រក់។ ​ការស្តាប់​អ្នកដទៃ​ដោយ​យកចិត្តទុក​ដាក់នឹងធ្វើ​ឱ្យលោកអ្នក​ស្គាល់ខ្លួន​ឯង​បានច្រើន​ជាង​ការស្វែង​យល់ និងឱ្យ​តម្លៃ​ដោយខ្លួន​ឯង។

២/ រៀនប្រើប្រាស់ចំណុចខ្លាំង
ពេលលោកអ្នក​រកឃើញ​ចំណុច​ខ្លាំង​របស់ខ្លួន​ឯង​ហើយ សូម​កត់​ត្រាទុកហើយ​រកនឹក​របៀបប្រើ​ប្រាស់ចំណុច​ខ្លាំង​ទាំងនោះ​ដើម្បី​សម្រេច​គោលដៅ។ ចំណុច​ខ្លាំង និងទេពកោសល្យ​ធម្មជាតិ​របស់លោ​កអ្នកនឹង​ប្រាប់​លោក​អ្នក​នូវផ្លូវ​ដែលត្រូវ​ដើរ ចំណែក​ចំណុច​ខ្សោយ​របស់​លោកអ្នក​នឹងជួយ​ចង្អុល​បង្ហាញផ្លូវ​ដែល​ត្រូវ​ជៀសវាង។

៣/ គោរពចំណុចខ្សោយខ្លួនឯង
គោរព​ចំណុច​ខ្សោយ​ដែលខ្លួន​ឯងមាន ប៉ុន្តែ​មិនត្រូវ​ចំណាយ​ពេល​អណ្តែត​អណ្តូង​ក្នុងចំណុច​ខ្សោយ​ទាំងនោះ​ទេ។ មនុស្សម្នាក់ៗ​មានចំណុច​ខ្សោយ​ច្រើនណាស់​ ប៉ុន្តែ​លោកអ្នក​មិនត្រូវ​គិតតែ​ពីផ្តោតចិត្ត និងពេល​វេលា​លើ​ចំណុចខ្សោយ​ទាំងនោះ​ឡើយ។ ផ្ទុយ​ទៅវិញ​លោក​អ្នកគួរ​តែផ្តោត​លើចំណុច​ខ្លាំង និង​ឱកាស​ដែល​នៅចំពោះ​មុខ។

៤/ មិនត្រូវងាករេចេញពីគោលដៅ
ប្រសិន​បើលោកអ្នក​អាចប្រើប្រាស់​ចំណុចខ្លាំង និងគោរព​ចំណុច​ខ្សោយ​ខ្លួនឯង ​លោកអ្នកនឹង​មានទំនុក​ចិត្តដើម្បី​ទទួលជ័យ​ជម្នះ​លើគ្រប់​ស្ថានការ​ទាំង​អស់​។ ឧទាហរណ៍​ជាក់ស្តែងក្នុង​ការសន្ទនា​ជាមួយ​មនុស្សប្រចាំ​ថ្ងៃ បើ​គេនិយាយ​ចំណុចដែល​លោកអ្នក​ចេះច្បាស់​ហើយ ​លោកអ្នក​មិនត្រូវ​ស្ទាក់​ស្ទើរក្នុង​ការចូលរួម​ចែករំលែក​ចំណេះ​ដឹង គំនិត​ និង​យោបល់​របស់​លោកអ្នក​ទេ ប៉ុន្តែ​បើគេនិយាយ​រឿងខុស​ប្រធានបទ​ដែលោក​អ្នក​ចេះ មិនគួរ​ប្រថុយ​ចូល​រួមយោបល់​ទាំង​មិន​ដឹងខ្យល់​អ្វីនោះ​ទេ៕

ប្រភព ៖ Success Magazine

រឿង ១០ យ៉ាង​ដែល​មនុស្ស​ជោគជ័យ​មិន​ធ្វើ​ឡើង​វិញ

មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​បង្កើតកំហុស​។​ ប៉ុន្តែ​មនុស្ស​ដែល​ចេះ​រៀន​ពីកំហុស​គឺជាមនុស្ស​ជោគជ័យ។​ ទោះ​បីជីវិត​នេះពោពេញ​ដោយ​មេរៀន​យ៉ាង​ច្រើន​ ក៏​អ្នក​ជំនាញ​សង្កេតឃើញ​ថា មាន​រឿង​១០​យ៉ាង​ដែល​មនុស្ស​ជោគជ័យ​ជួប​ប្រទះ​ហើយ​មិន​ធ្វើ​ឡើង​វិញ​៖
១/ ត្រឡប់ទៅធ្វើកិច្ចការដែលមិនផ្តល់ផ្លែផ្កា

ទោះ​បីជាការងារ​ ឬទំនាក់ទំនង​ក្នុងជីវិត​ក៏ដោយ ​មនុស្សយើង​មិនគួរ​ត្រឡប់​ទៅធ្វើ​រឿងដដែលៗ​ហើយ​រំពឹង​ចង់​បានលទ្ធផល​ផ្សេង​នោះ​ទេ​។

២/ ធ្វើរឿងដែលតម្រូវឱ្យខ្លួនគេត្រូវក្លាយជាមនុស្សដែលគេមិនចង់បាន
អ្វីៗ​ទាំង​អស់ដែល​យើងធ្វើ ​យើងត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​ហេតុ​អ្វីបាន​ជាខ្ញុំកំពុង​តែធ្វើ​រឿងនេះ​?​ តើ​វាសម​នឹងខ្ញុំ​ទេ?​ តើ​វា​មាននិរន្តរភាព​ទេ?​ ប្រសិន​ចម្លើយ​អវិជ្ជមាន​ចំពោះ​សំណួរ​ទាំងនេះ​ លោកអ្នក​មិនចាំបាច់​បន្ត​ធ្វើទៀត​ទេ។

៣/ ព្យាយាមកែប្រែនរណាម្នាក់
នៅ​ពេលលោក​អ្នកដឹងថា លោកអ្នក​មិនអាច​បង្ខំ​នរណា​ម្នាក់ឱ្យ​ធ្វើ​អ្វីម្យ៉ាង​បាន​ លោក​អ្នក​គួរ​ផ្តល់​សេរីភាព និង​បណ្តោយឱ្យគេ​ទទួល​យកលទ្ធផល​នៃ​ទង្វើ​របស់​គេចុះ​។ បើ​ធ្វើ​បែប​នេះបាន ​លោក​អ្នកក៏​ផ្តល់​សេរីភាព​ឱ្យខ្លួន​ឯងដែរ​។

៤/ ជឿថាគេអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នា
នៅ​ពេលលោក​អ្នក​ដឹងច្បាស់​ថា គ្មាន​នរណា​ម្នាក់​អាច​ផ្គាប់ចិត្ត​មនុស្សគ្រប់​គ្នា​បាន​ លោក​អ្នក​ចាប់ផ្តើម​រស់​នៅ​មានគោល​ដៅច្បាស់លាស់​ ដោយ​ព្យាយាម​ផ្គាប់​ចិត្ត​តែ​មនុស្សដែល​ត្រូវផ្គាប់​ចិត្តប៉ុន​ណោះ។ 

៥/ ជ្រើសរើសភាពសុខស្រួលរយៈពេលខ្លីជាជាងប្រយោជន៍យូរអង្វែង
នៅ​ពេលមនុស្សជោគជ័យ​ដឹងថា គេចង់​បានអ្វី​មួយ​ដែល​ត្រូវ​​ភាព​អំណត់​អត់ធ្មត់​ គេមិន​ខ្វល់​នឹង​ភាព​លំបាក​ដែលត្រូវ​វិនិយោគ​នោះ​ទេ​ ព្រោះ​វា​នឹងផ្តល់​មក​វិញ​នូវ​ផលប្រយោជន៍​យូរអង្វែង​។

៦/ ជឿជាក់នរណាម្នាក់ ឬអ្វីម្យ៉ាងដែលហាក់ដូចជាត្រឹមត្រូវឥតខ្ចោះ
ជា​រឿង​ធម្មតា​ទេ​ មនុស្ស​យើង​មាន​ទំនោ​ទៅ​រក​អ្វីម្យ៉ាង​ឬ​នរណា​ម្នាក់​ដែល​មើល​ទៅ​អស្ចារ​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ ពិភពលោក​នេះគ្មាន​អ្វីល្អ​ឥតខ្ចោះ​នោះទេ។ ​គ្មាន​នរណា​ម្នាក់ ហើយ​ក៏គ្មាន​អ្វីមួយ​ដែលមិន​ចេះខុស​នោះទេ។​ ហើយប្រសិន​បើ​នរណាម្នាក់ ឬអ្វីម្យ៉ាង​មើល​ទៅដូច​ជា​ឥតខ្ចោះ​ពេក​ ត្រូវគិត​ឡើង​វិញ​មុន​នឹង​ទុក​ចិត្ត។

៧/ ដកចិត្តចេញពីគោលដៅធំ
មនុស្ស​យើង​ធ្វើ​ការ​បាន​ប្រសើរ​ក្នុងជីវិត​នៅ​ពេល​យើង​អាចមើល​ឃើញ​គោល​ដៅធំ។​ សម្រាប់​មនុស្ស​ជោគជ័យ​ គ្មាន​ព្រឹត្តិការណ៍​ណាមួយ​ត្រូវចាត់​ទុកថា ជាសាច់​រឿង​ទាំង​មូលនោះ​ទេ។​ អ្នកឈ្នះ​តែងតែ​ចង​ចាំ​ចំណុច​នេះ។

៨/ ព្រងើយកន្តើយ​មិនប្រឹងប្រែង
មិនខ្វល់​ថា សំបក​ក្រៅ​មើល​ទៅល្អក​ម្រិត​ណា​នោះ​ទេ​ លុះត្រា​តែមើល​ឱ្យ​ជ្រៅ ​និងប្រឹងប្រែង​ឱ្យ​ពិតប្រាកដ​ទើប​យើង​រកឃើញ​អ្វីដែល​យើង​ពិត​ជាត្រូវការ​ដឹង​ ពោល​គឺ​សច្ចភាព​ដែលយើង​ជំពាក់​ខ្លួន​យើង។

៩/ ខកខានសួរខ្លួនឯងថាហេតុអ្វីបានជាមកដល់ចំណុចនេះ
ចំណុច​ខុសគ្នា​ដ៏​ធំបំផុត​មួយ​រវាង​មនុស្ស​ជោគជ័យ​និង​មនុស្ស​ទូទៅ​គឺ មនុស្ស​ជោគជ័យ​តែងតែ​សួរ​ខ្លួន​ឯង​ថា​តើ​ខ្លួនខ្ញុំ​កំពុងតែ​ដើរ​តួជាអ្វី​ក្នុង​ស្ថានភាព​នេះ?​ បើ​និយាយ​មួយ​បែបទៀត​ គឺ​មនុស្ស​ជោគជ័យ​មិន​យល់ថា ខ្លួន​គេ​ត្រឹម​តែ​ជា​ជន​រងគ្រោះ​ទេ​ បើ​ទោះ​ជា​ការ​ពិត​គេ​ជា​ជន​រងគ្រោះ​មែន​ក៏​ដោយ។

១០/ ភ្លេចថាជីវិតខាងក្នុងជាកត្តាសម្រេចជោគជ័យខាងក្រៅ
ពេលខ្លះ​ជីវិត​រស់​នៅ​ល្អមិ​នសូវ​មានអ្វី​ពាក់ព័ន្ធ​នឹង​ស្ថានភាពខាងក្រៅ​ប៉ុន្មានទេ​។​ យើង​អាចរីករាយ​បា​ន​ និង​សម្រេច​ក្តីប្រាថ្នា​ភាគច្រើន​តាមរយៈ​អត្តចរិត​ និង​ផ្នត់គំនិត​ដែល​បង្កប់នៅ​ក្នុងខ្លួន​។ ហើយ​ជាង​នេះ​ទៅ​ទៀត​ ជីវិត​ខាង​ក្នុង​ចូល​រួមវិភាគទាន​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើត​ស្ថានភាព​ខាង​ក្រៅ៕

ប្រភព ៖ Success Magazine

បុគ្គលិក​លក្ខណៈ​ពិសេស​ ៧ ​របស់​មេដឹក​នាំ​អស្ចារ្យ

ប្រសិន​បើលោកអ្នក​ចង់ធ្វើជាអ្នកដឹក​នាំដែលអាច​ប្រមូលផ្តុំ​មនុស្ស​មាន​សមត្ថភាព​ លោកអ្នក​ត្រូវតែធ្វើ​ខ្លួនជាមនុស្ស​ដែលមាន​សមត្ថភាព​ខ្លាំងពូកែ។​ អ្វី​ដែលសំខាន់​ក្នុងភាពជា​អ្នកដឹកនាំ​គឺកំណត់​អត្តសញ្ញាណ​ជំនាញ​របស់​លោក​អ្នក​តាម​រយៈ​មធ្យោបាយ​ដូចខាង​ក្រោមនេះ​៖
១/ រៀនធ្វើជាអ្នកខ្លាំងពូកែតែមិនឈ្លើយ

លោកអ្នក​ត្រូវតែបោះ​ជំហាន​មុនគេ​ដើម្បី​អភិវឌ្ឍខ្លួន​ឯងឱ្យ​មាន​ឥទ្ធិពល​ជា​មេដឹក​នាំដែល​មានសមត្ថភាព​ច្រើនជំនាញ​ ប៉ុន្តែ​ត្រូវចាំ​ថា​មាន​មនុស្ស​ខ្លះ​យល់ច្រឡំ​ភាពក្រអើត​ក្រទមថា​ជាអំណាច។

២/ រៀនធ្វើចិត្តល្អតែមិនទន់ជ្រាយ
លោកអ្នក​មិនត្រូវយល់​ច្រឡំ​ថា ភាពទន់​ខ្សោយជា​ចិត្តល្អទេ។​ ចិត្ត​ល្អ​មិន​ទន់ជ្រាយ​ទេ​ តែវា​ជាកម្លាំង​ពិសេស​ម្យ៉ាង។​ លោកអ្នក​ត្រូវ​តែមាន​សន្តាន​ចិត្ត​ល្អដើម្បី​ប្រាប់​ការពិត​ដល់​គេឯង។

៣/ រៀន​ធ្វើខ្លួន​អង់អាច​តែមិន​បំពាន​គេ​ឯង
ដើម្បីយក​ឈ្នះលើអ្វីៗ​រាល់ថ្ងៃ ​គេត្រូវការ​ភាពអង់​អាច។ ដើម្បី​បង្កើត​ឥទ្ធិពលបាន ​លោកអ្នក​ត្រូវតែ​ហ៊ានដើរ​ពីមុខ​មនុស្សក្នុង​ក្រុមលោក​អ្នក។​ លោក​អ្នក​ត្រូវតែ​ហ៊ានស្ម័គ្រ​ចិត្ត​ទទួល​យក​បញ្ហា​មក​ដោះ​ស្រាយ។

៤/ រៀនអោនលំទោន តែមិនញញើតញញើម
លោកអ្នក​មិនអាច​សម្រេច​អ្វីធំដុំក្នុង​ជីវិត​បានតាម​រយៈ​ភាព​ញញើតញញើមទេ។​ មនុស្សខ្លះ​យល់ច្រឡំ​ថា ភាព​ញញើតញញើម​ជា​ការ​ដាក់​ខ្លួន​។ ភា​ព​អោន​លំទោន​គឺជាការឈោង​ចាប់ដួង​តារា​នៅលើ​មេឃ ទាំង​ក្នុង​អារម្មណ៍​យល់​ថាខ្លួន​ឯងជា​ផ្នែកមួយ​នៃដួង​តារា​នោះ​។

៥/ រៀនពេញចិត្តចំពោះខ្លួនឯងតែមិនក្រអើតក្រទម
ដើម្បី​បង្កើត​មហិច្ឆតា​ មនុស្ស​ត្រូវតែ​ស្គាល់​ចំណុចខ្លាំង​របស់​ខ្លួន​ឯង។​ ប៉ុន្តែគន្លឹះ​ក្លាយ​ជាមេដឹក​នាំល្អ​គឺត្រូវចេះ​ពេញចិត្ត​ចំពោះ​សមត្ថភាព​ខ្លួន​ឯង​ដោយមិនមាន​ភាពក្រអើត​ក្រទម។

៦/ រៀនបង្កើតភាពរីករាយតែមិនភ្លីភ្លឺ
ក្នុង​ភាព​ជាអ្នក​ដឹកនាំ​ មនុស្ស​យើង​ត្រូវដឹង​ថាការ​បង្កើត​បរិយាកាស​រីករាយ​ជារឿង​ល្អ​ ប៉ុន្តែ​មិនត្រូវ​ធ្វើខ្លួន​ជា​មនុស្ស​ល្ងីល្ងឺទេ​។ លោក​អ្នកត្រូវ​បែង​ចែក​ឱ្យ​ដាច់រវាង​កំប្លែង​និង​សភាព​ឡប់ៗ​។

៧/ រៀនទទួលស្គាល់ការពិត
សូម​កុំកើតទុក្ខ​ទោម​នស្សនឹង​មោហៈ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ តែ​ត្រូវរៀនទទួល​ស្គាល់ថាអ្វីៗ​ដែល​លោក​អ្នក​ជួបប្រទះ​ជាបទ​ពិសោធន៍​នៃ​ជីវិត៕

ប្រភព ៖ Success Magazine

ស្ដ្រី​ម្នាក់​ក្លាយ​ជា​អ្នក​មាន​ក្រោយ​បង្កើត​កម្មវិធី​ដោយ​មិន​ចេះ​កូដ

ពេលប្តូរ​ទៅរស់​នៅកន្លែង​ថ្មី ​ស្រ្តីម្នាក់​អង្គុយ​ក្នុង​ផ្ទះ​សំឡឹង​មើលជញ្ជាំង និងគិតថា​ខ្លួន​គេចូល​ចិត្តស្នា​ដៃសិល្បៈ​ ហើយ​ពិត​ជា​ត្រូវចំណាយ​កម្លាំង​កាយចិត្ត និងពេលវេលាច្រើន​ដើម្បី​ស្វែង​រក​ស្នាដៃសិល្បៈ​ដែល​ខ្លួនចូល​ចិត្ត​នៅ​កន្លែង​ថ្មី​បែបនេះ​។ បើ​គេចង់​ស្វែង​រកអាហារ​ ភ្លេង​ សម្លៀក​បំពាក់​ និង​ខ្សែ​ភាពយន្ត​ គេ​គ្រាន់​តែ​ប្រើ​ប្រាស់កម្មវិធី​ភ្ជាប់​អ៊ីន​ថឺណិត​លើទូរសព្ទ​ដៃ ឬកុំព្យូទ័រ​ គេ​អាច​រក​បាន​យ៉ាងងាយ។​ ផ្តើម​ចេញ​ពីគំនិត​បែបនេះ​ហើយ​ លោក​ស្រី​ Tara​ Reed​ ក៏បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ Kollecto ដើម្បី​បំពេញ​កង្វះខាត​។
តាម​ពិត​លោកស្រី​ Tara​ Reed​ មិន​ចេះ​កម្មវិធី​កូដ​អ្វី​ទេ​ ដោយ​គ្រាន់តែ​ប្រើ​ប្រាស់​កម្មវិធី​ដែល​មានស្រាប់​ជា​ច្រើន​បញ្ចូលគ្នា​ដើម្បី​បង្កើតមធ្យោបាយ​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ទិញវត្ថុ​ដែល​ពិបាករក​។ ម្ចាស់​កម្មវិធី​ដែល​មិនមាន​ជំនាញ​ខាង​បច្ចេកវិទ្យា​រូបនេះ​រៀបរាប់​ថាដំបូង​ឡើយ​គេគិត​ថា​គ្រាន់​តែ​ធ្វើ​ខ្លួន​ជា​អ្នកផ្តល់​ប្រឹក្សា​ខាង​ស្នា​ដៃសិល្បៈ​តាមរយៈ​ការ​ជជែក​កម្សាន្ត​ក្នុង​កម្មវិធី​នោះទេ​ ប៉ុន្តែ​វា​ជា​រឿងដែល​លោ​កស្រី​មិន​នឹក​ស្មាន​ដល់​ថា មានអ្នក​គាំទ្រ​កាន់​តែ​ច្រើន​ឡើង​ៗ​។


រឿងរ៉ាវ​ជោគជ័យ​របស់​កម្មវិធី​ Kollecto​ កាន់​តែ​ល្បីខ្លាំង​ឡើង​ថែមទៀត​នៅ​ពេល​ម្ចាស់​កម្មវិធីនេះ​ចូល​រួម​បកស្រាយ​ក្នុង​កម្មវិធី​សិក្សាសាលា ​TEDx ​talk ​ស្តី​ពីការ​ជួយ​សហគ្រិន​ផ្សេងទៀត​ឱ្យ​បង្កើត​កម្មវិធី​ដោយ​មិន​បាច់​ចេះ​សរសេរកូដ។​ គន្លឹះ​ជោគជ័យ​ស្ថិត​នៅ​ត្រង់​ថាពេលមិន​ចេះ​សរសេរកូដ​ លោក​អ្នក​អា​ច​មាន​ពេល​ប្រឹងប្រែង​លើផ្នែក​ផ្សេង​ទៀត​ដែល​ជំរុញ​ឱ្យការងារ​កាន់តែ​ទៅមុខ​យ៉ាង​លឿន​ និងមិន​ត្រូវខ្លាច​កែប្រែ​អ្វីនោះ​ទេ៕

ប្រភព ៖ Entrepreneur

វ័យ​ណា​ទើប​បោះ​ជំហាន​ចូល​សហគ្រិនភាព​ស័ក្ដិសម​បំផុត?

ទោះបីជា​លោកអ្នកមានអាយុ១៨​ឆ្នាំ​ ឬ៦៥​ឆ្នាំក៏មិន​មានបញ្ហា​អ្វី​ដែរក្នុងការ​ចាប់ផ្តើម​អាជីព ​តាមពិត​ទៅគ្រប់អាយុទាំង​អស់សុទ្ធ​តែ​មានអត្ថ​ប្រយោជន៍​របស់វា។​ ​
ពេលមាន​សំណួរថា​ តើអាយុមានតួនាទី​សំខាន់​ប៉ុនណា​នៅ​ពេលមនុស្សចង់ធ្វើជា​សហគ្រិ​ន ​អ្នកជំនាញ​បានបកស្រាយ​ថា មនុស្សចាស់មាន​ភាពសាំញាំ​ច្រើ​ន ​វៃឆ្លាត​ខ្លាំង​ និង​គិតគូរ​ល្អិតល្អន់​ជាងមនុស្សវ័យ​ក្មេង​ ហើយ​ជាទូទៅ​មនុស្សចាស់​មានទំនាក់ទំនង​ច្រើននិង​មានអ្វីច្រើន​ដែលត្រូវខាតបង់​។ ទាំងអស់នេះ​ជា​អត្ថប្រយោជន៍ក្នុង​ពាណិជ្ជកម្ម។​ ផ្ទុយទៅវិញ​ មនុស្សវ័យ​ក្មេង​មានភាព​ភ្លីភ្លើន​ច្រើន និង​ចូលចិត្ត​ធ្វើអ្វី​តាម​អារម្មណ៍។ ​គេច្រើន​មានអំនួត​ថា គេដឹង​អ្វីៗគ្រប់យ៉ាង​ ហើយគេក៏គ្មាន​អ្វីដែល​ត្រូវខាត​បង់ទេ។​ ចរិត​បែប​នេះ​ក៏មាន​ប្រយោជន៍​ដែរសម្រាប់​សហគ្រិន។​


នៅក្នុង​ពាណិជ្ជកម្ម​ ភាព​ភ្លីភ្លើ​ក្នុង​កម្រិត​ខ្លះ​អាចជួយ​យើង​ឱ្យ​ហ៊ានប្រថុយ​ដើម្បី​ឆក់យក​ឱកាស ​វាធ្វើឱ្យ​មនុស្សគិត​បែប​សុទិដ្ឋិនិយមបាន​ច្រើន​ និង​ដាក់ខ្លួនឱ្យ​គេជួយ។​ ប៉ុន្តែការមានភាព​សាំញាំ​ខ្លះ​ក៏ល្អដែរ​ព្រោះ​វាធ្វើឱ្យ​មនុស្ស​ប្រុងប្រយ័ត្ន​គ្រប់​ជ្រុងជ្រោយ។

សរុបមក​ វា​អាស្រ័យ​លើរបៀប​ដែលយើង​មើលស្ថានការ​ជាក់ស្តែង​ វ័យ​ចាស់​និង​វ័យក្មេង​សុទ្ធ​តែល្អទាំង​អស់សម្រាប់​ភាពជា​សហគ្រិន។ អ្វីដែល​គេត្រូវ​ការសំខាន់​បំផុត​ដើម្បីជោគជ័យគឺ​​ការ​ចាប់ផ្តើម​បោះជំហាន​ទីមួយ និងបន្តដើរ​កុំឈប់​មុននឹង​ដល់​គោលដៅ។​ មនុស្ស​ម្នាក់ៗ​ មិន​ថាស្ថិត​នៅក្នុងវ័យណា​ក៏មាន​សក្តានុពល​អាចសម្រេច​សុបិនរបស់ខ្លួន​បានដូចគ្នា៕

ប្រភព ៖ Entrepreneur

ក្បួន​ទាំង​ ៦ ដើម្បី​ទាក់​ទាញ​អតិថិជន​ឱ្យ​មក​កត់​សម្គាល់​ក្រុមហ៊ុន​អ្នក

ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃចំណាប់​អារម្មណ៍​របស់​មនុស្ស​មាន​កាន់​តែ​ខ្លីទៅៗ​ ហើយ​ការទាក់ទាញ​អតិថិជន​ឱ្យងាក​មក​រកផលិតផល ឬសេវាកម្មរ​បស់​លោកអ្នក​ក៏កាន់តែ​ពិបាក​ដែរព្រោះ​មានការ​ប្រកួត​ប្រជែងច្រើន។​ ដើម្បី​បង្ហាញវត្តមាន​លេចធ្លោ​ក្នុងចំណោម​គូប្រជែង​ ក្រុមហ៊ុន​នីមួយ​ៗ​ត្រូវ​តែបង្កើត​អត្តសញ្ញាណ​ និង​ធ្វើយ៉ាង​ណាឱ្យ​មាន​ភាពច្បាស់​លាស់ និងងាយ​ស្រួល​ចំណាំ។ ខាងក្រោម​នេះ​ជាក្បួន​មួយចំនួន​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​៖
១/ យល់ថាគ្មាននរណាម្នាក់ល្អឥតខ្ចោះទេ
ទោះបី​ជាមានការ​ប្រឹងប្រែង​យ៉ាងណា​ គ្រប់មុខ​ជំនួញទាំ​ង​អស់​មានកា​រភ្លាំងភ្លាត់​ម្តងម្កាល​ជានិច្ច។​ ដូច្នេះ​ យើង​ត្រូវ​ចេះ​ទទួល​យកកំហុស និងរៀន​ពី​កំហុស​នោះ​វិញ​។

២/ ធ្វើអ្វីៗឱ្យអតិថិជនងាយស្រួលទាក់ទង
បទពិសោធ​អតិថិជន​ដែល​មានភក្តី​ភាព​កើតឡើង​នៅ​ពេល​មានទំនាក់ទំនង​បើកចំហរ​។​ ហេតុ​ដូច្នេះ​ហើយ​ ប្រសិន​បើ​ចាំបាច់​​ ត្រូវរៀប​ចំ​គេហទំព័រ​ក្រុមហ៊ុន​លោក​អ្នក​ឡើង​វិញ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​អាច​សួរ​សំណួរ ឬសម្តែងក្តី​បារម្ភ​របស់​គេ​ដោយ​ផ្ទាល់​មក​ក្រុមហ៊ុន​លោក​អ្នកបាន​។

៣/ តាំងបង្ហាញសាវតាការងារចម្រុះ
បើ​អតិថិជន​មិន​ដឹងច្បាស់​អំពីក្រុម​ហ៊ុន​របស់​លោក​អ្នក​ វាមិន​មែន​ជាកំហុស​របស់​គេទេ​។ តាម​ពិតវាជាទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ដែលត្រូវ​ចែក​រំលែកព័ត៌មាន​លម្អិត​ទាំង​អស់អំ​ពី​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នៅ​គ្រប់​មធ្យោ​បាយ​ទាំង​អស់។

៤/ លើកទឹកចិត្តឱ្យមានការនិយាយតៗគ្នា
ការ​និយាយ​តៗគ្នាពីមាត់​មួយទៅ​មាត់មួយ​ ជាមធ្យោបាយ​ល្អ​បំផុតដើម្បី​ទាក់ទាញ​អតិថិជនថ្មីៗ​។ មាន​ក្រុមហ៊ុន​ជោគជ័យ​ខ្លះ​ជំរុញ​ឱ្យអតិថិជន​ចាស់ធ្វើ​ជាអ្នកណែ​នាំ​អតិថិជន​ថ្មី​ ហើយ​គេតែងតែ​ចែករំលែក​រាល់សកម្មភាព​ទិញ​ដូរ និងថ្លែង​អំណរគុណ​ក្នុង​ឱកាស​ពិសេសៗ​ផ្សេងៗ​។

៥/ រក្សាទំនាក់ទំនងកុំឱ្យដាច់
សព្វថ្ងៃនេះ​ មនុសុ្ស​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ និង​បណ្តាញសង្គម​ដើម្បី​បង្ហាញ​អារម្មណ៍​របស់​គេនៅ​ពេលជួប​ប្រទះ​សេវាបម្រើ​អតិថិជន​មិនល្អ។​ ហេតុ​ដូច្នេះ​ហើយ​ ជារឿង​ចាំបាច់​ក្នុង​ការ​រក្សាទំនាក់ទំនង​កុំ​ឱ្យ​ដាច់​រហូតដល់​បញ្ហារបស់​អតិថិជន​ត្រូវ​ដោះ​ស្រាយបាន​រួចរាល់​។

៦/ មិនត្រូវស្កប់ស្កល់នឹងភាពល្អឥតខ្ចោះទេ
មិនខ្វល់​ថា​ក្រុមហ៊ុន​របស់លោក​អ្នកល្អ​ប៉ុនណា​ទេ​ ចំណុច​ដែល​ត្រូវស្ថាប​នា​តែងតែ​មានជានិច្ច។​ បទពិសោធន៍​វិជ្ជមាន​រាប់ឆ្នាំ​អាចនឹង​ត្រូវរលាយ​បាត់អស់នៅ​ពេលមានបញ្ហា​ត្រឹមតែមួយ​ដែល​ដោះស្រាយមិន​បាន​៕

ប្រភព ៖ Entrepreneur

វិធី​រក​លុយ​ ៧​ យ៉ាង​នៅ​ពេល​អ្នក​កំពុង​គេង​លក់

ចាស់ៗ​មួយចំនួនទូន្មាន​កូនចៅ​ឱ្យប្រុងប្រយ័ត្ន​ចំពោះ​បំណុលព្រោះ​ការ​ប្រាក់​​មិនចេះ​ដេកទេ​ ហើយក៏​គ្មាន​ថ្ងៃឈប់​សម្រាកដូច​កូនបំណុល​ដែរ។​ ប៉ុន្តែ​សព្វថ្ងៃនេះ​​គេអាចប្រើវិធីនេះ​ដើម្បីរក​លុយបាន​ដូចគ្នា។​ តើលុយ​លោកអ្នក​បង្កើត​កូនចៅទេ​នៅពេល​លោកអ្នក​កំពុង​គេងលក់?​ សាក​ពិចារណា​វិធីទាំង​៧ខាង​ក្រោមនេះ​ដើម្បីរកលុយ​នៅពេល​លោកអ្នក​កំពុង​តែ​គេង ​៖
១/ ចាប់ផ្តើមបង្កើតគេហទំព័រផ្ទាល់ខ្លួន

របៀប​មួយ​ក្នុងចំណោម​មធ្យោបាយ​រកប្រាក់​ចំណូល​ដែលហូរចូល​មិនដាច់​គឺការបង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន​មួយ។ ក្រោយ​ពីបង្កើត​បានហើយ​ លោកអ្នក​គ្រាន់តែ​ដាក់​បញ្ចូល​ពត៌មាន​ ឬទិន្នន័យ​គួរឱ្យ​ចាប់អារម្មណ៍​ដើម្បី​អ្នកផ្សេង​ចូលចិត្តមើល និង​ចែករំលែក។​ ពេល​មានមនុស្ស​ស្គាល់កាន់​តែ​ច្រើន លោក​អ្នកអាច​រកលុយ​បានតាម​រយៈ​កម្រៃ​ជើងសារ​ ផ្សាយពាណិជ្ជកម្ម​ និង​ស្វែង​រកអ្នក​ឧបត្ថម្ភ​ជាដើម។

២/ លក់ផលិតផលព័ត៌មានផ្ទាល់ខ្លួន
ប្រសិនបើ​លោកអ្នក​មាន​ចំណេះ​ដឹងច្បាស់លាស់​ក្នុង​ជំនាញណាមួយ​ លោក​អ្នកអាច​ចាប់ផ្តើម​បង្កើត​ផលិត​បាន​ហើយដូចជា​ សៀវភៅ​អេឡិចត្រូនិក​ ឬ​វីដេអូ​ជាដើម។

៣/ រកលុយតាមរយៈការលក់កម្មសិទ្ធិ
ប្រសិន​បើលោកអ្នក​ជាអ្នកមាន​ទេពកោសល្យ​ខាងភ្លេង​ សម្តែង​ ឬ​តែងនិពន្ធ​ លោក​អ្នក​អាចរកប្រាក់​ចំណូល​បាន​តាម​រយៈ​ការ​លក់កម្មសិទ្ធិបញ្ញា​ពីស្នា​ដៃលោកអ្នក។​ បើ​និយាយមួយ​បែបទៀត​មានន័យថា​ មនុស្សដែល​ប្រើប្រាស់​ស្នាដៃលោក​អ្នកនឹង​បង់ប្រាក់ជូន​លោកអ្នក​។

៤/ បង្កើតសមាជិកសហគមន៍
ប្រសិន​បើលោកអ្នកពិត​ជាមានទេពកោសល្យ​ច្បាស់​លាស់មែន​ លោកអ្នក​អាចបង្កើត​សហគមន៍​មួយដែល​ត្រូវ​ឱ្យ​មានមនុស្ស​ចុះឈ្មោះ​ចូល​ជាសមាជិក​។ ពេលនោះ​លោក​អ្នក​នឹងមានប្រាក់​ចំណូល​ប្រចាំខែ​នៅពេលចែក​រំលែក​ព័ត៌មាន ឬស្នាដៃ​ល្អៗទៅកាន់​សមាជិក។

៥/ បង្កើតប្រព័ន្ធឆ្លើយតបស្វ័យប្រវត្តិ
គំរូ​​ពាណិជ្ជកម្មតាម​អ៊ីនថឺណិត​មួយ​បែបទៀត​គឺការ​ប្រើប្រាស់ប្រព័ន្ធឆ្លើយ​តប​ស្វ័យប្រវត្តិ​ដើម្បី​លក់​សេវាកម្ម​ ផលិតផល​ ឬសមាជិកភាព។​ តាមរយៈ​មធ្យោបាយ​នេះ​ មនុស្ស​ដែល​ផ្តល់ទំនាក់ទំនង​នៅលើគេហទំព័រ​លោកអ្នក​នឹងទទួល​បាន​សារឆ្លើយ​តប​ស្វ័យប្រវត្តិ​ដែលមាន​ភ្ជាប់ព័ត៌មាន​ត្រូវ​ផ្តល់​ឱ្យ​ជាស្រេច។

៦/ ទិញលក់គេហទំព័រ
ប្រសិន​បើលោកអ្នក​បានចំណាយ​ពេល និងប្រឹងប្រែង​បង្កើតបាន​គេហទំព័រ​មួយ​ រួចមា​នមនុស្សស្គាល់​ច្រើន​ ពេល​នោះលោក​អ្នកក៏អាច​លក់វា​ទៅឱ្យបុគ្គល ឬក្រុមហ៊ុន​ណា​ដែលចាប់​អារម្មណ៍​បានដែរ​។

៧/ លក់ផលិតផល
ដូចគ្នា​នឹងការបង្កើត​គេហទំព័រ​ផ្ទាល់ខ្លួនដែ​រ​ នៅ​មានមធ្យោបាយ​ជាច្រើន​ទៀតដើម្បី​រកប្រាក់ចំណូល​តាម​រយៈការលក់​ផលិតផល។​ ឧទាហរណ៍​ដ៏ពេញ​និយម​មួយ​គឺលោក​អ្នកអាច​លក់វត្ថុ​លែង​ត្រូវការ​នៅ​តាមអ៊ីន​ថឺណិត​ដូចជា​ eBay​ ឬ Amazon៕

ប្រភព ៖ Entrepreneur