Filled Under:

៧ជំហានដើម្បីក្លាយជាសហគ្រិនជោគជ័យ

ភាពជោគជ័យ​ក្នុងជីវិតសហគ្រិន​ត្រូវការប្រឹងប្រែង​ខ្លាំងមិនរាថយ​ដោយសារ​មិនមាន​ទេវតាណា​នាំយកទឹកមន្ត​ជោគជ័យ​មកឱ្យបុគ្គលណា​មួយដែលដេកចាំ​តែសំណាងនោះទេ​។ សហគ្រិន​ជោគជ័យភាគ​ច្រើនដើរតាមមាគ៌ា​ស្រដៀងគ្នា​និងមានអត្តចរិត​ប្រហាក់​ប្រហែលគ្នា​។
ខាងក្រោមនេះ​ជាចំនុចមួយចំនួន​ដើម្បីពិចារណា​ ប្រសិនបើលោកអ្នក​ចង់បង្កើត​មុខជំនួញដោយខ្លួនឯង​៖


១/​​ ស្រឡាញ់​អ្វីដែលអ្នកធ្វើ
ឆន្ទៈជាចង្កូតក្នុងការតម្រង់​ទិសដៅយុទ្ធ​សាស្រ្តមុខជំនួញ​ឱ្យទៅមុខជានិច្ច​។​ បើការប្រឹង​ប្រែងមិនពេញ​លេញនោះ​ សហគ្រិនមិន​ងាយសម្រេច​បានជោគជ័យឡើយ​។ លោក​ Abraham Lincoln​ ធ្លាប់បរាជ័យច្រើន​បំផុតក្នុងជីវិត​ ប៉ុន្តែលោកមិនបោះ​បង់ការព្យាយាម​ម្តងណាឡើយ​ រហូត​ដល់ទីបំផុតបាន​ក្លាយជាប្រធានាធិបតី​គំរូមួយរូប​របស់សហរដ្ឋអាមេរិក​។

២/​ បោះមួយ​ជំហានម្តង​
រៀនរត់មុនពេលចេះដើរ​មិនអាចទៅរួចទេ។​ ការគ្រប់គ្រងហានីភ័យ​គឺជាកត្តាចាំបាច់មួយ​ក្នុង​ពេលចាប់ផ្តើម​មុខជំនួញថ្មី។​ ដូច្នេះហើយត្រូវ​ចេះរៀនស្គាល់​តុល្យភាព​ក្នុងដំណើររបស់​ខ្លួនដើម្បីឱ្យដឹងថា​តើលោកអ្នក​អាចបោះជំហាន​​បានធំប៉ុណ្ណា។​

៣/​ រៀន​សូត្រ​ពីអ្នក​ដទៃ
សហគ្រិនជោគជ័យ​ច្រើនតែធ្វើការឱ្យ​អ្នកដទៃមុនពេលចាប់​ផ្តើមអាជីវកម្មផ្ទាល់ខ្លួន​។ ​ការចំណាយពេលពីរបីឆ្នាំ​ដើម្បីក្រេបជញ្ជក់យកបទពិសោធន៍​ពីបុគ្គលគំរូ​នឹងជួយបង្កើត​បាន​មូលដ្ឋាន​នៃចំណេះនិងជំនាញ​ក្នុងការចាប់ផ្តើមមុខជំនួញ​របស់លោកអ្នក។​ សូម្បីតែ​បរាជ័យ​របស់អ្នកដទៃ​ក៏អាចជាមេរៀនបាន​ដែរប្រសិនបើលោក​អ្នកយកវាមករិះគិត​រកដំណោះស្រាយបាន។

៤/​ កុំនៅ​ទំនេរស្ងៀម
សហគ្រិនជាមនុស្សដែ​លមិនចេះនៅស្ងៀម។​ គេមិនអាច​នៅអង្គុយ​ស្ងៀមវិភាគ​វែកញែក​បញ្ហាគ្រប់ចំណុច​នោះទេ។​ គ្មានកន្លែង​សម្រាប់​ការអូសបន្លាយ​ពេលវេលាទេ​ក្នុងការចាប់​ផ្តើមអាជីវកម្ម។​ ក្រោយ​ពីពិនិត្យមើលរាល់​ជំហាន​ដែលត្រូវដើរ​រួចមក​ លោក​អ្នកមិន​ត្រូវបង្អង់ពេល​ចាប់ផ្តើមឡើយ​។ ​សូមជឿជាក់​លើអារម្មណ៍​ខ្លួនឯង​។

៥/​ បង្កើត​ផែនការ
ព្យាយាម​អានស្វែង​យល់រឿងរ៉ាវ​អាជីវកម្ម​ជោគជ័យ។ សូមស្រូបជញ្ជក់​យកចំណេះដឹង​ដែលសហគ្រិន​ជោគជ័យ​បានបន្សល់​ទុកឱ្យដូចជា​លោក​ Jack Ma​ លោក Steve Jobs​ និង​លោក Bill Gates ជាដើម។​ ផែនការពាណិជ្ជកម្ម​ជោគជ័យមិនចាំបាច់​ទាល់តែសរសេរ​ចេញជាសៀវភៅ​នោះទេ​។

៦/ ​ការចាប់ផ្តើម​មិនដែលហួសពេលទេ
សហគ្រិនជោគជ័យជា​ច្រើននាក់ចាប់ផ្តើម​នៅក្នុងពេលពាក់​កណ្តាល​ឬពេលជ្រេ​នៃជីវិត​ ដូចជាលោកស្រី​ J. K. Rowling ​អ្នកនិពន្ធសៀវភៅរឿង​ Harry Potter ​លោក​ Sam Walton ស្ថាបនិកបណ្តាញផ្សារ​ទំនើប​ Wal-Mart​ និងលោក​ Colonel ​Sanders ​ស្ថាបនិក​ភោជនីយដ្ឋាន KFC ជាដើម។

៧/ ​យកចិត្ត​ទុកដាក់គ្រប់​ពេល​លើឥរិយាបថ
ឥរិយាបថ​របស់ស្ថាបនិកស្ថាប័ន​ជាកញ្ចក់ឆ្លុះបញ្ចាំង​នូវក្រមសីលធម៌​របស់មុខ​ជំនួញដែល​គេបង្កើតឡើង។​ គំនិតអវិជ្ជមាន​ ភាពខ្ជិលច្រអូស​ និងការខ្ជីខ្ជា​ពេលវេលា​និងលុយឥត​ប្រយោជន៍​នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ។​ ការប្រឈមនឹង​ឧបសគ្គមិនចេះ​ព្រមរាថយជាកត្តា​កំណត់​ភាពជោគជ័យ​របស់​អ្នកដឹកនាំមុខជំនួញ​៕

ប្រភព ៖ Entrepreneur

0 comments:

Post a Comment