Filled Under:

វិធី​៣​យ៉ាង​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​ដោយ​មិនបាច់​មាន​លុយ​ច្រើន

លោកអ្នកមិនចាំបាច់​មានលុយច្រើន​ដើម្បីផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្រុមហ៊ុនរបស់​លោកអ្នកទេ។​ អ្វីដែល​លោកអ្នកត្រូវ​មានចាំបាច់​គឺភាពច្នៃ​ប្រឌិត។​ ត្រូវស្គាល់​អតិថិជន​ឱ្យបានច្បាស់ ​ ហើយអនុវត្ត​តាមវិធីទាំង៣​យ៉ាងនេះ​៖
១/ អប់រំអតិថិជនលោកអ្នក

មធ្យោបាយ​ល្អបំផុតដើម្បី​បង្កើតមូលដ្ឋាន​ឱ្យអតិថិជន​ទុកចិត្ត​គឺត្រូវបង្រៀន​និងជួយពួក​គេឱ្យចេះដោះ​ស្រាយបញ្ហា​មុនពេលគេ​ទិញផលិតផល​ឬ​ប្រើប្រាស់សេវាកម្ម​លោកអ្នក។​ លោកអ្នកអាច​ប្រើប្រាស់​បណ្តាញ​សង្គម​ឬផ្ញើ​សារ​ប្រចាំសប្តាហ៍​តាមអ៊ីនថឺណិត។​ បើលោក​អ្នកគ្មានពេល​ឬជំនាញ​ខាង​សរសេរ​ទេ លោកអ្នក​អាចជួលអ្នកជំនាញ​បានដោយប្រើប្រាស់​ថវិកាអស់តិច​តែ​ទទួលបានផលច្រើន​មកវិញ។​ ព្យាយាមធ្វើយ៉ាងណា​បង្ហាញសារ​ដែលមាន​លក្ខណៈអប់រំ ឬជួយអតិថិជន​ជាជាងប្រឹងប្រែង​និយាយ​តែពីខ្លួនឯង​ឱ្យគេស្តាប់។​ បើធ្វើត្រូវ​ លោកអ្នកមិន​បាច់អួតខ្លួនទេ​ អតិថិជន​នឹងជួយលើក​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុនលោកអ្នកមិនខាន​ឡើយ​។

២/ បង្កើតបញ្ជី email ឱ្យបានច្រើនតាំងពីដំបូងទៅ
មិនគ្រាន់តែប្រមូល​ email ​យកមករក្សា​ទុកទេ​ តែត្រូវប្រើប្រាស់​ឬផ្ញើរ​សារសួរសុខទុក្ខ​ទាក់ទង​ឱ្យបានញឹកញាប់។​ លោកអ្នកអាច​ធ្វើបែបនេះ​បានតាមរយៈការផ្ញើ​សារព័ត៌មាន​ប្រចាំសប្តាហ៍។​  សូមចងចាំ​ដែរថា​ លោកអ្នកមិន​ចាំបាច់តែជាអ្នកបង្កើត​ព័ត៌មាននោះទេ​ លោកអ្នក​ក៏អាចធ្វើ​ជាអ្នកផ្តល់​ព័ត៌មាន​ ឬចែករំលែក​ព័ត៌មានបានដែរ។​ បណ្តាញសង្គម​ជាកន្លែងដែល​មនុស្សជា​ច្រើនប្រើប្រាស់​ញឹកញាប់​ប្រចាំថ្ងៃ​ ដូច្នេះ​សូមកុំមើលរំលង​ ហើយព្យាយាម​ឆ្លយើ​តបរាល់ចម្ងល់​ ឬសំណួរ​របស់អតិថិជន​ឱ្យបានកាន់តែឆាប់​ កាន់តែ​ប្រសើរ។

៣/ ប្រើប្រាស់អតិថិជនដែលមានស្រាប់ដើម្បីពង្រីកពាណិជ្ជកម្ម
អ្នកជំនួញ​ទូទៅ​គិតតែពីព្យាយាម​បង្កើតអតិថិជនថ្មី ​តែច្រើន​ភ្លេចថែរក្សា​ឬធ្វើទីផ្សារ​ជាមួយ​អតិថិជន​ដែលជឿជាក់​រួច​ជាស្រេច​លើផលិតផល​ឬសេវាកម្មលោកអ្នក។​ មានវិធីងាយ​ដើម្បីធ្វើទីផ្សារ​ជាមួយអតិថិជន​ដែលមាន​ស្រាប់ដូចជា​៖
  • សុំឱ្យអតិថិជន​ជួយផ្តល់ការវាយ​តម្លៃតាម​ email​ ឬបណ្តាញ​សង្គម ដោយចង្អុល​បង្ហាញ​គេឱ្យប្រៀបធៀប​ជាមួយនឹង​ក្រុមហ៊ុន​ផ្សេង​ទៀតតើមា​នអ្វីដែលល្អ​និងអ្វីដែល​ត្រូវអភិវឌ្ឍ។
  • សុំឱ្យអតិថិជនជួយ​ផ្សព្វផ្សាយតៗ​គ្នានូវផលិតផល​ថ្មី ឬ​សេវា​កម្មថ្មីដែល​លោកអ្នក​បង្កើតឡើង។
  • ធ្វើឱ្យអតិថិជន​សប្បាយចិត្ត​ តាមរយៈ​ការបង្ហាញក្តី​បារម្ភ​និងការយកចិត្តទុកដាក់​ដូចជាផ្ញើ​សារអរគុណ​ ឬបញ្ចូលឈ្មោះ​ពួកគេទៅ​ក្នុងក្រុមនៅ​លើបណ្តាញ​សង្គមដើម្បីឱ្យ​គេអាចយល់​ដឹងដំណើរ​វិវឌ្ឍថ្មីៗ​របស់ក្រុមហ៊ុន៕

ប្រភព ៖ Entrepreneur

0 comments:

Post a Comment