ដើម្បីក្លាយខ្លួនទៅជាសហគ្រិនម្នាក់មិនចាំបាច់ថា អ្នកត្រូវមានជំនាញមួយខ្លាំង បទពិសោធន៍ក្រាស់ក្រែល ឬអាយុច្រើននោះទេ។ អ្នកអាចចាប់ផ្ដើមពីគ្រប់កន្លែង គ្រប់វ័យ និងគ្រប់ពេលវេលា អ្វីដែលសំខាន់នោះគឺអ្នកចង់បង្កើតអ្វី ហើយចង់ធ្វើវាកម្រិតណា។ ចំណុចខាងក្រោមអាចជំរុញចិត្ត និងតម្រង់ទិសអ្នកថា មិនចាំបាច់មានអ្វីក៏អ្នកអាចចាប់ផ្ដើមបានដែរ។
ប្រភព៖ inc
១៖នៅក្មេង ហើយគ្មានបទពិសោធន៍អត់បញ្ហា
គ្មានបទពិសោធន៍មិនត្រឹមតែមិនមែនជាឧបសគ្គទេ តែពេលខ្លះវាអាចជាគុណសម្បត្តិទៅវិញ។ មិនដឹងពីអ្វីដែលខ្លួនកំពុងធ្វើមានន័យថា អ្នកមិនដឹងពីអ្វីដែលអ្នកដទៃកំពុងធ្វើលើរឿងនេះដូចគ្នា។ ពេលខ្លះការមិនដឹងនេះ ធ្វើឲ្យអ្នកបង្កើតគំនិតថ្មីប្លែកដែលមិនធ្លាប់មាននរណានឹកដល់។ ដូចករណី អ្នកនាង Sara Blakely ជាស្ថាបនិក និងម្ចាស់ក្រុមហ៊ុន Spanx បានចែករំលែកក្នុងកម្មវិធី Global Showcase ថា ដើម្បីបង្កើតមុខជំនួញរបស់នាងឡើង នាងព្យាយាមគិតថា តើនាងអាចធ្វើកិច្ចការនីមួយៗយ៉ាងម៉េចបើសិនជានាងមិនដឹងអ្វីទាំងអស់។ វិធីសាស្ត្រនេះ បានបង្កើតនូវការគិតថ្មី ដែលអាចជាហេតុផលមួយឲ្យអ្នកបង្កើតជំនួញមួយដោយមានគំនិតល្អៗយកមកបញ្ចូលជាជាងអង្គុយរង់ចាំឱកាសមកដល់។
២៖ ចូលរួមការងារសហគមន៍
ដើម្បីជំរុញចិត្ត និងទទួលយកថាមពលផ្លូវចិត្តលើភាពជាសហគ្រិន មិនចាំបាច់ទាល់តែចូលរួមសិក្ខាសាលាធំៗនិយាយពីសហគ្រិនទេ។ អ្នកអាចទាក់ទងអ្នកដែលកំពុងធ្វើជាសហគ្រិន ព្យាយាមស្វែងយល់ ហើយអង្កេតមើលថា តើពួកគេបញ្ជ្រាបគំនិតទៅក្នុងគម្រោងអាជីវកម្មដូចម្ដេច ហើយបន្ទាប់មករៀនពីចំណុចទាំងនោះ។ មនុស្សប្លែកៗដែលអ្នកជួបនៅក្នុងសង្គមអាចនឹងក្លាយជាគ្រូដើម អ្នកផ្ដល់ប្រឹក្សា ឬក៏ជាអ្នកវិនិយោគក៏ថាបាន។ តែដើម្បីបង្កើតឱកាសឲ្យខ្លួនឯងគឺអ្នកផ្ទាល់ត្រូវចូលរួមសង្គម ត្រូវទៅស្គាល់ពួកគេមុន ព្រោះពួកគេទាំងនោះមិនមករកអ្នកមុនឡើយ។
៣៖ ជ្រើសរើសគ្រូដើមជំរុញចិត្ត
ជាទូទៅសហគ្រិនថ្មោងថ្មី និងយុវជនក្មេងៗ តែងលើកយកសម្ដីបុគ្គលជោគជ័យ និងសហគ្រិនល្បីឈ្មោះក្នុងតំបន់ពួកគេមកនិយាយ ព្រោះសកម្មភាព និងសម្ដីរបស់អ្នកទាំងនោះមានឥទ្ធិពលជំរុញឲ្យពួកគេចង់ចាប់ផ្ដើមអ្វីមួយដោយខ្លួនឯង និងចង់ទទួលបានជោគជ័យដូចនោះដែរ។ ដូច្នេះ បើអ្នកចង់ធ្វើអ្វីមួយតែមិនដឹងទៅផ្លូវណា អាចជ្រើសរើសបុគ្គលជោគជ័យ ឬអ្នកជំនាញក្នុងវិស័យដែលអ្នកចង់ប្រឡូកចូលមកធ្វើជាគ្រូដើម ហើយរាល់ពេលដែលអ្នកជួបបញ្ហាអាចគិតដល់គ្រូដើមរបស់អ្នក និងសមិទ្ធផលដែលគាត់សម្រេចដើម្បីជំរុញចិត្តអ្នកឲ្យពុះពារជម្នះបន្ថែមទៀតឆ្ពោះទៅរកជោគជ័យ។
ឃើញទេ ចំណុចខាងលើបញ្ជាក់យ៉ាងច្បាស់ថា មិនចាំបាច់ទាល់តែមានបទពិសោធន៍ទើបអាចចាប់ផ្ដើមអាជីវកម្មអ្វីមួយដោយខ្លួនឯងទេ។ សំខាន់អ្នកមានគំនិត និងមហិច្ឆតា ហើយចាប់ផ្ដើមធ្វើសកម្មភាពពីឥលូវនេះ។ គ្រប់ជំហានដែលអ្នកដើរមិនថា ជោគជ័យ ឬបរាជ័យទេ អ្នកនឹងទទួលបានមកវិញនូវបទពិសោធន៍មិនអាចកាត់ថ្លៃបាន៕
ប្រភព៖ inc

0 comments:
Post a Comment